en     km
en     km

កម្មកររោងចក្រ MA សម្រេចទទួលយកប្រាក់បូកបន្ថែម១០០$ឈានទៅបញ្ចប់បញ្ហាក្រោយថៅកែរត់ចោល

Share

ភ្នំពេញ៖ នៅទីបញ្ចប់កម្មករនៃរោងចក្រMAដែលនៅសល់ ៥៦នាក់បានសម្រេចទទួលយកប្រាក់បូកបន្ថែមចំនួន១០០ដុល្លារ ដែលជាការដោះស្រាយបញ្ចប់បញ្ហានានាដើម្បីកុំឱ្យអូសបន្លាយរឿងរ៉ាវកាន់តែវែងឆ្ងាយ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

អ្នកស្រី ឆិល​ ស៊ីម កម្មាការិនីមួយរូបនៃរោងចក្រ MA ប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះថា អ្នកស្រីទទួលយកការដោះស្រាយក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នពាក់ព័ន្ធហើយ កាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ម្សិលមិញ។ អ្នកស្រីថា ការទទួលយកនេះ ដ្បិតមិនបានច្រើនដូចការគ្រោងទុករបស់កម្មករក៏ពិតមែន តែយ៉ាងហោចណាស់អាចជួយដោះស្រាយបញ្ហាចាយវាយបានមួយផ្នែក។ សម្រាប់អ្នកស្រីយល់ថា កម្មករគ្មានជម្រើសអ្វីល្អជាងនេះនោះទេ ហើយការចេញតវ៉ាក៏ពុំមិនជាមធ្យោបាយល្អដែរ ដូច្នេះកម្មករសម្រេចទទួលយកប្រាក់ដើម្បីអាចមានលទ្ធភាពរកការងារថ្មីបានធ្វើឆាប់រហ័ស។

សកម្មភាពដោះស្រាយរបស់ភាគីពាក់ព័ន្ធកាលពីពេលកន្លងទៅ។រូបភាពពីលោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។

គួររំលឹកបន្តិចថា កម្មករ កម្មាការិនី នៃរោងចក្រដេរកាបូប អិមអេ ហ៊នប៊ែក (ខេមបូឌា) ខូអែលធីឌី ប្រមាណ១៧០ នាក់បានចេញតវ៉ា និង ដាក់ញាត្តិ ជូនក្រសួងការងារកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីថៅកែបានដឹកសម្ភារៈចេញពីរោងចក្រក្រោយបិទទ្វារ និងព្យួរការងារកម្មករ ដោយមិនទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍នានាជូនកម្មករតាំងពីដើមខែមីនាមក។

ក្រោយពីទទួលបានញាត្តិពីកម្មករគឺថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៤ មន្រ្តីពាក់ព័ន្ធបានចុះដោះស្រាយករណីនេះ ដោយគ្រានោះ កម្មករបានដាក់តម្លៃទាមទាររហូតដល់៤៥០ដុល្លារ តែការចង់បាននេះមិនទទួលបានការឯកភាពពីភាគីអ្នកទិញសម្ភារៈក្រុមហ៊ុន។

សកម្មភាពដាក់ញាត្តិរបស់កម្មកររោងចក្រMAកាលពីពេលកន្លងទៅ។រូបភាពពីលោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។

កម្មករមួយរូបទៀតគឺលោក លឹម កុយ និយាយថា កម្មករព្រមទទួលយកប្រាក់បូកបន្ថែមចំនួន១០០ដុល្លារជាមួយប្រាក់ខែចុងក្រោយ និងប្រាក់ព្យួរការ ងារដោយសរុបទាំងអស់កម្មករម្នាក់ៗទទួលបានចំនួនប្រហែល២២០ដុល្លារអាមេរិក។ លោកទទួលស្គាល់ថា ស្ថាប័នពាក់ព័ន្ធមានដូចជាមន្រ្តីក្រសួងនិងមន្ទីរការងារខេត្តពិតជាបានចូលរួមដោះស្រាយដោយយកចិត្តទុកដាក់មែន ទោះបីជាកម្រិតនៃការទាមទារហាក់មិនទាន់ឆ្លើយតបនូវអ្វីដែលកម្មករចង់បានក្តី។

ជុំវិញរឿងនេះដែរ លោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាយល់ឃើញថា ការដោះស្រាយបញ្ហាថៅកែរោងចក្រ MA រត់ចោលកម្ម ករនេះ មានការចូលរួមពីភាគីពាក់ព័ន្ធយ៉ាងសកម្មនិងឆាប់រហ័សជាងមុន ពិសេសក្រសួងនិងមន្ទីរការងារជាដើម។ លោកបន្ថែមថា ទោះបីជាយន្តការដោះស្រាយនិងសំណងទូទាត់នៅមិនទាន់ឆ្លើយតបតាមផ្លូវច្បាប់ពេញលេញក្តី តែការពន្លឿនការដោះស្រាយបានឆាប់រហ័សជូនកម្មករបែបនេះ គឺជាអ្វីដែលសហជីពនិងកម្មករចង់ឃើញស្ថាប័នមានសមត្ថកិច្ចបន្តកិច្ចការនេះដោយប្រសិទ្ធភាពបន្តទៀត។

សម្រាប់លោក ព្រុំ ប៊ុនថន យល់ថា ដើម្បីអាចបញ្ចៀសបញ្ហាតវ៉ារបស់កម្មករពេលថៅកែរត់ចោលរោងចក្រ គឺរដ្ឋាភិបាលត្រូវពិនិត្យលទ្ធភាពឡើងវិញ ដោយតម្រូវឱ្យអ្នកវិនិយោគត្រូវដាក់ប្រាក់តម្កល់នៅក្រសួង ដ្បិតនៅពេលមានបញ្ហាថៅកែរត់ចោលរោងចក្រគឺក្រសួងអាចយកប្រាក់តម្កល់មកទូទាត់ជូនកម្ម ករ។

សកម្មភាពលោក ព្រុំ ប៊ុនថន ចុះសម្របសម្រួលជូនកម្មករកាលពីពេលកន្លងទៅ។រូបភាពពីលោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។

ទាក់ទងករណីដាក់ប្រាក់តម្កល់នេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់ប្រាប់វិទ្យុស្រ្តីថា កម្ពុជាគ្មានការតម្រូវឱ្យមានការដាក់ប្រាក់តម្កល់នោះទេ ពោលនៅពេលមានបញ្ហាកើតឡើងតួយ៉ាងដូចករណីថៅរត់ចោលរោងចក្រគឺសមត្ថកិច្ចពាក់ព័ន្ធអនុវត្តតាមវិធានច្បាប់ការងារដោយផ្តោតលើប្រយោជន៍របស់កម្មករ និយោគជិត។

ជាការកត់សម្គាល់ ក្នុងញាត្តិរបស់កម្មករMA ដែលបានដាក់ជូនក្រសួងការងារបានដាក់សំណើទាមទារចំនួនបីចំណុច ក្នុងនោះមានប្រាក់ព្យួរការងារចំនួន ៣០ដុល្លារ ប្រាក់ឈ្នួលចុងក្រោយ និងប្រាក់ជូនដំណឹងដល់កម្មករនិយោជិតដែលគ្រានោះកម្មករយល់ថា ពួកគេអាចនឹងទទួលបានខ្ទង់៨០០ដុល្លារក្នុងម្នាក់ៗ ដ្បិតកម្មករមានអតីតភាពការងារជិត ១០ ឆ្នាំឯណ្ណោះ។​ តែសម្រេចសម្រួលនៅទីបញ្ចប់ ខាងកម្មករអាចទទួលប្រាក់សំណងត្រឹមតែ ២២០ដុល្លារប៉ុណ្ណោះជាថ្នូរនៃការបញ្ចប់រឿង ខណៈទ្រព្យសម្បត្តិនិងសម្ភារៈមួយចំនួនធំថៅកែបានលួចដឹកចេញពីរោងចក្រអស់ស្ទើរគ្មានសល់៕

Share

ព័ត៌មានទាក់ទង

Image