en     km
en     km

កម្មការិនីក្រុមហ៊ុនអេវើហ្រ្គីន៩នាក់បន្តទាមទារយុត្តិធម៌ពីការបញ្ចប់ការងារ ដោយមិនទូទាត់សំណងសមរម្យ

Share

អតីតកម្មការិនីនៃរោងចក្រអេវើហ្រ្គីន អឺភើរឹល (ខេមបូឌា) ៩នាក់ ដែលមិនទាន់ទទួលបានដំណោះស្រាយសមស្របជុំវិញករណីក្រុមហ៊ុន បញ្ឈប់ពីការងារ មិនមានហេតុផលជាក់លាក់ បានបន្តទាមទារដំណោះស្រាយស្វែងរកយុត្តិធម៌ បើទោះបីជាសំណុំរឿងនេះ អូសបន្ថយរយៈពេល៦ឆ្នាំហើយក្ដី។ ការទាមទារនេះ ក៏មានការចូលរួមលើកទឹកចិត្តពីអតីតកម្មការិនី-កម្មករ រោងចក្រអេវើហ្គ្រីន ដទៃទៀតផងដែរ ខណៈដែលក្រសួងការងារនៅតែរក្សាជំហរ ឱ្យអតីតកម្មការិនីដែលទាមទារ ងាកទៅប្ដឹងតុលាការ ជាជាងស្វែងរកអន្តរាគមន៍ពីក្រសួងការងារ។ លោក គីម ចាន់ចាវ រាយការណ៍

 

«ពួកខ្ញុំគ្រាន់តែជាជនរងគ្រោះទេ ពួកខ្ញុំត្រូវការយុត្តិធម៌ ត្រូវការឱ្យថៅកែគោរពច្បាប់។ ទោះបីខ្ញុំជាកម្មករ ប៉ុន្តែខ្ញុំគោរពច្បាប់ ទាមទារកន្លងមកចង់ឱ្យគេគោរពច្បាប់ដូចគ្នា។» នេះជាការលើកឡើងរបស់កម្មការិនី។

បញ្ហារោងចក្របិទទ្វារដោយមិនទូទាត់សំណងជូនកម្មការិនី-កម្មករបន្តជាបញ្ហាប្រឈម និងជាក្ដីបារម្ភសម្រាប់កម្មការិនី-កម្មករដែលបានបំពេញការងារក្នុងវិស័យ              វាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើង។ ជាក់ស្តែង កម្មការិនីចំនួន ៩នាក់ដែលធ្វើការឱ្យក្រុមហ៊ុនអេវើហ្គ្រីន អឹភែរឹល (Evergreen Apparel (CAMBODIA) co.., ltd) ដែលផលិតឱ្យម្ចាស់ផ្លាកសញ្ញា BESTSELLER  កំពុងប្រឈមបញ្ហានេះ បន្ទាប់ពីរោងចក្រប្រកាសបិទ ដោយមិនទូទាត់សំណងជូនពួកគេស្របទៅតាមច្បាប់ស្តីពីការងារ។ ប្រភពពីមណ្ឌលព័ត៌មានកម្មករ ឱ្យដឹងថា កម្មការិនីទាំង៩នាក់ រងការកេងប្រវ័ញ្ច ការរំលោភសិទ្ធិការងារ និងសិទ្ធិមនុស្ស នៅអំឡុងពេលដែលក្រុមហ៊ុនកាត់បន្ថយខ្សែរចង្វាក់ផលិតកម្ម និងរហូតដល់ពេលដែលក្រុមហ៊ុនសម្រេចបិទទ្វាររោងចក្រជាស្ថាពរ។ បន្ថែមពីនេះកម្មការិនី-កម្មករជាច្រើនក្នុងរោងចក្រ ព្រមទាំងកម្មការិនីទាំង៩នាក់នេះ មិនទទួលបានព័ត៌មានច្បាស់លាស់ពីមូលហេតុនៃការផ្អាកចង្វាក់ផលិតកម្ម ព្រមទាំងការបិទទ្វាររោងចក្រនោះទេ។

ដោយសារតែជាង៦ឆ្នាំទៅហើយនៅមិនទាន់មានដំណោះស្រាយ ទើបកម្មការិនីទាំង៩នាក់បានធ្វើសន្និសីទសារព័ត៌មាន​​​មួយកាល​ពីចុងខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ស្រមោលយុត្តិធម៌»។ អតីតកម្មការិនីនៃរោងចក្រអេវើហ្គ្រីន គឺអ្នកស្រីសេង រិទ្ធី បានលើកឡើងថា ​ក្រោយពីមានបញ្ហារោងចក្របិទដោយមិនផ្ដល់សំណង អ្នកស្រីនិងកម្មការិនី-កម្មករផ្សេងទៀត បានដាក់ពាក្យប្ដឹងសុំការជួយអន្តរាគមន៍ពីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បើតាមអ្នកស្រី សេង រិទ្ធី កាលនោះក្រសួងការងារ បញ្ជាក់ថា មិនអាចរកថៅកែរោងចក្រឃើញដើម្បីដោះស្រាយឡើយ ហើយក្រសួងបានណែនាំឱ្យកម្មការិនីទាំងនោះប្ដឹងទៅកាន់តុលាការ។

«ជាលទ្ធផលខាងក្រសួងគាត់បានបញ្ជាក់ថា ក្រសួងនៅតែមិនមានលទ្ធភាព ហើយមិនដឹងទៅរកថៅកែនៅឯណា។ នៅពេលដែលយើងជួបគាត់ច្រើនដងហើយគាត់ឆ្លើយតែចឹង។ ចាស៎ អត់មានលទ្ធផលអ្វីផ្សេងទេ ហើយគាត់រុញយើងទៅតែតុលាការ ឱ្យប្ដឹងទៅតុលាការ ក្នុងនាមយើងជាកម្មកររឿងរបស់យើង។ ចាស៎ យើងសួរថាហេតុអី(ឱ្យ)យើងប្ដឹងទៅតុលាការ? គាត់ឆ្លើយថា ជារឿងរបស់យើង។»

អ្នកស្រីសេង រិទ្ធី អតីតកម្មការិនីនៃរោងចក្រអេវើហ្គ្រើន

អតីតកម្មការិនីនៃរោងចក្រអេវើហ្គ្រីន ម្នាក់ទៀត គឺកញ្ញា មែក សុខលី បានឱ្យដឹងថា កញ្ញា និងកម្មការិនីផ្សេងទៀតកន្លងមកធ្លាប់បានស្នើសុំក្រសួងការងារឱ្យជួយស្វែងរកថៅកែរោងចក្រដើម្បីដោះស្រាយទូទាត់សំណង ប៉ុន្តែក្រសួងឆ្លើយប្រាប់កម្មការិនីដែលទាមទារដំណោះស្រាយទាំងអស់នោះថា ទឹកដីប្រទេសចិនធំ ក្រសួងក៏មិនដឹងថាត្រូវរកថៅកែរោងចក្រនោះនៅទីណាទេ។

«គាត់ថាទឹកដីប្រទេសចិនធំ គាត់អត់ដឹងស្វែងរកថៅកែនៅណា ហើយត្រឡប់មកវិញខ្ញុំឆ្ងល់ទៀតហើយ ឆ្ងល់រហូតហើយហ្នឹង ថាប្រព័ន្ធឌីជីថលវាទំនើប ហើយឆ្ងល់ថា អ្នកណាគេទទួលខុសត្រូវ នៅពេលរោងចក្របង្កើតមួយៗ បើកមួយៗ តែងតែមានបញ្ជីការចុះត្រឹមត្រូវ ហេតុអីពេលដែលរោងចក្របិទ ឬក៏រោងចក្របើកក្រសួងអត់ដឹង? ហើយពេលហ្នឹងក្រសួងនៅណា? ហើយកំពុងតែធ្វើអី? ខ្ញុំឆ្ងល់កន្លែងហ្នឹងដែរ។»

កញ្ញា មែក សុខលី អតីតកម្មការិនីនៃរោងចក្រអេវើហ្គ្រើន

ក្នុងសន្និសីទសារព័ត៌មាន ដើម្បីស្វែងរកយុត្តិធម៌ពីការបញ្ឈប់ពីការងារនេះ ក្រុមអ្នករៀបចំ បានអញ្ជើញតំណាងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៥ដើម្បីចូលរួមឆ្លើយតបស្វែងរកដំណោះស្រាយ ប៉ុន្តែមិនមានស្ថាប័នណាមួយចាត់តំណាងរបស់ខ្លួនចូលរួមឡើយ។ ស្ថាប័នដែលត្រូវបានអញ្ជើញទាំងនោះមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការងារនិងបណ្ដុះបណ្ដាវិជ្ជាជីវៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមនិយោជក ជាដើម។

កម្មការិនីម្នាក់ទៀត គឺ អ្នកស្រី យស់ ចន្នី បានលើកឡើងថា រយៈពេល៦ឆ្នាំដែលក្រុមហ៊ុនរោងចក្របានបិទទ្វារ ក្រុមកម្មការិនី-កម្មករ បានចែកគ្នា ខ្លះទៅរកការងារសិប្បកម្មដើម្បីទប់ទល់ជីវភាព​ និងខ្លះទៀតឆ្លៀតពេលដាក់ពាក្យប្ដឹងទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសុំការអន្តរាគមន៍ដោះស្រាយបញ្ហាទៅតាមច្បាប់។

«ចង់សំណូមពរទៅខាងក្រុមហ៊ុន និងខាងផ្លាក ហើយក្រសួង សូមឱ្យគាត់ជួយពួកខ្ញុំធ្វើម៉េចឱ្យបានទៅតាមច្បាប់ ពីព្រោះពួកខ្ញុំក៏មិនបានជាខុសអីដែរ ទារតែរបស់ដែលពួកខ្ញុំចង់បានទៅតាមច្បាប់។»

អ្នកស្រី យស់ ចន្នី អតីតកម្មការិនីនៃរោងចក្រអេវើហ្គ្រើន

ក្រុមហ៊ុន Evergreen Apparel (Cambodia) ដែលមានទីតាំងនៅផ្លូវលេខ១១០ សហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងកើត  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានកម្មករសរុប ១៧៥២នាក់)។ នៅក្នុងឆ្នាំ២០១៧ រោងចក្របានប្រាប់ថា កម្មការិនី កម្មករណា ព្រមលាឈប់ពីការងារ ក្រុមហ៊ុននឹងផ្តល់ប្រាក់លើកទឹកចិត្តដល់កម្មករ ៥០ដុល្លា អាមេរិក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ២០១៨ រោងចក្រចាប់ផ្តើមមានបញ្ហាខ្លាំង ដោយមានការរើសម្ភារ:/អីវ៉ាន់ចេញទៅរោងចក្រផ្សេងបណ្តើរៗ ដោយឱ្យកម្មការិនីកម្មករសម្រាកស៊ី ៥០ភាគរយប្តូរវេនគ្នា ដោយសម្រាក២ទៅ៣ថ្ងៃក្នុងមួយសប្តាហ៍ក្នុងមួយក្រុម។ នៅពេលនោះ កម្មការិនី-កម្មករ រួមជាមួយសហជីពមូលដ្ឋានបានធ្វើការតវ៉ា ស្នើសុំឱ្យថៅកែ រោងចក្រផ្តល់​ការងារឱ្យធ្វើពេញលេញ។

នៅថ្ងៃទី២៣ ខែតុលា ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ផ្នែកអគ្គលេខាធិការគណ:កម្មាការដោះស្រាយបាតុ កម្មកូដកម្ម (គកប) បានចុះមកក្នុងរោងចក្រដើម្បីដោះស្រាយវិវាទនេះ។ ជាលទ្ធផល ក្រុមហ៊ុនបានព្រមព្រៀង៣ចំណុច ។១. ក្រុមហ៊ុន និងផ្តល់ការងារគ្រប់គ្រាន់ដល់កម្មករ ២.បើរោងចក្របិទទ្វារ នឹងទូទាត់សំណង់ស្របតាមច្បាប់។ ៣. រោងចក្រមិនបិទទ្វារ មិនប្តូរទីតាំងទេ។

លើករណីកម្មការិនីទាំង៩នាក់ទាមទារដំណោះស្រាយខាងលើ វិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន។ អ្នកនាំពាក្យរូបនេះ លើកឡើងថា ករណីក្រុមហ៊ុនអេវើហ្រ្គីននេះ បានកើតឡើងយូរណាស់មកហើយ ដែលមានកម្មករ ១៧00នាក់ ជាប់ពាក់ព័ន្ធ ហើយមានកម្មករ១៦៩១នាក់ ទទួលយកដំណោះស្រាយ នៅសល់តែ៩នាក់ប៉ុណ្ណោះដែលមិនព្រមទទួលយកដំណោះស្រាយ។ ចំពោះបញ្ហានៅសល់ លោកណែនាំឱ្យកម្មការិនីទាំង៩នាក់ ប្ដឹងទៅតុលាការទើបអាចដោះស្រាយបាន។

«ករណីនេះ ក្រសួងការងារ បានប្រឹងប្រែងធ្វើការសម្របសម្រួលដោះស្រាយតាមយន្តការនៃច្បាប់ការងារ ហើយយើងធ្វើការដោះស្រាយរួចរាល់អស់ហើយ។ ដូច្នេះនៅសល់តែយន្តការតុលាការតែមួយប៉ុណ្ណោះ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះសូមបងប្អូនកម្មករនិយោជិតទាំង៩នាក់នេះ សូមប្រើប្រាស់នីតិវិធីតុលាការ ទើបអាចដោះស្រាយបញ្ហានេះបាន។»

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន។

កម្មការិនីសេង រិទ្ធី ហាក់បង្ហាញការអស់សង្ឃឹមក្រោយពេលដែលក្រសួងការងារ ប្រាប់ឱ្យអ្នកស្រីនិងកម្មការិនីទាំង៨នាក់ផ្សេងទៀត ងាកទៅប្ដឹងតុលាការលើបញ្ហាស្វែងរកដំណោះស្រាយការងារនេះ។

«យើងចង់បានច្បាប់ទទួលខុសត្រូវ ច្បាប់ស្ដីពីការងារហេតុអី យើងបែរជាអ្នករងគ្រោះ? ហេតុអី? មានឆ្ងល់ដូចខ្ញុំថាហេតុអីអត់? ខ្ញុំក៏ឆ្ងល់ដែរ ថាហេតុអីបានជាពួកយើង មានបញ្ហាយើងរុញទៅក្រសួងៗ ឆ្លើយថាមិនដឹង តើអ្នកណា អ្នដឹងពីបញ្ហាពួកយើង?»

 

អ្នកស្រី ស៊ា សាវឿន បានសម្រេចវិលទៅស្រុកកំណើតធ្វើស្រែចំការនៅ ឯខេត្តព្រៃវែងវិញក្រោយរោងចក្របិទ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននេះ ថា ក្នុងនាមជាកម្មការិនីបម្រើការងារឱ្យរោងចក្រអេវើហ្គ្រីន អ្នកស្រី និងកម្មការិនី-កម្មករផ្សេងទៀត បានផ្ដល់នូវកម្លាំងផលិតដែលបង្កើតការចំណេញដល់ថៅកែរោងចក្រ ដូច្នេះអ្នកស្រី សូមឱ្យរដ្ឋាភិបាលរៀបចំចាត់ចែងអន្តរាគមន៍ដោះស្រាយលើករណីដែលត្រូវថៅកែរោងចក្ររត់ចោលមិនទូទាត់សំណងនេះ។

«ចឹងសុំសម្តេច(នាយករដ្ឋមន្ត្រី) ជួយអន្តរាគមន៍បញ្ហាពួកខ្ញុំទាំង៩នាក់នេះ។ នៅពេលបច្ចុប្បន្ននេះ ខ្ញុំក៏អត់បានទៅធ្វើការងារអីដែរ ដោយសារខ្ញុំនៅខេត្ត ម្ដាយចាស់ ហើយណាមួយខ្ញុំក៏មានគ្រួសារ តែចំណែកខ្ញុំនៅតែផ្ដល់ឱ្យគ្នាខ្ញុំទាំង៩នាក់ហ្នឹង ដើម្បីកម្លាំងចិត្ត ដើម្បីទាក់ទងគ្នា មកជួបមិត្តភក្តិទាំងអស់គ្នា ដើម្បីឱ្យកម្លាំងចិត្តគាត់មានដំណោះស្រាយមួយ ទៅតាមច្បាប់ស្ដីពីការងារ។ ចឹងខ្ញុំមិនចង់បានអីក្រៅពីហ្នឹងទេ។ ខ្ញុំអាណិតគ្នាខ្ញុំទាំងអស់គ្នា ខ្ញុំអាណិតខ្លួនខ្ញុំ ហើយក៏(អាណិត)បងប្អូនជាកម្មករ-កម្មការិនីដូចខ្ញុំដែរ។»

អ្នកស្រី ស៊ា សាវឿនអតីតកម្មការិនីនៃរោងចក្រអេវើហ្គ្រើន

សមាគមមណ្ឌលព័ត៌មានកម្មករ​ ដែលធ្វើការជាមួយកម្មការិនីកម្មករកាត់ដេរ មើលឃើញថា ការពន្យារពេលដោះស្រាយជាច្រើនលើកច្រើនសាបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅនិងជួបបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ   ដោយសារពួកគាត់បន្តទាមទារនៅមុខរោងចក្រ មិនបានទៅរកការងារធ្វើ មិនមានប្រាក់ចំណូលសម្រាប់ចំណាយប្រចំាថ្ងៃ រួមមាន ចំណាយទៅលើថ្លៃបន្ទប់ជួល ទឹកភ្លើង  និងគ្មានប្រាក់ផ្គត់ផ្គង់គ្រួសារ មានម្តាយចាស់ជរា និងប្អូនដែលមានជំងឺប្រចាំកាយ។ ជាពិសេសពួកគាត់បានខ្ជីបំណុលពីអ្នកចងការប្រាក់ឯកជន  ដើម្បីយកទៅសងរម្លស់បំណុលចាស់ និងផ្គត់ផ្គង់ជីវភាពគ្រួសារប្រចំាថ្ងៃ ដែលធ្វើឱ្យពួកគាត់មានបំណុលកាន់តែកើនឡើងធ្ងន់ធ្ងូរ រហូតមកពេលនេះនៅមិនទាន់មានលទ្ធភាពក្នុងការសងបំណុលទាំងនោះទេ ហើយបន្តខ្ចីបំណុលថ្មីបន្ថែមទៀត។  ជាមួយគ្នានោះពួកគាត់មានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារតែដំណើរស្វែងយុត្តិធ៌មមានរយ:ពេល៦ឆ្នាំហើយ នៅមិនមានដំណោះស្រាយសមស្របឡើយ៕

 

Share

Image
Image
Image