នៅពេលដែលពិធីបុណ្យចូលឆ្នាំ កាន់តែខិតជិតមកដល់ ស្របគ្នានឹងឥរិយាបទសង្គមធ្លាក់ចុះ អ្នកតាមដានសង្គមស្នើឱ្យក្រសួងស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធគួរចាត់វិធានការចំពោះការលែងកម្សាន្តដែលប្រាសចាក ពីវប្បធម៌ និងសីលធម៌សង្គម ដោយមានការឱបថើបជាដើម។ លោក គីម ចាន់ចាវ រាយការណ៍
ខ្មែរជាប្រជាជាតិដែលមានអារ្យធម៌ដ៏ចំណាស់មួយក្នុងតំបន់ ជាមួយនឹងកេរដំណែលដ៏មានតម្លៃបង្កប់ក្នុងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ដែលបន្សល់ពីបុព្វបុរសដូនតាខ្មែរអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ តែងតែត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៣-១៤-១៥ ឬ១៤-១៥-១៦ ខែមេសា នៃឆ្នាំនីមួយៗ។ នៅថ្ងៃចុងសប្ដាហ៍ ដំណាច់ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ គេឃើញមានបាតុភាពអវិជ្ជមានមួយចំនួនកើតឡើងជាបន្តបន្ទាប់ រហូតមានការកក្រើកដល់សាធារណមតិ និងផ្ទុះការរិះគន់យ៉ាងខ្លាំងពីមហាជន ពិសេសនៅតាមបណ្ដាញសង្គមនានា ទៅលើក្រុមយុវជនមួយចំនួន ដោយក្នុងចំណោមនោះមានទាំងយុវសិស្សផង ដែលបានប្រព្រឹត្តអំពើមិនគួរគប្បី ប្រាសចាកពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
បើតាមរាជបណ្ឌិត្យសភាកម្ពុជា ដ្បិតនៅក្នុងឱកាសនោះ គេឃើញមានអាជ្ញាធរមានសមត្ថកិច្ច បានជួយសម្រួលចរាចរណ៍ និងថែរក្សាសណ្ដាប់ធ្នាប់ក្ដី តែអាជ្ញាធរមានសមត្ថកិច្ច ហាក់ដូចជានៅមានចន្លោះប្រហោងនៅឡើយ នៅក្នុងការគ្រប់គ្រងទីកន្លែងលេងកម្សាន្ត និងចាត់វិធានការឆ្លើយតបភ្លាមៗ ចំពោះសកម្មភាពអវិជ្ជមានមួយចំនួន ដែលជួនកាលមានភាពធ្ងន់ធ្ងរដល់មានការបៀតបៀនផ្លូវភេទពីសំណាក់យុវជនឈាមរាវមួយចំនួនដែលខ្វះការអប់រំ ទៅលើយុវតី និងស្ត្រីភេទក្នុងចំណោមហ្វូងមហាជន រាប់ចាប់តាំងពីការបន្លំប៉ះស្ទាបអង្អែល និងជួនកាលឈានទៅដល់ការចាប់ឱបថើប ដោយអសីលធម៌បំផុតនៅតាមទីសាធារណៈ។ ទង្វើទាំងនេះគឺសកម្មភាពបទល្មើសព្រហ្មទណ្ឌ ដែលគួរណាស់តែសមត្ថកិច្ចអាចអន្តរាគមន៍ឃាត់ខ្លួនជនល្មើសឱ្យបានភ្លាមៗនៅនឹងកន្លែង ដើម្បីការពារសេចក្ដីថ្លៃថ្នូររបស់នារីខ្មែរ ថែរក្សាប្រពៃណីនិងវប្បធម៌ដ៏ផូរផង់របស់ជាតិ ក៏ដូចជាការថែរក្សាសណ្ដាប់ធ្នាប់ក្នុងសង្គម។
វិទ្យុស្ត្រីបានព្យាយាមទាក់ទង សុំការផ្ដល់ព័ត៌មានបន្ថែមពីលោក សំ វិច្ឆិកា នាយការិយាល័យផ្សព្វផ្សាយអប់រំ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្តែលោកមិនបានឆ្លើយតបឡើយ គិតត្រឹមថ្ងៃទី០២ ខែមេសានេះ។
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថាន ទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់វិទ្យុស្ត្រីថា បើសកម្មភាពលេងដោយមានការឱបថើប ដោយយុវជនមួយចំនួនមិនមានការអប់រំ ឬណែនាំពីស្ថាប័នពាក់ព័ន្ធនោះទេ នឹងធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងធ្វើឱ្យបាត់បង់អត្តសញ្ញាណវប្បធម៌របស់ខ្មែរ។
«ហើយមានរហូតទៅដល់ថើបដល់អីទៀត យើងមើលទៅជ្រុលមែនទែន ការលេងហ្នឹងវាមើលទៅប៉ះពាល់ទៅដល់ តម្លៃនៃវប្បធម៌របស់យើងដែលបុរសនិងស្ត្រីហ្នឹង វាកម្រ មិនឱ្យមានការប៉ះគ្នាអ៊ីចឹងណាស់ ប៉ុន្តែឥលូវហ្នឹងវាក្លាយទៅអស់ហើយ។ យើងមិនដឹងថា យើងខំប្រឹងនិយាយ ខំប្រឹងថាហ្នឹង មិនដឹងថាតើជួយទប់ទល់បានកម្រិតណាទេ។ បាទ! បើសិនជាសកម្មភាពនេះ មិនមានការទប់ស្កាត់ ការតម្រង់ទិសទេ វាធ្វើឱ្យបាត់នូវអត្តសញ្ញាណដើមរបស់ខ្មែរយើងណា៎ អត្តសញ្ណាវប្បធម៌ប្រពៃណីទំនៀមទម្លាប់យើងពីដូនតាមក ឥលូវវាទទួលយកអីដែលថ្មីៗហ្នឹង។ ថ្មីហ្នឹងបើវាល្អមិនអីទេ បើវាមិនល្អទៅ វាធ្វើឱ្យទី១វាមានគ្រោះថ្នាក់ មានហានីរភ័យ។ ទី២ ឱ្យមានអត្តសញ្ញាណ១ដែលថ្មី ប៉ុន្តែវាអត់សូវល្អដូចអត្តសញ្ញាណដែលយើងមានពីមុនមក។អាហ្នឹងហើយដែលក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគួរតែចូលរួម។»
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថាន ទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញក្ដីបារម្ភថា ប្រសិនបើអ្នកពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច មិនអាចចាត់វិធានការក្ដៅ លុបបំបាត់និងបង្ក្រាបសកម្មភាពភ្លើតភ្លើនជ្រុលរបស់យុវជនមួយចំនួនខាងលើ ដែលឆ្លៀតយកពិធីអបអរសាទរនៅមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ មកបិទបាំងអំពើអនាធិបតេយ្យ និងអសីលធម៌ទាំងនេះនោះទេ វានឹងក្លាយជាការលើកទឹកចិត្តដោយប្រយោលទៅកាន់យុវជនទាំងនោះ ក៏ដូចជាយុវជនឯទៀត ដោយសារតែពួកគេយល់ឃើញថា ក្នុងអំឡុងពេលនេះ ពួកគេអាចធ្វើអ្វីស្រេចនឹងចិត្ត ដោយគ្មានការភ្ញាក់រឭក និងមិនខ្លាចរអារនឹងច្បាប់សង្គមនោះឡើយ៕