en     km
en     km

ស្ថាប័នពាក់ព័ន្ធអន្តរាគមន៍ជួយស្រ្តីពលករកម្ពុជាបម្រើការងារតាមផ្ទះនៅអារ៉ាប់ប៊ីសាអ៊ូឌីតករណីថៅកែបង្ខំធ្វើការលើសកម្លាំង

Share

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ស្រ្តីពលករកម្ពុជាចំនួន ៣ នាក់នឹងត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីស្ថាប័នពាក់ព័ន្ធបានអន្តរាគមន៍រំដោះចេញពីថៅកែជាម្ចាស់ផ្ទះ ដែលបង្ខិតបង្ខំលើរូបរាងកាយឱ្យធ្វើការងារលើសកម្លាំងពលកម្មបំពានលើកិច្ចសន្យាការងារ។នេះបើតាមការគូសបញ្ជាក់ពីលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី០៤ ខែមេសានេះ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

អាចមានយ៉ាងហោចណាស់ស្រ្តីជាពលករកម្ពុជាចំនួន ៣ នាក់នឹងបានវិលត្រឡប់មកមាតុប្រទេសវិញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ និងស្រ្តីពលករចំនួនចំនួន​ ២៣ រូបផ្សេងទៀត ស្ថាប័នមានសមត្ថកិច្ចកំពុងរៀប ចំបញ្ជូនចេញពីប្រទេសអារ៉ាប់ប៊ីសាអូឌីតមកកាន់កម្ពុជាផងដែរ។ នេះជាការបញ្ជាក់របស់លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក កត្តា អ៊ន៖

កិច្ចអន្តរាគមន៍នេះ ផ្តើមកើតឡើងតាមរយៈស្រ្តីជាពលករបានធ្វើសេចក្តីរាយការណ៍មកកាន់សាច់ញាតិមិត្តភក្តិនៅកម្ពុជាឱ្យជួយធ្វើយ៉ាងណា រំដោះពួកគេចេញពីថៅកែដែលបានបង្ខិតបង្ខំពួកគេឱ្យធ្វើការងារលើសកម្លាំងពលកម្ម ធ្វើបាបរាងកាយ គ្មានម៉ោងសម្រាកត្រឹមត្រូវ ការហូបចុកនិងប្រាក់ខែក៏មិនគ្រប់គ្រាន់ដូចក្នុងកិច្ចសន្យាដែលបានចែងនោះទេ។

សម្តីក្រុមស្រ្តីពលករនៅអារ៉ាប់ប៊ីសាអូឌីត៖

នេះជាសារសំឡេងរបស់ក្រុមស្រ្តីជាពលករ ដែលបានផ្ញើមកក្នុងក្រុមតេឡេក្រាម«ដោះស្រាយពលករចំណាកស្រុក»ដែលសមាជិកចំនួន ៥០រូប ក្នុងនោះមានសមាសភាពមន្រ្តីក្រសួងការងារកម្ពុជា ក្រុមហ៊ុនហ្វាទីណា សហជីព អ្នកសារព័ត៌មានវិទ្យុស្រ្តី និងពលករខ្មែរនៅអារ៉ាប់ជាច្រើនរូបទៀត។

នេះជារូបភាពពលករខ្មែរដែលទៅបម្រើការងារនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីពេលកន្លងទៅ។រូបភាពពីក្រុមតេឡេក្រាមពលករដែលសុំជំនួយត្រឡប់មកកម្ពុជាវិញ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារបញ្ជាក់បន្ថែមថា ករណីពលកររងការធ្វើបាបពីសំណាក់ថៅកែនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតនេះ គឺត្រូវដោះស្រាយតាមច្បាប់ការងាររបស់ប្រទេសអារាប់ប៊ីសាអូឌីត ដោយអនុវត្តតាមកិច្ចសន្យាការងាររបស់គូភាគី។

វិទ្យុស្រ្តីពុំទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែមពីក្រុមហ៊ុនហ្វាទីណាបាននៅឡើយទេនៅព្រឹកនេះ ដ្បិតតេឡេក្រាមគ្មានអ្នកឆ្លើយតប។

តាមការសរសេររៀបរាប់របស់ក្រុមស្រ្តីពលករកម្ពុជាដែលបានបង្ហោះចូលក្នុងក្រុមតេឡេក្រាមសុំជំនួយបានឱ្យដឹងថា ពួកគេមកធ្វើការនៅប្រទេសអារ៉ាប់ ប៊ីសាអូឌីត តាមរយៈក្រុមហ៊ុនហ្វាទីណាមែនផៅវរ័ ជាស្រ្តីបម្រើការងារតាមផ្ទះ​ដោយស្របច្បាប់។ក្រុមស្រ្តីបម្រើការងារតាមផ្ទះទាំងនោះបញ្ជាក់ប្រហែលគ្នាថា ពួកគេត្រូវថៅកែបង្ខំឱ្យធ្វើការចាប់ពី ១០ ម៉ោងឡើងទៅ ដែលជាហេតុធ្វើឱ្យពួកគេគ្មានកម្លាំងគ្រប់គ្រាន់ ហើយការហូបចុកនិងការសម្រាកក៏ពុំគ្រប់គ្រាន់ជាហេតុនាំឱ្យពួកគេខ្លះមានជំងឺឈឺថ្កាត់ ខណៈការព្យាបាលមួយចំនួនថៅកែពុំចេញថ្លៃព្យាបាលជូននោះទេ៕

Share

ព័ត៌មានទាក់ទង

Image