en     km
en     km

ពលរដ្ឋអ៊ីស្រាអែលទាមទារឱ្យរដ្ឋាភិបាលអន្តរាគមន៍លើចំណាប់ខ្មាំងដែលជាប់នៅតំបន់ហ្គាហ្សាជាបន្ទាន់

Share

ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាដើរដង្ហែក្បួននៅក្នុងក្រុងហេ្សរុយសាឡឹម (Jerusalem) ដើម្បីទទូចឱ្យរដ្ឋាភិបាលអ៊ីស្រាអែលចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើកិច្ចខិតខំប្រឹងប្រែងដោះលែងចំណាប់ខ្មាំងដែលកំពុងឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។ ការណ៍នេះ បន្តដាក់សម្ពាធដល់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលដែលកាន់អំណាចនាពេលបច្ចុប្បន្ន លោក Benjamin Netanyahu។ នេះបើយោងតាមសារព័ត៌មាន​ AFP ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១ ខែមេសា​ ឆ្នាំ២០២៤។

ជុំវិញករណីនេះ បាតុករម្នាក់បញ្ជាក់ថា ក្បួនតវ៉ានេះមានទ្រង់ទ្រាយធំដែលអ្នកចូលរួមទាំងអស់ជួបជុំគ្នានៅខាងមុខសភាអ៊ីស្រាអែលដើម្បីតវ៉ា និងនាំគ្នាលើកទង់ជាតិអ៊ីស្រាអែលគ្រវី អមជាមួយនឹងការស្រែកទាមទារឱ្យរដ្ឋាភិបាលអ៊ីស្រាអែលខ្វល់ខ្វាយពីសុខទុក្ខរបស់ពលរដ្ឋខ្លះផង។ ក្នុងនោះ ​បាតុករដែលមានសមាជិកគ្រួសារកំពុងជាប់ឃុំខ្លួននៅតំបន់ហ្គាហ្សាថា នឹងបន្តដង្ហែក្បួនតវ៉ារៀងរាល់យប់ក្នុងដើមសប្តាហ៍ទី១នៃខែមេសានេះ រហូតដល់រដ្ឋាភិបាលមានចំណាត់ការសមស្រប។

ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ជាងកន្លះឆ្នាំនេះ បានធ្វើឱ្យពលរដ្ឋអ៊ីស្រាអែលមួយចំនួនខកចិត្តនឹងរដ្ឋាភិបាលរបស់ខ្លួន ដោយសារលោក Netanyahu តែងបេ្តជ្ញាថានឹងកម្ទេចក្រុមហាម៉ាស់ និងនាំចំណាប់ខ្មាំងដែលក្រុមនេះបានចាប់ទៅកាលពីផ្ទុះសង្រ្គាមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មកផ្ទះវិញដោយសុខសុវត្ថិភាព ក៏ប៉ុន្តែជានិច្ចជាកាលផែនការនិងការសន្យាទាំងនេះនៅតែមិនជោគជ័យ ខណៈក្រុមហាម៉ាស់ ពិសេសប្រជាពលរដ្ឋនៅតំបន់ហ្គាហ្សារងនូវការខាតបង់យ៉ាងធ្ងន់ធ្ងរ។

លោក Boaz Atzili ជាមនុស្សម្នាក់ក្នុងចំណោមបាតុករនៅក្នុងថ្ងៃអាទិត្យ​ រៀបរាប់ប្រាប់អ្នកយកព័ត៌មានថា ទាំងប្អូនជីដូនមួយនិងប្រពន្ធរបស់លោក ត្រូវបានក្រុមហាម៉ាស់ចាប់ខ្លួនដែលរហូតមកទល់ពីពេលនេះលោកមិនដែលទទួលបានដំណឹងពីប្រពន្ធលោកឡើយ ខណៈប្អូនជីដូនមួយត្រូវបានគេសម្លាប់នៅក្នុងតំបន់ហ្គាហ្សា។ លោកជឿជាក់ថា ចំណាប់ខ្មាំងទាំងអស់ដែលក្រុមហាម៉ាស់ចាប់ទៅហ្គាហ្សានឹងមិនអាចវិលមកផ្ទះសម្បែងវិញបាននោះឡើយ ក៏ព្រោះតែរដ្ឋាភិបាលអ៊ីស្រាអែលរវល់រៀបចំកិច្ចចរចាដែលមិនមានប្រសិទ្ធភាព៕

ប្រភព៖​​ AP ចុះថ្ងៃច័ន្ទ ទី១ ខែមេសា ឆ្នាំ២០២៤

Share

Image
Image
Image