រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបើកកិច្ចប្រជុំរួមមួយ ជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅក្រៅប្រទេសទាំងអស់ ក្នុងគោលបំណងដើម្បីឲ្យអ្នកទាំងនោះ ពង្រឹងការយកចិត្តទុកដាក់ទៅលើពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ការថ្លែងបែបនេះធ្វើទ្បើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣០ មករា ឆ្នាំ២០១៦។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើទ្បើងថា ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជាទាំងអស់ ដែលកំពុងតែបំពេញបេសកម្មរបស់ខ្លួននៅក្រៅប្រទេស ត្រូវតែអនុវត្តការងាររបស់ខ្លួនឲ្យបានល្អ ជាពិសេសត្រូវយកចិត្តទុកដាក់ពលករខ្មែរដែលចេញទៅបម្រើការងារនៅឯក្រៅប្រទេស។
នៅក្នុងខ្លឹមសារកិច្ចប្រជុំមួយត្រូវបានបង្ហោះនៅក្នុងគណនេយ្យ ហ្វេសប៊ុក របស់ លោក ហោ ណាំហុង កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៦ម្សិលមិញ មានខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ ធ្វើការណែនាំឲ្យឯកអគ្គរាជទូត និង អគ្គកុងស៊ុលទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានល្អ យកចិត្តទុកដាក់ដល់ការការពារ និងជួយឲ្យបានជាអតិបរមានូវរាល់បញ្ហារបស់ពលរដ្ឋកម្ពុជា ពិសេសគឺពលករទាំងស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃ នៅសាធារណៈរដ្ឋកូរ៉េ ហើយនិងបញ្ហាស្ត្រីខ្មែរនៅប្រទេសម៉ាឡេស៊ី និងប្រទេសចិន ជាដើម។
ទាក់ទងនឹងការថ្លែងខាងលើនេះដែរ នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលាបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រី នៃWMC នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០១៦ថា លោក សាទរទៅនឹងការជំរុញរបស់ លោក ហោ ណាំ ហុង ដែលឲ្យឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស ត្រូវពង្រឹងការយយកចិត្តទុកដាក់ទៅលើពលករ ដែលកំពុងតែបម្រើការងារនៅក្រៅប្រទេស។
លោក មឿន តុលា៖ «សំរាប់ខ្ញុំ ខ្ញុំគាំទ្រចំពោះចំណាត់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលជំរុញឲ្យស្ថានទូតខ្មែរយើង ក៏ដូចជាស្ថានកុងស៊ុលខ្មែរយើងនៅបណ្តាប្រទេសទាំងអស់ហ្នឹង លោកមានការពង្រឹងនៅកិច្ចការងារបស់ខ្លួនយើងទ្បើងវិញ ខ្ញុំគិតថាកុំមើលរឿងបក្ស យើងមើលរឿងប្រជាពលរដ្ឋជាធំ..»។
លោក មឿន តុលា បន្ថែមទៀតថា ដើម្បីឲ្យការជំរុញខាងលើនេះមានប្រសិទ្ធភាព ទាល់តែក្រសួងការបរទេសមានការពិន័យរដ្ឋបាលឲ្យបានច្បាស់លាស់ ទៅដល់មន្ត្រីណាដែលមិនគោរពតាមតួនាទីរបស់ខ្លួន។
លោក មឿន តុលា ក៏បានបញ្ជាក់ផងដែរថាតាមការសង្កេតឃើញរបស់លោក កន្លងមកនេះពលករខ្មែរ ដែលបានទៅបម្រើការងារនៅក្រៅប្រទេស បានជួបបញ្ហាប្រឈមជាច្រើន រហូតដល់ពួកគេបានរិះគន់ថា ស្ថានទូតកម្ពុជានៅក្រៅប្រទេសមានការយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាជូនពួកគេ នៅពេលដែលពួកគេត្រូវការជំនួយពីស្ថានទូតកម្ពុជានៅប្រទេសដែលពួកគេកំពុងបម្រើការងារ។
«ទី០១គឺដូចនៅប្រទេសថៃអញ្ចឹងពលករខ្មែរយើងរអ៊ូថាគាត់ពិបាកនឹងទំនាក់ទំនងទៅខាងស្ថានទូតខ្មែរយើងនៅពេលដែលមានបញ្ហាហ្នឹងគឺបុគ្គលិកស្ថានកំរនឹងចុះមកណាស់ទាល់តែថារឿងហ្នឹងវាធ្ងន់ធ្ងរធំដំមែនទែនហើយទើបឃើញបុគ្គលិកស្ថានទូតខ្មែរយើងចុះទៅ…»។
សូមជម្រាបជូនផងដែរថាខ្លឹមសារសំខាន់ៗមួយចំនួនដែលបានបង្ហោះនៅក្នុងគណនេយ្យហ្វេសប៊ុក របស់ លោក ហោ ណាំហុង នៅក្នុងកិច្ចប្រជុំជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុល កាលពីថ្ងទី៣០ ខែមករា រួមមាន ជំរុញឲ្យឯកអគ្គរាជទូត និងអគ្គកុងស៊ុល នៅប្រទេសថៃ ត្រូវបន្តជំរុញឲ្យអាជ្ញាធរថៃផ្តល់ប័ណ្ណការងារ (Work Permit) និងទិដ្ឋាការស្នាក់នៅដល់ពលករខ្មែរ ដោះស្រាយរាល់ការរំលោភបំពានផ្សេងៗរបស់និយោជកមកលើពលករខ្មែរ ផ្តល់ការគាំទ្រផ្នែកច្បាប់ និងការផ្តល់មេធាវីក្នុងករណីឡើងតុលាការ រាល់ការចេញលិខិតបញ្ជាក់ផ្សេងៗ និងការផ្តល់សេវាកុងស៊ុល ត្រូវធ្វើដោយឥតគិតថ្លៃ និងឆាប់រហ័សទាន់ពេលវេលាជាដើមឮ៕