en     km
en     km

សិស្សទូទាំងរាជធានី-ខេត្ត បន្តធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងគ្រឹះស្ថានអប់រំ

Share

យោងតាមអត្ថបទមួយរបស់គេហទំព័រ Hindustan Times កាកសំណល់ប្លាស្ទិក គឺជាប្រធានបទដែលលើកយកមកជជែកសន្ទនាជាយូរយារណាស់មកហើយ ក៏ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលគិតអំពីការប្រើប្រាស់ឡើងវិញ និងយល់ដឹងពីការបោះចោលសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។ បច្ចុប្បន្ន នៅតាមគ្រឹះស្ថានអប់រំមួយចំនួននៅទូទាំងរាជធានី-ខេត្តនៃប្រទេសកម្ពុជា កំពុងអនុវត្តយុទ្ធនាការទាំង៣របស់ក្រសួងបរិស្ថានដែលដាក់ចេញឱ្យប្រើប្រាស់ជាសាធារណៈនៅតាមគ្រឹះស្ថានអប់រំ រោងចក្រ សហគ្រាស នៅតាមស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។ នេះបើយោងតាមសារនៅក្នុងតេឡេក្រាមផ្លូវការរបស់រដ្ឋមន្រ្តីបរិស្ថានលោក អ៊ាង សុផល្លែត។

នៅក្នុងតេឡេក្រាមនេះដដែល លោក អ៊ាង សុផល្លែត បានផ្ញើរបាយការណ៍ស្ថិតិរបស់អ្នកចូលរួម និងអ្នកពាក់ព័ន្ធនៅក្នុងយុទ្ធនាការនេះជានិច្ចជាកាល បង្ហាញថាអ្នកចូលរួមនៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមានចំនួនជាង៥លាននាក់។

រូបភាព៖ តេឡេក្រាម EANG Sophalleth

 

ក្រៅពីយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការពីរផ្សេងទៀតគឺយុទ្ធនាការ «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «លាហើយប្លាស្ទិក» ក៏តែងបញ្ជ្រៀតចូលទៅក្នុងការអប់រំរបស់សិស្សសាលានានាដែលផ្សព្វផ្សាយលើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ សិស្សទាំងនេះមកពីរាជធានី-ខេត្តចំនួន ១៩ ដែលរួមមានកំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ស្ពឺ រាជធានីភ្នំពេញ ស្វាយរៀង តាកែវ កំពង់ចាម ក្រចេះ ពោធិ៍សាត់ កំពង់ធំ សៀមរាប ព្រះវិហារ ស្ទឹងត្រែង បន្ទាយមានជ័យ រតនគិរី ព្រះសីហនុ កែប និងកំពត។

ដោយគិតគូពីបញ្ហានេះ ក្រុមហ៊ុន MG PACIFIC COMPANY LIMITED ជាក្រុមហ៊ុនផលិតក្រដាសអនាម័យនៅក្នុងស្រុក កំពុងរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយបានផ្តួចផ្តើចគម្រោង «ផ្តើមចេញពីអ្នក»។ គម្រោង «ផ្តើមចេញពីអ្នក» នេះ មានគោលដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរោងចក្រ-សហគ្រាសនៅក្នុងប្រទេសកម្ពុជា ពិសេសធ្វើឡើងក្នុងទិសដៅកែច្នៃការវេចខ្ចប់។

រូបភាព​៖ តាំង សុបិន

លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីថា ក្រុមហ៊ុន MG ដ្បិតតែជាក្រុមហ៊ុនផលិតក្រដាសអនាម័យក៏ពិតមែន តែក្រុមហ៊ុនមានចក្ខុវិស័យខ្ពស់ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពក្នុងនាមជាក្រុមហ៊ុននៅក្នុងស្រុកនិងជាស្នាដៃរបស់កូនខ្មែរ។ លោក តាំង សុបិន បញ្ជាក់ថា អាជីវករអាចជាវក្រដាសអនាម័យសម្រាប់ប្រើប្រាស់នៅ ក្នុងបន្ទប់ទឹកដោយមានការវេចខ្ចប់ជាប្រអប់ជ័រ ដែលនៅពេលអាជីវករប្រើប្រាស់អស់ អាចយកទៅប្តូរ ឬទទួលសេវាកម្មពីក្រុមហ៊ុនដោយដឹកប្រអប់ថ្មីជូនអតិថិជនដល់ទីតាំងផងដែរ។

រូបភាព៖ ក្រសួងបរិស្ថាន

 

លោកអះអាងថា ការវេចខ្ចប់ជាប្រអប់ជ័រជំនួសឱ្យការរុំថង់ប្លាស្ទិកលើផលិតផលក្រដាសអនាម័យ អាចជួយកាត់បន្ថយការផលិត និងប្រើប្រាស់ថង់ប្លាស្ទិកមួយផ្នែកនៅលើភពផែនដី ពិសេសនៅក្នុងប្រទេសកម្ពុជា។លោកបន្តទៀតថា ក្រៅពីរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រុមហ៊ុនផលិតក្រដាសអនាម័យ MG PACIFIC COMPANY LIMITED ចង់បញ្ជៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងឡាយ ឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញ៕

Share

Image
Image
Image