en     km
en     km

អង្គការ Save the Children ប្រកាសបើកគម្រោង«ការីប»ជំរុញភាពធន់របស់កសិករបន្សាំនឹងការប្រែប្រួលអាកាសធាតុ

Share

ភ្នំពេញ៖ បន្ទាប់ពីបិទបញ្ចប់គម្រោងស្ទៀរ​ដែលមានសកម្មភាពដោយផ្តោតលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ រួចមក អង្គការ Save the Children ប្រចាំកម្ពុជាក៏ប្រកាសបើកគម្រោងថ្មីមួយទៀតមានឈ្មោះថា ការីប ដោយអនុវត្តសកម្មភាពលើកកម្ពស់ជីវភាពប្រជាពល រដ្ឋប្រកបដោយភាពធន់ និងបន្សាំការប្រែប្រួលអាកាសធាតុក្នុងស្រុកចំនួន ៤ បន្ថែមទៀត។នេះបើតាមព័ត៌មានដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អង្គការ Save the Children ប្រចាំកម្ពុជានៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ។

អត្ថបទដោយលោក កែវ សុខា ,កញ្ញា កែវ សុជាតា ជូនសេចក្តីរាយការណ៍

តាមរយៈកិច្ចសហការជាមួយរដ្ឋបាលខេត្តកោះកុង មន្ទីរកសិកម្ម មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរកិច្ចការនារី និងបរិស្ថានខេត្ត អង្គការ Save the Children ប្រចាំកម្ពុជា និងដៃគូអង្គការ iDE Cambodia នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ម្សិលមិញ បានរៀបចំសិក្ខាសាលាបិទបញ្ចប់គម្រោង ស្ទៀរ ដែលធ្វើសកម្មភាពលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ។

សិក្ខាសាលា ដែលមានការចូលរួមពីភាគីពាក់ព័ន្ធប្រមាណ១៦០នាក់ នៅសាលមហោស្របខេត្តកោះកុងនេះផងដែរ  អង្គការ Save the Children ក៏បានប្រកាសបើកគម្រោងថ្មីមួយទៀតមានឈ្មោះថា ការីប ដោយផ្តោតលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្សាំការប្រែប្រួលអាកាសធាតុ។

រូបភាពអ្នកចូលរួមសិក្ខាសាលាបិទបញ្ចប់គម្រោង ស្ទៀរ។រូបភាពពីហ្វេសប៊ុកអង្គការ Save the Children។

ថ្លែងបើកសិក្ខាសាលា លោក ម៉ូត សាណា នាយកប្រតិបត្តិកម្មវិធីរបស់អង្គការ Save the Children ប្រចាំកម្ពុជា បានមានប្រសាសន៍ថា គម្រោងស្ទៀរ បានគាំទ្រដល់កសិករនូវជំនួយបច្ចេកទេសឆ្លាតវៃក្នុងការដាំដុះ ការរើសពូជកសិកម្ម ការប្រើជីកសិកម្ម ការចងក្រងគ្នាជាបណ្តាញ និងការស្វែងរកទីផ្សារជាដើម។ តាមរយៈគម្រោងនេះលោកថា បានជួយឱ្យកសិករមានជីវភាពសមរម្យ ហើយកូនៗរបស់ពួកគេ ក៏ទទួលបានការអប់រំពេញលេញ និងមិនមានអំពើហិង្សាក្នុងគ្រួសារ។

លោក ម៉ូត សាណា នាយកប្រតិបត្តិកម្មវិធីរបស់អង្គការ Save the Children ប្រចាំកម្ពុជាឡើងថ្លែងក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោង ស្ទៀរ។រូបភាពពីហ្វេសប៊ុកអង្គការ Save the Children។

ចំណែកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោក សុខ សំអាត បានថ្លែងឱ្យដឹងថា តាមរយៈអន្តរាគមន៍របស់គម្រោងស្ទៀរ ដែលបានអនុវត្តរយៈពេល ៥ឆ្នាំមកនេះ លោកសង្កេតឃើញថាទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន ពិសេសបានរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម និងទីផ្សារ។លោកសង្កត់ធ្ងរថា កសិករដែលបង្កើតឡើងទាំង ៤០ក្រុម ពិតជាមានសមត្ថភាពផលិតសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងដោះដូរទៅកាន់ទីផ្សារក្នុង និងក្រៅខេត្តផងដែរ។ ក្រៅពីនេះ អ្នកលក់ជាធាតុចូលកសិកម្មក្នុងតំបន់ចំនួន ២៣ដេប៉ូ ក៏ត្រូវបានបង្កើត និងពង្រឹងសមត្ថភាពដូចគ្នា។

លោកយល់ថា ការភ្ជាប់ និងដំណើរការទីផ្សារ ទិញលក់ កសិផលរបស់កសិករនេះពិតជា បានចូលរួមដោះស្រាយរួមគ្នារាល់បញ្ហាកុមារ និងសហគមន៍ ព្រមទាំងលើកកម្ពស់ការវិនិយោគលើកុមារ និងសមភាពយេនឌ័រក្នុងកិច្ចការកសិកម្ម។

អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង លោក សុខ សំអាត ឡើងថ្លែងក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោង ស្ទៀរ។រូបភាពពីហ្វេសប៊ុកអង្គការ Save the Children។

ដោយឡែកអភិបាលរងខេត្តកោះកុង លោកស្រី អ៊ី នារីនេត បានថ្លែងអំណរគុណដល់អង្គការ Save the Children ដែលបានផ្តល់ការគាំទ្រលើវិស័យអប់រំតាំងពីឆ្នាំ២០០៨ ហើយបច្ចុប្បន្នបាននឹងកំពុងបន្តការគាំទ្រ កម្មវិធីជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងអន្តរាគមន៍លើវិស័យកសិកម្ម និងប្រព័ន្ធទីផ្សារ។លោកស្រីថា ខេត្តកោះកុង ពុំសូវមានអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនច្រើន ចូលមកអភិវឌ្ឍនោះទេ ពិសេសលើវិស័យសំខាន់ៗដូចជា កសិកម្ម អប់រំ សង្គមកិច្ច និងសុខាភិបាល។ លោកស្រីថា ការរួមចំណែកអនុវត្តគម្រោងស្ទៀរជាការរួមចំណែកឆ្លើយតបទៅនឹងគោលយោបាយជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តកោះកុង។

អភិបាលរងខេត្តកោះកុង លោកស្រី អ៊ី នារីនេត ឡើងថ្លែងក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោង ស្ទៀរ។រូបភាពពីហ្វេសប៊ុកអង្គការ Save the Children។

អ្នកទទួលផលពីគម្រោងស្ទៀរមួយរូបគឺអ្នកស្រី ងិន គីមហួយ ដែលកសិករអ្នកផលិត និងជាតំណាងក្រុម បានឱ្យដឹងថា គម្រោងស្ទៀរ នាំមកជាមួយនូវបច្ចេកទេសដាំដុះថ្មី ការដោះស្រាយបញ្ហាទីផ្សារ បង្កើតឱ្យមានអ្នកលក់សម្ភារៈកសិកម្មភ្ជាប់ជាមួយចំណេះដឹងបច្ចេកទេស ការលើកកម្ពស់កិច្ចការពារកុមារ សមភាពយេនឌ័រ និងកិច្ចការពារបរិស្ថាន។ អ្នកស្រីបន្ថែមថា នៅមុនពេលដែលគម្រោងចាប់ផ្តើម កសិករស្ទើរតែទាំងអស់ ដាំដុះតាមតែរបៀបបុរាណ ពុំមានគំនិតដាំបន្លែ ឬកែលម្អដំណាំអ្វីនោះទេ ដ្បិតខ្វះខាតបច្ចេកទេស ពិបាករកពូជ ជី ថ្នាំ និងមិនសូវមានទំនាក់ទំនងជាមួយអ្នកប្រមូលទិញ មិនស្គាល់ផ្សារ ហើយទិន្នផលទទួលបានតិចតួច និងតែងបរាជ័យជាមួយការដាំដុះជារឿយៗ។ អ្នកស្រីថា អន្តរាគមន៍របស់គម្រោងស្ទៀរ ពិតជាធ្វើឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ទាំងសេដ្ឋកិច្ចគ្រួសាររបស់កសិករ ទាំងចំណេះ និងជំនាញកសិកម្ម គួបផ្សំនឹងការវិនិយោគលើកុមារ។

អ្នកស្រី ងិន គីមហួយ ដែលកសិករអ្នកផលិត និងជាតំណាងក្រុម និងកសិករអ្នកទទួលផលពីគម្រោងស្ទៀរ។រូបភាពពីហ្វេសប៊ុកអង្គការ Save the Children។

គួរបញ្ជាក់ថា គម្រោងស្ទៀរ ទទួលបានថវិកាគាំទ្ររយៈពេល ៥ឆ្នាំ (២០១៩-២០២៤) ពីក្រសួងការបរទេស និងពាណិជ្ជកម្ម New Zealand មានគោលបំណងធ្វើយ៉ាងលើកកម្ពស់សេដ្ឋកិច្ច សុខមាលភាពគ្រួសារ និងភាពធន់របស់សហគមន៍ តាមរយៈវិធីសាស្ត្រដោយឈរលើគោលការណ៍ទីផ្សារ។

ដោយឡែកគម្រោង ការីប ដែលបាននិងកំពុងអនុវត្តពីខែកុម្ភៈ ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ជាមួយដៃគូ អង្គការ មជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ មានស្រុកគោលដៅចំនួន ៤ គឺស្រុកស្រែអំបិល ស្រុកថ្មបាំង ស្រុកបូទុមសាគរ និងស្រុកកោះកុង ក៏ស្ថិតក្រោមថវិកាគាំទ្ររបស់ក្រសួងការបរទេស និងពាណិជ្ជកម្ម New Zealand ដូចគ្នា។ហើយគម្រោងការីប ក៏មានសកម្មភាពអនុវត្តស្រដៀងគ្នានឹងគម្រោងស្ទៀរផងដែរ ពោលគឺផ្តោតលើការលើកកម្ពស់ជីវភាពប្រជាកសិករតាមរយៈពង្រឹងចំណេះដឹងផ្អែកលើកសិកម្ម ប៉ុន្តែមានបន្ថែមនូវចំណេះដឹងដាំដុះបន្សាំនឹងការប្រែប្រួលអាកាសធាតុ៕

Share

Image
Image
Image