en     km
en     km

កម្ពុជា ពិតជាមានខ្យល់ពុលដែលត្រូវព្រួយបារម្ភមែនឬយ៉ាងណា?

Share

ម្ចាស់គណនីTik Tok ឈ្មោះounneathneathh និយាយពីបញ្ហាខ្យល់ពុល។ រូបភាពថតពីវីដេអូTiktok

ផ្ទៀងផ្តាត់៖ បញ្ហាក្ដីព្រួយបារម្ភពីខ្យល់ពុល ត្រូវបានអ្នកលេងបណ្ដាញសង្គមយកមកផុស និងជជែកគ្នា យ៉ាងផុសផុល។ ពួកគេជជែកគ្នាលើករណីនេះ ដោយសារតែព្រួយបារម្ភថាបើមានខ្យល់ពុលនៅកម្ពុជាមែន វានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ខណៈកម្ពុជាស្ថិតក្នុងរដូវក្ដៅ។ អ្វីដែលជាចម្ងល់នោះថា តើកម្ពុជា ពិសេសរាជាធានីភ្នំពេញពិតជាមានខ្យល់ពុលមែន ដែលត្រូវព្រួយបារម្ភឬយ៉ាងណា? លោក គីម ចាន់ចាវ រាយការណ៍

 

ថ្មីៗនេះនៅលើបណ្ដាញសង្គមTik tok មានការចែកចាយនូវឃ្លីបវីដេអូមួយចំនួនដែលបានលើកឡើងពីក្ដីបារម្ភថាមានបញ្ហាខ្យល់ពុលនៅរាជធានីភ្នំពេញ។ ជាក់ស្ដែងម្ចាស់គណនីឈ្មោះ ounneathneathh តាមរយៈវីដេអូឃ្លីបដែលមានអ្នកចូលមើល និងចែករំលែករាប់ពាន់នាក់ បានលើកឡើងថា នៅភ្នំពេញមានបញ្ហាខ្យល់ពុល ដែលខ្យល់ពុលនេះហើយបង្កឱ្យប្រជាជនមានអាការៈមិនប្រក្រតីមួយចំនួន ខណៈអាកាសធាតុចុះអ័ព្ទ ប៉ុន្តែគ្មានភ្លៀង។

«វីដេអូមួយនេះ អូសរំលងអត់បានទេអ្នកទាំងអស់គ្នា។ ចឹងចេះតែឆ្ងល់ថាម៉េចប៉ុន្មានថ្ងៃហ្នឹងហា៎ ចម្លែកៗសម្បើមម្លេះ។ ចេញទៅក្រៅតែបន្តិចសោះហា៎ ក្ដៅក្រហាយឈួលឡើងពេញភ្នែកហ្មងហា៎។ អីសំខាន់ គិតតែចុះអ័ព្ទ ស្រទុំៗ តែអត់ភ្លៀង។ សំខាន់ខែនេះគឺជាខែចេត្រទៀត។ បើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ខុសប្រក្រតីបែបហ្នឹង វាអត់ខុសទេ ដោយសារតែខ្យល់ពុលនៅភ្នំពេញយើងឥលូវហ្នឹងវាអាក្រក់កើនឡើងជ្រុលខ្លាំងពេក…។»

ដោយសារតែករណីនេះ ជាបញ្ហាសាធារណៈ ក្រុមការងារផ្ទៀតផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រីបានព្យាយាមទាក់ទងក្រសួងបរិស្ថាន ដែលធ្វើការលើបញ្ហាខ្យល់នេះ ដើម្បីទទួលបានការបំភ្លឺ។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រសួងបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ នៅរាជធានីភ្នំពេញចំនួន១៧ទីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៣៧ ទីតាំង និងបានបំពាក់ឧបករណ៍ត្រួតពិនិត្យថ្មី ១២ទីតាំង នៅតាមបណ្តាខេត្ត។ លើសពីនេះក្រសួងបានបញ្ជូនរថយន្តត្រួតពិនិត្យគុណភាពខ្យល់ «វិណ្ណុ» ចល័តទូទាំងប្រទេស។

ការពិនិត្យនោះបានបង្ហាញឱ្យឃើញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានសភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងស្តង់ដារគុណភាពខ្យល់សាធារណៈ ដោយកម្រិតភាគល្អិតនិចល PM 2.5 ជាមធ្យមក្នុងរយៈពេល៣(បី) ខែនេះ ស្មើនឹង២៣,៦០ µg/m3។

ក្រាហ្វិកវាស់កម្រិតគុណភាពខ្យល់របស់ក្រសួងបរិស្ថាន

បើតាមក្រសួងបរិស្ថានដដែល សន្ទទស្សន៍គុណភាពខ្យល់ នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បានបង្ហាញថា ប្រទេសកម្ពុជា មិនទាន់មានការកត់សម្គាល់ពីការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយទេ ពោលគឺកំហាប់ភាគល្អិតនិចល PM2.5 មានកំហាប់ ទាបជាងស្តង់ដាកំណត់គឺ ៥០µg/m3 ជាមធ្យមក្នុង ២៤ ម៉ោង។ ដើម្បីពង្រឹងការត្រួតពិនិត្យការបំពុលបរិយាកាសឆ្លងដែន ក្រុមមន្រ្តីជំនាញក្រសួងបរិស្ថាន កំពុងចុះត្រួតពិនិត្យគុណភាពខ្យល់ តាមរយៈការដាក់រថយន្តចល័យ«វណ្ណុ» បន្ថែមទៀតនៅក្នុងសប្តាហ៍ទី១ ដើមខែមេសា ឆ្នាំ២០២៤នេះ នៅតាមទីតាំងមួយចំនួនជាប់ព្រំដែនកម្ពុជា-ថៃ៕

 

Share

ព័ត៌មានទាក់ទង

Image