en     km
en     km

អ្នកប្រកបរបរក្រៅប្រព័ន្ធ ឥឡូវ ក៏អាចប្រើប្រាស់សេវា ប.ស.ស បានដោយស្ម័គ្រចិត្ត

Share

រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តដល់អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ ដូចជា អ្នករត់រ៉ឺម៉កកង់បី អ្នកលក់បាយ អ្នកលក់ទឹកអំពៅ អ្នកលក់ដូរក្នុងផ្សារ ដែលជាបុគ្គលស្វ័យនិយោជន៍  ឱ្យទទួលបានការប្រើប្រាស់សេវារបបសនិ្តសុខសង្គមផ្នែកថែទាំសុខភាពដែលហៅកាត់ថា ប.ស.ស ដោយគ្រាន់តែទៅចុះបញ្ជីនិងបង់ភាគទានចូលមក ប.ស.ស ក្នុងម្នាក់ចំនួន ១៥៦០០រៀល តែប៉ុណ្ណោះក្នុងមួយខែ។ អ្នកស្រី វ៉ាយ វត្តី រាយការណ៍

 

ដើម្បីប្រើប្រាស់សេវា ប.ស.ស បាន សម្រាប់បុគ្គលស្វ័យនិយោជន៍ម្នាក់ ត្រូវបង់ភាគទានចូលមក ប. ស. ស ចំនួន ១៥,៦០០រៀលក្នុងមួយខែ ហើយចំនួន២ខែដំបូងទើបគាត់អាចប្រើប្រាស់សេវា ប. ស. សបាន ពេលគាត់ឈឺ គឺគាត់អាចប្រើប្រាស់សេវា ប័ណ្ណ ប.ស.ស នេះដោយមិនគិតថ្លៃសម្រាប់ព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដៃគូ ចំនួន១,៥០៩ ទាំងឯកជន និងរដ្ឋ ពេទ្យថ្នាក់ជាតិ១១ និងពេទ្យឯកជនជាង១០០ និងអាចបង់សម្រាប់អ្នកនៅក្នុងបន្ទុកប. ស. ស ថែមទៀតផង។ នេះបើតាមលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាប័ណ្ណ  ប.ស.ស សម្រាប់បុគ្គលស្វ័យនិយោជន៍ នេះ ដែរ អ្នកស្រី ឡូញ រ៉ាឌី ម្ចាស់ហាងរ៉ាឌី កាត់ដេរបានប្រាប់ឱ្យដឹងថា​ អ្នកស្រីបានដឹងខ្លះៗដែររឿងប័ណ្ណ ប.ស.ស នេះ តែឥឡូវអ្នកស្រីមិនទាន់បានឆ្លៀតពេលទៅធ្វើប.ស.សនោះទេ ព្រោះជាប់រវល់នឹងមុខរបរប្រចាំថ្ងៃ និងម្យ៉ាងទៀតអ្នកស្រីហាក់មិនទាន់ជឿទុកចិត្តលើការប្រើប្រាស់សេវា ប.ស.សនេះនៅឡើយ។

« អត់ទាន់បានធ្វើផង ខ្ញុំលឺតែគេថា​ មិនដែលដែរ ព្រោះគ្មានពេលចេញ មិនទាន់បានធ្វើ ទៅអ៊ីចឹងវាលំបាក សំខាន់បើយើងទៅមានលុយទៅវាលឿន »

តាមការឱ្យដឹងពីបេឡាជាតិសន្តិសុខសង្គម បុគ្គលស្វ័យនិយោជន៍ សំដៅដល់ជនដែលប្រកបការងារឬមុខរបរចំណូលផ្ទាល់ខ្លួនដោយគ្មានថៅកែ និងមិនប្រើកម្មករនិយោជិត។ ឧទាហរណ៍ដូចជា អ្នកលក់បាយតាមផ្លូវ អ្នករត់ម៉ូតូរ៉ឺម៉កកង់បី អ្នកលក់ទឹកអំពៅ អ្នកលក់ដូរក្នុងផ្សារ ជាដើម ។

ជុំវិញបុគ្គលស័្វយនិយោជន៍នេះដែរ លោក ខេង សៅ មានមុខរបរជាអ្នករត់តុតុ បានចាប់អារម្មណ៍និងចង់ប្រើប្រាស់សេវា បណ្ណ ប.ស.ស ដែរ តែដោយសារលោកមិនមានថវិកាគ្រប់គ្រាន់សម្រាប់បង់ជាប្រចាំខែ ហើយជាមួយគ្នានេះលោកក៏មានបណ្ណសមធម៌ ពីក្រុមការងារគាត់សម្រាប់យកទៅប្រើប្រាស់រួចហើយដែរ ។

«ចង់ ! ​គ្រាន់តែថាវាអត់មានលុយបង់មួយខែ១៥,៦០០រៀលហ្នឹង អត់មានលុយបង់បើរកលុយអត់បានដែរហ្នឹង តែនៅក្នុងធីបរបស់ខ្ញុំនេះគេឱ្យប័ណ្ណសមធម៌ ប័ណ្ណសមធម៌ហ្នឹងពេលចូលពេទ្យ ចូលអីហ្នឹងអត់អស់លុយ តែរឿងប័ណ្ណ ប.ស.ស ចេះតែចង់ប្រើហើយ តែគ្រាន់ថាយើងអត់មានលុយបង់រាល់ខែ.អ៊ីចឹងហ្នឹងណា!..»

អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម លោក ហេង សុផាន់ណារិទ្ធ បានឱ្យដឹងបន្ថែមថា« ប.ស.ស.បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចជួយកាត់បន្ថយនូវបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃប្រាក់ចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ បានដាក់ឱ្យដំណើរការកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍(អ្នកប្រកបរបររកស៊ីខ្លួនឯង)អ្នកលក់ដូរ រត់កង់បី ម៉ូតូឌុប និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្ត ដែលនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា ដែលបានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យនិយោជន៍ ភាគច្រើនក៏ដូចជាក្តីប្រាថ្នារបស់បងប្អូនកម្មករនិយោជិតភាគច្រើន និងបងប្អូនមន្ត្រីរាជការ ដែលចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ។

ទាក់ទងនឹងការបង់ភាគទានរបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍នេះ លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA បានបញ្ជាក់ឱ្យដឹងថា ការងារនេះគឺខាងសមាគមបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើសាកល្បងចាប់តាំងពីឆ្នាំ២០២៣និងជោគជ័យនៅចុងឆ្នាំ២០២៣ ផងដែរ ហើយនៅដើមឆ្នាំ២០២៤ រដ្ឋាភិបាលបានអនុញ្ញាតិឱ្យបុគ្គលស្វ័យនិយោជន៍ ឬអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងប្រទេសបានបង់​ភាគទានដើម្បីទទួលបាន ប.ស.ស តាមរយៈការថែទាំសុខភាព។

«ខ្ញុំគិតថា វាគឺជាកិច្ចការឈានឡើងមួយកំរឹតទៀតសម្រាប់កិច្ចគាំពារសង្គមតាមរយៈ របបសន្តិសុខសង្គមពីរដ្ឋាភិបាលដើម្បីឱ្យយើងមានឱកាសបង់ភាគទាន ។ខ្ញុំ​មើលឃើញមួយទៀតថាវាគឺជាចំណុចវិវត្តន៍ថ្មីដែលយើងអាចទទួលបានបណ្ណ ប.ស.ស ដូចអ្នកនៅក្នុងប្រព័ន្ធដែរ ។ ប៉ុន្តែគ្រាន់តែយើងបានរបបថែទាំសុខភាពទេ។ ខ្ញុំគិតថា វាជាចំណុចប្រសើរថ្មីមួយដែរ សម្រាប់ពួកយើងប៉ុន្តែវា មិនទាន់បានទាំងអស់ទេ។»

លោក វ៉ន ពៅ បានឱ្យដឹងបន្ថែមថា​ សព្វថ្ងៃនេះយើងពិនិត្យទិន្នន័យរួមរបស់រាជរដ្ឋាភិបាល មានចំនួន១០ម៉ឺននាក់ដែលបុគ្គលស្វ័យនិយោជន៍ បានបង់ភាគទានក្នុងការចូល ប.ស.ស ។ដោយឡែកសមាជិក សមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA ចំនួន៣០០០នាក់ហើយ ដែលបានធ្វើបណ្ណ ប.ស.ស និងមួយចំនួនបានទៅទទួលសេវាប.ស.ស តាមរយៈបណ្ណនេះផងដែរ។

«ខ្ញុំគិតថា​អ្វីដែលជាសំណូមពររបស់ខ្ញុំ សុំឱ្យរដ្ឋបន្ធូរបន្ថយពីការបង់ភាគទាន ព្រោះការបង់វាមានចំនួនច្រើនដែរ បើរដ្ឋអាចបន្ធូរបន្ថយបាន គួរបន្ថយ ព្រោះ១៥,៦០០រៀលវាច្រើនដែរ យើងបានតែរបបថែទាំសុខភាព អត់បានរបបគ្រោះថ្នាក់ការងារ  និង​អត់បានរបបសោធនផង អ៊ីចឹងបើរដ្ឋបានត្រឹមតែមួយរបបដូច្នេះគួរតែបន្ថយ ភាគទានខ្លះទៅ! ទី២ការបង់ភាគទានទៀតសោតសម្រាប់កញ្ចប់គ្រួសារ រដ្ឋគួរពិចារណាឡើងវិញ កុំឱ្យសមាជិកគ្រួសារបង់ដូចមេគ្រួសារដែរ ហ្នឹងជារឿងមួយដែលពិបាកក្នុងការទទួលយក និងពិបាកក្នុងការអត់លទ្ធភាពបង់។ ដូច្នេះសុំឱ្យរដ្ឋគិតទី១បញ្ចុះតម្លៃភាគទានបង់ ទី២ ការបញ្ចុះភាគទានសម្រាប់កញ្ចប់គ្រួសារ ទី៣សុំឱ្យមានរបបដូចអ្នកក្នុងប្រព័ន្ធដែរ មានរបបថែទាំសុខភាព របបគ្រោះថ្នាក់ការងារ របបសោធន ហើយសម្រាប់ស្រ្តីឆ្លងទន្លេ ឱ្យមានសេវា​ ទទួលបានអត្ថប្រយោជន៍ដូចអ្នកនៅក្នុងប្រព័ន្ធដែរ។»​។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានឱ្យដឹងថា​ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាម​របបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលដែលបានបង្កើតឡើង ដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្តីឬប្រពន្ធនិងកូនក្នុងបន្ទុកជាយថាហេតុដើម្បីឱ្យបងប្អូនអាចគ្រប់គ្រងចំណាយលើបញ្ហាសុខភាពនិងគ្រោះថ្នាក់ផ្សេងៗដើម្បីរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារនិងបង្កើនផលិតភាពការងារ៕

 

 

 

Share

Image
Image
Image