លោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ ក្រោយសនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២២។
លោក កឹម សុខា ដែលធ្លាប់ជាប្រធាន អតីតគណបក្សសង្គ្រោះជាតិ ហើយដែលកំពុងជាប់ទោសត្រូវឃុំខ្លួននៅផ្ទះ២៧ឆ្នាំ នៅតែបន្តអះអាងពីភាពស្អាតស្អំរបស់ខ្លួនថាមិនបានគប់គិតជាមួយរដ្ឋបរទេសដូចការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញ ដែលបានសម្រេចកាត់ទោសពីបទ «ក្បត់ជាតិ» នោះទេ ខណៈអង្គសវនាការនៅថ្ងៃទី៤ មេសា ឆ្នាំ២០២៤ បានសួរដេញដោលលើអង្គហេតុចំនួន៣។ លោក គីម ចាន់ចាវ រាយការណ៍
សាលាឧទ្ធរណ៍ នៅតែបន្តលើកឡើងពីការធ្វើបាតុកម្ម និងយុទ្ធនាការនានាក្រោយព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ២០១៣ ដូចជាការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងការដាក់កម្រងផ្កា នៅទីលានប្រជាធិបតេយ្យ។ សកម្មភាពទាំងនេះហើយ ដែលតុលាការចោទលោកថា មានចេតនាធ្វើបដិវត្តន៍ពណ៌។ លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង ចម្បងមួយនៅកម្ពុជា បានបដិសេធនៅក្នុងសវនាការនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ថា លោកពុំជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងនោះទេ តែលោកនៅតែបង្ហាញចេតនាចង់ចរចាដើម្បីដោះស្រាយសំណុំរឿងក្បត់ជាតិដែលលោកកំពុងជាប់ទោស។
មេធាវីការពារក្តីម្នាក់របស់លោក កឹម សុខា អ្នកស្រី ម៉េង សុភារី បានឱ្យដឹងថា នៅក្នុងសវនាការលើកទី៦ នៅសាលាឧទ្ធរណ៍នេះ លោក កឹម សុខា លោកនៅតែបន្តជ្រើសរើសយកដំណោះស្រាយចរចាគ្នាជានិច្ច បើទោះបីជា តុលាការរងការរិះគន់ក្ដី ហើយលោកបន្តអះអាងថា លោកមិនបានក្បត់ជាតិដូចការចោទប្រកាន់របស់តុលាការឡើយ។
«សំណុំរឿងនេះមិនមែនសំណុំរឿងកាត់ក្ដីគណបក្សសង្គ្រោះជាតិទេ គឺជាសំណុំរឿងកាត់ក្ដីបុគ្គល ហើយតាមគោលការណ៍ក្រមព្រហ្មទណ្ឌមាត្រា២៤ បុគ្គលណាធ្វើគឺបុគ្គលហ្នឹងទទួលខុសត្រូវ គោលការណ៍ច្បាប់របស់យើងនិយាយថា គឺក្បាលអ្នកណាសក់អ្នកហ្នឹង ហើយបើចង់ថា សក់អ្នកណាក្បាលអ្នកហ្នឹង ប៉ុន្តែអ្នកសមគំនិត អ្នកចូលរួមក៏ត្រូវមានទោសដែរ។ ចឹងត្រូវរកចារីហ្នឹងឱ្យឃើញ ចាំមកកាត់ទោសអ្នកសមគំនិត។ គាត់(លោក កឹម សុខា) បញ្ជាក់ថា គាត់អត់ក្បត់ជាតិជាដាច់ខាត ទោះជាយកកំាភ្លើងមកភ្ជង់គាត់ក៏គាត់អត់ធ្វើដែរ ព្រោះប្រទេសជាតិនេះ ជាប្រទេសជាតិរបស់គាត់ ហើយគាត់ក៏អត់មានរត់ទៅណាដែរ គឺគាត់នៅតែប្រឈមមុខដោះស្រាយបញ្ហរបស់គាត់នៅក្នុងតុលាការ ទោះបីជាគាត់បានបញ្ជាក់នៅក្នុងតុលាការថា ទោះបីជាគេរិះគន់ថាតុលាការហ្នឹងយ៉ាងម៉េចៗៗ អញ្ចេះអញ្ចុះ ក៏ដោយ ប៉ុន្តែក្នុងនាមគាត់ជាពលរដ្ឋខ្មែរសុខចិត្តយកដំណោះស្រាយតាមផ្លូវតុលាការ ហើយក៏គាត់នៅតែរង់ចាំដំណោះស្រាយ…ក៏គាត់នៅតែប្រកាន់យក ជ្រើសរើសយកការចរចាគ្នាដែរ ចាស៎។ »
អ្នកស្រី ម៉េង សុភារី មេធាវីការពារក្តីម្នាក់របស់លោក កឹម សុខា ក្រោយក្នុងសវនាការលើកទី៦ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤
ចំណែកមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលបានចូលរួមតាមដានសវនាការ បានឱ្យដឹងថា អង្គសវនាការនេះបានជជែកដេញដោលលើអង្គហេតុចំនួន៣ គឺទី១ ថ្ងៃចន្ទពណ៌ខ្មៅ ទី២ ផ្កាឈូក និងទី៣ កណ្ដាប់ដៃ។ លោកថា លោ កឹម សុខា នៅតែបដិសេធថាលោកពុំបានគប់គិតជាមួយបរទេសនោះទេ។
«ពាក់ព័ន្ធទៅនឹងការធ្វើយុទ្ធនាការនេះគឺជនជាប់ចោទថា នេះមិនមែនជាយុទ្ធនាការរបស់គាត់ទេ ហើយយុទ្ធនាការនេះដូចជាយុទ្ធនាការកណ្ដាប់ដៃ ឬមួយក៏ផ្កាឈូ ឬមួយក៏ថ្ងៃចន្ទពណ៌ខ្មៅ។ អាផ្កាឈូកហ្នឹង ដូចជាអាការបង្កើតព្រឹត្តិការណ៍ច្បិចៗយកមកចោទប្រកាន់គាត់ថា គាត់ធ្វើយុទ្ធនាការដោយខុសច្បាប់ចឹងណា៎។ ចុងក្រោយពាក់ព័ន្ធនឹងយុទ្ធសាស្ត្រៗហ្នឹង អ្វីដែលពួកគាត់រៀនហ្នឹងគឺថា គាត់បកស្រាយទាំងយុទ្ធសាស្ត្រ គឺយុទ្ធសាស្ត្រខ្លៅខ្លាចឃ្លាន។ អានេះយុទ្ធសាស្ត្រគាត់ គឺគាត់ចង់ឱ្យប្ដូរ ពីខ្លៅខ្លាចឃ្លាន ឱ្យលុបបំបាត់ខ្លៅខ្លាឃ្លានហ្នឹងឱ្យក្លាយទៅជាសង្គមមួយឱ្យប្រជាពលរដ្ឋហ្នឹងលែងខ្លៅ លែងឃ្លាន ហើយលែងខ្លាច។»
លោក យី សុខសាន្ត មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ក្រោយក្នុងសវនាការលើកទី៦ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤
លោក កឹម សុខា ត្រូវបានសមត្ថកិច្ច ចូលទៅចាប់ខ្លួនដល់ផ្ទះ នៅកណ្ដាលយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយមកគណបក្សសង្គ្រោះជាតិរបស់ ត្រូវបានតុលាការកំពូល ប្រកាសរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកឃ្លាំមើលសិទ្ធមនុស្សអង្គការសហប្រជាជាតិ មកតាមដានសវនាការលើកទី៦ របស់លោក កឹម សុខា នៅសាលាឧទ្ធរណ៍ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤
ត្រូវតតាំងអស់រយៈពេល៥ឆ្នាំ ៦ខែ សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ។ អ្នកនយោបាយដែលធ្លាប់អះអាងខ្លួនថាគំរាមមិនព្រឺសំឡុតមិនខ្លាចរូបនេះ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានភ្នំពេញចេញសាលក្រមសម្រេចផ្ដន្ទាទោស ជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ តែត្រូវឃុំខ្លួន នៅក្នុងផ្ទះ របស់លោក ហើយត្រូវដកសិទ្ធិនយោបាយជាស្ថាពរ ដែលមានន័យថា មិនអាចធ្វើនយោបាយអស់មួយជីវិត។ ក្នុងពេលអនុវត្តទោសដោយឃុំខ្លួននៅផ្ទះ លោកត្រូវបានដាក់ ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវ តុលាការ ដោយហាមទំនាក់ទំនងជាមួយបុគ្គលផ្សេងៗ ទាំងជនជាតិ ខ្មែរ និង ជនបរទេស លើកលែងតែក្រុមគ្រួសាររបស់លោក។ លើសពីនេះ តុលាការព្រមានថា ប្រសិនបើប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បំពានលក្ខខណ្ឌ ទាំងនេះ សមត្ថកិច្ចនឹងចាប់ខ្លួនលោក ទៅឃុំនៅពន្ធនាគារ ភ្លាមៗ៕