ភ្នំពេញ៖ ករណីថៅកែរោងចក្រ MA ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺរត់ចោលរោងចក្រ បន្សល់ទុកឱ្យកម្មករចេញតវ៉ានោះ ឥឡូវនេះស្ថាប័នពាក់ព័ន្ធបានបន្តកិច្ចអន្តរាគមន៍ដោះស្រាយ ដោយលទ្ធផលនៃកិច្ចប្រជុំកាលពីម្សិលមិញព្រមផ្តល់សំណងជូនកម្មករត្រឹម១០០ដុល្លារ ខណៈកម្មករចង់ស្នើសុំ១៥០ដុល្លារ។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
បើតាមលោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះថា កាលពីម្សិលមិញភាគីពាក់ព័ន្ធរួមមាន ក្រសួងការងារ មន្ទីរការងារខេត្តកំពង់ស្ពឺ គណៈកម្មការដោះស្រាយវិវាទការងារ ភាគីអ្នកទិញសម្ភារៈរោងចក្រ និងភាគីកម្មករ បានចូលរួមកិច្ចប្រជុំដោះស្រាយសំណងនិងប្រាក់អត្ថប្រយោជន៍នានាជូនកម្មកររោងចក្រ MA ក្រោយថៅកែរត់ចោល។
លោក ព្រុំ ប៊ុនថន បន្តថាកិច្ចប្រជុំសម្របសម្រួលដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី០១ ខែមេសា ម្សិលមិញនៅមន្ទីរការងារខេត្តកំពង់ស្ពឺ ភាគីអ្នកទិញសម្ភារៈរោងចក្របានផ្តល់ប្រាក់ចំនួន១០០ដុល្លារអាមេរិក ជាប្រាក់ទូទាត់បូកបន្ថែមពីលើប្រាក់ទូទាត់ផ្សេងៗទៀត ដែលធ្វើឱ្យកម្មករម្នាក់ៗអាចទទួលបានប្រាក់សំណងសរុបប្រមាណ ២០០ ដុល្លារ។ លោក ប៊ុនថន ចាត់ទុកដំណោះស្រាយនេះជាតម្រុយវិជ្ជមានមួយឈានទៅបញ្ចប់បញ្ហាតវ៉ារបស់កម្មករ។
កម្មកររោងចក្រMAបានចូលដោះស្រាយក្រោមកិច្ចសម្របសម្រួលពីមន្រ្តីពាក់ព័ន្ធនៅមន្ទីរការងារខេត្តកំពង់ស្ពឺ។រូបភាពពីលោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។
តែយ៉ាងណាភាគីកម្មករដែលមានចំនួន ៥៦នាក់នៅពុំទាន់ទទួលយកខ្ទង់តម្លៃទូទាត់នេះទេ ដោយចង់ស្នើសុំ១៥០ដុល្លារ។ នេះជាការបញ្ជាក់របស់លោក លឹម កុយ កម្មករមួយរូបនៃរោងចក្រ MA ដែលបានចូលរួមក្នុងកិច្ចប្រជុំ។ លោកថា ការទូទាត់ត្រឹម១០០ដុល្លារនេះ គឺនៅតិចតួចណាស់ ដ្បិតបើសិនទូទាត់តាមនីតិវិធីច្បាប់ក្រុមកម្មករម្នាក់ៗអាចទទួលបានរហូតដល់ជាង ៤០០ដុល្លារឯណ្ណោះ។ លោកស្នើឱ្យស្ថាប័នពាក់ព័ន្ធពិសេសភាគីរោងចក្រត្រូវដោះស្រាយករណីនេះតាមនីតិវិធីច្បាប់ ឬយ៉ាងហោចណាស់ផ្តល់ឱ្យកម្មករតាមការទាមទារគឺចំនួន១៥០ដុល្លារអាមេរិក ដើម្បីឱ្យកម្មករអាចមានលទ្ធផលដោះស្រាយក្នុងជីវភាព។
សកម្មភាពនៃកិច្ចសម្របសម្រួលពីភាគីពាក់ព័ន្ធនៅមន្ទីរការងារខេត្ត។លោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។
វិទ្យុស្រ្តីពុំទាន់អាចទាក់ទងភាគីរោងចក្រ MA បាននៅឡើយទេនៅព្រឹកនេះ ដ្បិតហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
សូមរំលឹកថា ទាក់ទងករណីថៅកែរោងចក្រ MA រត់ចោលកម្មករនេះ ក្រុមកម្មករបានចេញតវ៉ានិងដាក់ញាត្តិទៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សុំកិច្ចអន្តរាគមន៍កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ ក្រោយមកគឺនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារក្រសួងមន្ទីរពាក់ព័ន្ធបានចុះសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដោយកាលណ្ណោះក្រុមកម្មករដាក់ខ្ទង់តម្លៃទាមទារ៤៥០ដុល្លារ តែតម្លៃនេះមិនទាន់មានការឯកភាពគ្នា។
សកម្មភាពកម្មកររោងចក្រMAដាក់ញាត្តិនៅក្រសួងការងារកាលពីពេលកន្លងទៅ។លោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។
ផ្អែកតាមញាត្តិរបស់កម្មកររោងចក្រ MA បានបញ្ជាក់ថា ទីតាំងរោងចក្រដេរកាបូប អិមអេ ហ៊នប៊ែក (ខេមបូឌា) ខូអែលធីឌី ស្ថិតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានចំនួនកម្មករប្រមា ណ ១៧០នាក់។ ក្នុងញាត្តិកម្មករទាមទារក្រុមហ៊ុនទូទាត់សំណងនិងប្រាក់អត្ថប្រយោជន៍ចំនួន៣ចំណុចរួមមាន ប្រាក់ព្យួរការងារចំនួន ៣០ដុល្លារ ប្រាក់ឈ្នួលចុងក្រោយនិងប្រាក់ជូនដំណឹងដល់កម្មករនិយោជិត។
គួររំលឹកថា រោងចក្រ MA បានបិទទ្វារមិនទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ និងបានព្យួរការងារកម្មករនិយោជិតកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ទៀតផង។ បន្ទាប់មកគឺនៅយប់ថ្ងៃទី១៦និងទី១៧ ខែមីនា ក្រុមហ៊ុនបានដឹកសម្ភារៈមួយចំនួនចេញពីរោងចក្រ។ ក្រោយមានសកម្មភាពបែបនេះ កម្មករដែលស្នាក់នៅក្បែរនោះ បានមកជួបជុំគ្នាមុខក្រុមហ៊ុនជាការរារាំងកាលពីថ្ងៃទី២៥ខែមីនា ប៉ុន្តែត្រូវម្ចាស់ដីមិនអនុញ្ញាតបើកទ្វារឱ្យកម្មករចូលមើលសកម្មភាពក្នុងក្រុមហ៊ុននោះឡើយ៕