ភ្នំពេញ៖ បន្ទាប់ពីមើលឃើញផលប៉ះពាល់ពីបារីអេឡិចត្រូនិក ក្រសួងអប់រំ យុវជន និងកីឡា ស្នើឱ្យភាគីពាក់ព័ន្ធជាពិសេស ក្រសួង ស្ថាប័នមានសមត្ថកិច្ច ចូលរូមបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងដាក់លក់ដូរបារីអេឡិចត្រូនិក។ ពិសេសយកចិត្តទុកដាក់បន្ថែម ដោយរឹតបន្តឹង ក្នុងគោលបំណងបង្កាទប់ស្កាត់យុវជន ដែលជាធនធានសំខាន់សម្រាប់អភិវឌ្ឍសង្គមជា
ការជួបជុំរវាងក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធរកដំណោះស្រាយបញ្ឈប់ការផ្សព្វផ្សាយបារីអេឡិចត្រូនិក។ រូបភាព៖ CMH
តាមរយៈអនុសាសន៍មួយចំនួនរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្នើឱ្យមានការបិទទាំងស្រុងនូវរាល់ការផ្សព្វផ្សាយបារីអេឡិកត្រូនិក ទាំងក្នុងបណ្តាញសង្គម និងនៅទីតាំងសាធារណ។
ការណ៍ដែលលើកឡើងបែបនេះ បន្ទាប់ក្រសូងធ្វើការសិក្សាស្រាវជ្រាវនៅចុងឆ្នាំ២០២៣ ឃើញថា អ្នកប្រើប្រាស់បារីអេឡិចត្រូនិកភាគច្រើនជាយុវជនដែលអាយុចាប់ពី ១៥ឆ្នាំ ទៅ២៥ឆ្នាំ។ ទាំងនេះជាក្តីបារម្ភរបស់ក្រសួងអប់រំ ដោយនៅអំឡុងវ័យនេះ ក្រសួងចាត់ទុកថា ជាវ័យដែលកំពុងអភិវឌ្ឍសមត្ថភាព និងជាកម្លាំងចលករជម្រុញឱ្យមានការរីកចម្រើនក្នុងសង្គម។
ដើម្បីដោះស្រាយបញ្ហាទាំងនេះនិងចូលរួមកសាងយុវជនឱ្យក្លាយជាធនធានសំខាន់ ក្រសងអប់រំស្នើឱ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធសំខាន់ៗរួមមាន ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន គប្បីចាត់វិធានការតាមច្បាប់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ជាពិសេសការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ដែលជាប្រភពចម្បងនៃការចែកចាយបារីអេឡិចត្រូនិកដល់កុមារនិងយុវជនវ័យក្មេង។
សម្រង់សំណេរដើម ក្នុងអនុសាសន៍របស់ក្រសួងអប់រំ យុវជន និងកីឡា គូសបញ្ជាក់ថា «ក្រសួងអប់រំ យុវជន និងកីឡាតែឯង មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ការការប្រើប្រាស់បារីអេឡិចត្រូនិកនេះទេ ព្រោះយុវជនដែលប្រើប្រាស់បារីអេឡិចត្រូនិកភាគច្រើនលើសលប់ប្រើប្រាស់នៅខាងក្រៅសាលា ឬក្រៅម៉ោងសិក្សាជាដើម។ ហេតុដូចនេះហើយ ទើបក្រសួងអំពាវនាវឱ្យក្រសួងស្ថាប័នមានសមត្ថកិច្ចចាត់វិធានការឱ្យបានតឹងរឹងលើការលក់ ចែកចាយបារីអេឡិចត្រូនិកជាពិសេសតាមប្រព័ន្ធអនឡាញ និងចាត់ចាត់វិធានរឹតបន្តឹងលើការហាមឃាត់ការនាំចូលផលិតផលនេះ។»
ផ្អែកតាមរបាយការណ៍អង្គការសុខភាពពិភពលោក(WHO) បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំ ក្នុងនោះមានផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញា ស្មារតី និងការលូតលាស់រាងកាយរបស់កុមារ។ ចំពោះយុវជន នីកូទីន ធ្វើឱ្យមានការចងចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល (Propylene glycol) និង គ្លីសេរីន (Glycerin) វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង៕
យ៉ាងណាមិញ ក្រសួងអប់រំខ្លួនឯងមិនភ្លេចឡើយក្នុងការរអនុវត្តតួនាទី ដោយបន្តជំរុញការអប់រំ ផ្សព្វផ្សាយពីផលប៉ះពាល់នៃបារីអេឡិចត្រូនិកនេះបន្ថែមទៀតនៅតាមគ្រឹះស្ថាន។
ពាក់ព័ន្ធបញ្ហានេះ ថ្មីៗនេះមានករណីសិស្សសាលាស្រីម្នាក់ រៀននៅវិទ្យាល័យបាក់ទូកត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកោះហៅទៅអប់រំ បន្ទាប់ពីគេបានជក់បារីអេឡិចត្រូនិក ហើយថតបង្ហោះក្នុងបណ្ដាញសង្គម៕