en     km
en     km

ផ្ទៀងផ្ទាត់៖ ករណីបុរសម្នាក់ប្រើប្រាស់ហិង្សាលើស្ដ្រីនៅបន្ទប់ជួល ជាការថតសម្ដែងPrank ឬជាករណីពិត?

Share

ករណីបុរសម្នាក់ប្រើប្រាស់ហិង្សាលើស្ដ្រីម្នាក់នៅបន្ទប់ជួល ត្រូវបានអ្នកលេងបណ្ដាញសង្គមយកមកផុសបង្ហោះព្រោងព្រាត ដែលធ្វើឱ្យវីដេអូនេះ ទៅដល់អាជ្ញាធរមានសមត្ថកិច្ច។ ក៏ប៉ុន្តែក្រោយការបង្ហោះ និងការប្រកាសធ្វើអន្តរាគមន៍របស់ស្នងការនគរបាលរាជធានីភ្នំពេញ ស្រាប់តែភាគីបុរសដែលជាជនបង្កក្នុងវីដេអូនោះ អះអាងថា ជាវីដេអូ Prank។ តើករណីបុរសម្នាក់នេះប្រើប្រាស់ហិង្សាលើស្ដ្រីនៅបន្ទប់ជួលនេះ ជាការថតសម្ដែងPrank ឬជាករណីពិត? សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក គីម ចាន់ចាវ

 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញស្រាវជ្រាវ និងនាំខ្លួនបុរសម្នាក់មកធ្វើការសួរនាំ ក្រោយធ្លាយវីដេអូប្រើប្រាស់ហិង្សាលើស្ដ្រីនៅបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ តាមរយៈការបង្ហោះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានអ្នកចូលបញ្ចេញមតិលើបញ្ហានេះ។ ម្ចាស់គណនីឈ្មោះ San Phearin បានបញ្ចេញមតិចោទសួរថា «ជាការពិតឬជា រូបភាពបង្កើតឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ក៏ជាករណី ដែលខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ជឿជាក់ថា លោកស្នងការនិងចាត់វិធានការ ប្រកបប្រសិទ្ធភាពខ្ពស់។»

ចំណែកគណនីឈ្មោះ Rothanak Noun បានសរសេរថា «បាទលោកពូវាមិនមែនជាការសម្ដែងនោះទេ តែដោយសារជនរងគ្រោះមានគំនាប ពីខាងជនបង្ករ ខ្លាំងពេកទើបមិនហ៊ានចេញបកស្រាយ ខ្ញុំជាអ្នកសារព័ត៌មាន គឺមានប្រជាពលរដ្ឋផ្ញើឯកសារដែលពាក់ព័ន្ធនឹងឃ្លីបវីដេអូមកជាច្រើន និងផ្ញើសំឡេងរបស់ស្ត្រីដែលជាជនរងគ្រោះ សូមលោកពូបើកការស៊ើបអង្កេតផង កុំឱ្យតែអ្នកមានអំណាចធ្វើបាបអ្នកស្លូតត្រង់អញ្ចឹង។»

ករណីនេះត្រូវបានមហាជនជាច្រើនជជែកវែកញែក ខ្លះថាជាករណីថតវីដេអូសម្ដែង(Prank) ដ្បិតថាក្រោយការបែកធ្លាយវីដេអូហិង្សានេះ បុរសក្នុងវីដេអូជាជនប្រើហិង្សា ឈ្មោះ ដែន សូនី បានចេញវីដូអូLiveបកស្រាយថាករណីវីដេអូបែកធ្លាយហិង្សាលើស្ត្រីនេះ ជាវីដេអូPrankនោះទេ។ ប៉ុន្តែករណីនេះ នៅតែមានចម្ងល់ពីមហាជន ដោយអ្នកខ្លះ ទាមទារឱ្យមានការស៊ើបអង្កេតខ្លាចក្រែងថាជាករណីពិតប្រាក ។ លើបញ្ហានេះ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានបានតាមដានព័ត៌មាននេះ ឃើញថា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ ភាគីជនបង្ក និងជនរងគ្រោះបានមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រីថា ករណីនេះ មិនមែនជាការថតវីដេអូសំដែង ឬPrankនោះទេ ប៉ុន្តែករណីនេះ បុរសដែលជាជនសង្ស័យ ឈ្មោះ ដែន សូនី ពិតជាបានប្រើហិង្សាវាយដំលើស្ត្រីរងគ្រោះដែលជាបងប្អូនសាច់ថ្លៃ ដែលករណីនេះ បានកើតឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២៣។

«ការពិតទៅឥលូវគាត់(បុរសបង្ក) បានសារភាព ទាំងពីរនាក់ហ្នឹងគាត់បានសារភាព គាត់ដូចជាមិនមែនPrankទេ ការពិតទៅគាត់ហ្នឹងប្រើអំពើហិង្សា ប៉ុន្តែអំពើហិង្សារបស់គាត់ហ្នឹងមិនប៉ះពាល់រាងកាយអីធ្ងន់ធ្ងរទេ។ អំពើហិង្សាហ្នឹងដោយសារខាងស្រីហ្នឹងគាត់ខម្មិនចូលផេកគ្រួសារគាត់។ អានេះបើតាមចម្លើយសារភាពរបស់គាត់ ឆ្លើយចំពោះមុខសមត្ថកិច្ច ពេលចឹងគាត់ទៅរកនៅបន្ទប់ហ្នឹងក៏មានការប្រទូសរ៉ាយ។ ប៉ុន្តែពេលនោះ គឺថាស្ត្រីរងគ្រោះគាត់មិនបានដាក់ពាក្យបណ្ដឹងទេ…គាត់បានឱ្យ ធ្វើកិច្ចសន្យានៅប៉ុស្ដិ៍នគរបាល រដ្ឋបាលវាលស្បូវ។ ហើយពាក់ព័ន្ធនឹងគាត់ថាPrank មិនPrank នោះ គឺអ្វីដែលគាត់និយាយខ្លួនគាត់នៅក្រោយហ្នឹងទេណា៎។»

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

បើទោះបីជាស្ត្រីរងគ្រោះមិនបានដាក់ពាក្យបណ្ដឹង ហើយភាគីបានធ្វើកិច្ចសន្យាបញ្ចប់ជម្លោះកន្លងមកក្ដី ប៉ុន្តែ លោក សំ វិច្ឆិកា បញ្ជាក់ថា សមត្ថកិច្ចកំពុងពិចារណា ថាត្រូវអនុវត្តតាមវិធានច្បាប់ ឬមួយក៏ត្រូវអនុវត្តវិធានការអប់រំ៕

Share

ព័ត៌មានទាក់ទង

Image