ស្ត្រីមេផ្ទះមួយរូបវិវត្តជីវភាព ពីការនៅតែផ្ទះនិងធ្វើស្រែចម្ការ មកចិញ្ចឹមមាន់ស្រែនិងក្រោយមកបានក្លាយជាគ្រូបង្គោលកសិកម្មក្នុងសហគមន៍។ ចាប់តាំងពីងាកមកចិញ្ចឹមមាន់ស្រែបន្ថែមនេះ បានធ្វើឱ្យជីវភាពរបស់អ្នកស្រី ល្អប្រសើរ និងមានពេលវេលាមើលកូនផងដែរ។
(កញ្ញា សៃ ចន្ធី រាយការណ៍)
«ខ្ញុំបានចំណូលរាល់ខែ! ក្នុងមួយខែខ្ញុំអាចរកចំណូលចន្លោះ ពី១លាន ទៅ១លាន១០ម៉ឺន ក្នុងមួយខែ។ រាល់ចំណូលប្រចាំខែពីការចិញ្ចឹមមាន់ គឺខ្ញុំបានចំណូលមួយផ្នែកទៀត ពីការដាំបន្លែ» នេះគឺជាការលើកឡើងរបស់ អ្នកស្រី ថៃ ចាន់រ៉េត។»
បច្ចុប្បន្ន ការចិញ្ចឹមមាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារភាគច្រើនគេចិញ្ចឹមដោយប្រើចំណីសុទ្ធដើម្បីឱ្យមាន់ឆាប់ធំធាត់ និងឆាប់បានលក់នៅលើទីផ្សារ ។ ប៉ុន្តែ អ្នកស្រី ថៃ ចាន់រ៉េត បានប្រាប់វិទ្យុស្ត្រីថា ការចិញ្ចឹមមាន់ស្រែរបស់អ្នកស្រី និងប្រជាជនដែលរស់នៅក្នុងសហគមន៍អ្នកស្រីទាំងអស់គឺប្រើប្រាស់បន្លែដើម្បីធ្វើជាចំណី។ ចំពោះការចិញ្ចឹមមាន់ស្រែនេះទៀតសោត អ្នកស្រីបាននិយាយថាមានច្រើនរបៀបក្នុងការចិញ្ចឹម។
«របៀបមានច្រើនរបៀបមានតាំងពីការចិញ្ចឹមយកមេពងខ្លួនឯង មានតាំងពីផលិតកូនមាន់ខ្លួនឯង ប៉ុន្តែចំណែកខ្ញុំជាសហគមន៍អ៊ីចឹងវិញ គឺខ្ញុំចិញ្ចឹមជាលក្ខណៈទិញកូនមាន់ពីសហគមន៍យកមកចិញ្ចឹម។ និយាយរួមទៅបើយើងយកកូនមាន់ពីគេអាយុ ២១ថ្ងៃរួចស្រេច គឺគាត់ធ្វើវ៉ាក់សាំងបានបីដងឱ្យយើងរួចស្រេច។»
អ្នកស្រី ថៃ ចាន់រ៉េត អាយុ ៣១ឆ្នាំ មានទីលំនៅភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូត្រនិគម ខេត្តសៀមរាប មានរបរជាអ្នកធ្វើកសិកម្ម និងមានតួនាទីជាអនុប្រធានសហគមន៍ ហើយក៏ជាគ្រូបង្គោលផ្នែកកសិកម្មនៅក្នុងសហគមន៍។ អ្នកស្រីចាប់ផ្ដើមមុខរបរចិញ្ចឹមមាន់តាំងពីឆ្នាំ២០១៦។
ជុំវិញបច្ចេកទេសចិញ្ចឹមមាន់ ក្នុងនាមអ្នកស្រីជាគ្រូបង្គោលមួយរូបនៅក្នុងសហគមន៍ អ្នកស្រី ចាន់រ៉េត បានបញ្ជាក់ថា នៅក្នុងការចំណាយគឺអាស្រ័យទៅលើកសិករដែលគាត់ដាក់ក្នុងមួយខែៗ ដើម្បីត្រៀមថវិកាសម្រាប់ទិញចំណី បន្លែ ទិញកូនមាន់ និងសម្ភារៈផ្សេងៗក្នុងមួយខែ ឬក៏មួយវគ្គនៃចំនួនមាន់៧០ ក្បាល គឺត្រូវត្រៀមថវិកាចន្លោះពី ៧០ម៉ឺន ទៅ ៧៥ម៉ឺន។
អ្នកស្រី ថៃ ចាន់រ៉េត បានបញ្ជាក់ថា ចំពោះអ្នកស្រីផ្ទាល់មិនសូវមានផលវិបាកក្នុងការចិញ្ចឹមមាន់ទេ ប៉ុន្តែជាទូទៅភាពបរាជ័យ និងភាពជោគជ័យតែងដើរទន្ទឹមគ្នា ពីព្រោះការចិញ្ចឹមមាន់ប្រសិនបើយើងធ្វេសប្រហែសនៅរដូវក្ដៅ ឬរដូវភ្លៀង នោះអាចក្លាយជាផលវិបាករបស់យើងផងដែរ។ ប៉ុន្តែ យើងត្រូវមានវិធានការការពារ ដូចជាមានថ្នាំសម្រាប់ផ្ដល់ឱ្យមាន់ផឹក និងត្រូវមានការហុំព័ទ្ធរោងមាន់កុំឱ្យមានភ្លៀងលិចចូលបាន។
សូមជម្រាបថា អ្នកស្រី ថៃ ចាន់រ៉េត ត្រូវបានគេចាត់ទុកថា ស្ត្រីគំរូមួយរូបដែលដើរតួជាមេផ្ទះមើលថែទាំគ្រួសារផង ឆ្លៀតចិញ្ចឹមមាន់ផង មិនតែប៉ុណ្ណោះថែមទាំងជាអ្នកធ្វើទីផ្សារនាំចេញមាន់ស្រែរបស់ប្រជាជនក្នុងសហគមន៍ទៅតាមបណ្ដាលខេត្តផងដែរ។
«ពេលដែលកសិករឬក៏ក្រុមផលិត យើងផលិតបាន គឺមានតំណាងសហគមន៍ដូចជារូបខ្ញុំផ្ទាល់ជាអ្នកទីផ្សារ គឺខ្ញុំចាប់មាន់ពួកគាត់ទៅលក់ទៅខាងទីផ្សារមានដូចជា ខាងបាគង មានទៅផ្សារកសិករខ្មែរនៅសៀមរាប មានទៅបណ្ដាលខេត្តផ្សេងៗទៀត ឱ្យតែអតិថិជនត្រូវការគឺយើងអាចផ្ញើបាន។»
ក្នុងតួនាទីជាគ្រូបង្គោល អ្នកស្រី ចាន់រ៉េត បានចូលរួមវគ្គបណ្ដុះបណ្ដាលជាហូរហែ ពីគម្រោងRecover របស់អង្គការភីន ទើបអ្នកស្រីបានចិញ្ចឹមមាន់ផ្ទាល់ខ្លួនជោគជ័យអាចយកបទពិសោធន៍នេះ បង្រៀនដល់សមាជិកក្រុមឯទៀត។ តំណាងឱ្យសហគមន៍កសិកម្មទាំងមូល អ្នកស្រីពិតជាសប្បាយចិត្តដែលគម្រោងបានផ្តួចផ្តើមគំនិតនេះឡើងដែលវាបានជួយអោយសហគមន៍មានប្រាក់ចំណូលបន្ថែម ក៏ដូចជាបានជួយឱ្យកសិករមានមុខរបរ និងប្រាក់ចំណូលសម្រាប់បង្កើនជីវភាពកសិករ៕
អត្ថបទ៖សៃ ចន្ធី