en     km
en     km

សហភាពអឺរ៉ុបរៀបចំគម្រោងពង្រឹងសិទ្ធិអំណាចស្ត្រីនៅហ្ស៊ីមបាវ៉េ

Share

សហភាពអឺរ៉ុប (EU) រៀបចំគម្រោងផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅទូទាំងប្រទេសហ្ស៊ីមបាវ៉េ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើហិង្សាលើបញ្ហាយេនឌ័រនៅក្នុងសហគមន៍។ គម្រោងនេះ ត្រូវបានអង្គការសហប្រជាជាតិដើម្បីស្រ្តី (UN Women) យកទៅអនុវត្តដើម្បីបញ្ចប់អំពើហិង្សាលើកុមារី និងស្រ្តី ខណៈស្រ្តីនៅក្នុងប្រទេសនេះ មានភាពខ្វះខាត លើការទទួលបានព័ត៌មានលើសិទ្ធិ និងសេវាសុខភាពពេញលេញ។ នេះបើយោងតាមគេហទំព័រ Zimbabwe Independent ចុះផ្សាយនៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤។

ថ្លែងក្នុងអំឡុងពិធីរំលឹកខួបទិវាសិទ្ធិនារីអន្តរជាតិកាលពីថ្ងៃពុធ ទី២៧ ខែមីនាកន្លងទៅ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសហ្ស៊ីមបាវ៉េ លោក Jobst von Kirchmann បាននិយាយថា EU នឹងចាប់ផ្តើមគម្រោងជួយស្រ្តីហ្ស៊ីមបាវ៉េឱ្យមានអាជីវកម្ម បណ្តុះបណ្តុលចំណេះដឹងពីគណនេយ្យភាព ហិរញ្ញប្បទាន របៀបបង្កើតអាជីវកម្ម របៀបចាប់ផ្តើមអាជីវកម្ម របៀបលក់ របៀបទិញ និងជំនាញផ្សេងៗទៀត។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបរូបនេះ បញ្ជាក់ទៀតថា EU នឹងបន្តធ្វើកិច្ចការប្រយុទ្ធប្រឆាំងអំពើហឹង្សាលើបញ្ហាយេនឌ័រយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនៃប្រទេសហ្ស៊ីមបាវ៉េ។

ជុំវិញករណីនេះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី Monica Mutsvangwa ឱ្យដឹងថា រដ្ឋាភិបាលហ្ស៊ីមបាវ៉េ បានប្តេជ្ញាចិត្តក្នុងការបញ្ចប់ភាពក្រីក្រសម្រាប់ស្ត្រី ពិសេសចូលរួមផ្នែកសេដ្ឋកិច្ច និងភាពជាម្ចាស់នៃទ្រព្យសម្បត្តិ ផលិតភាព កាត់បន្ថយវិសមភាព ការស្លាប់របស់មាតានិងទារក និងការធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ សុខភាព និងការចូលរៀនរបស់កុមារ ពិសេសស្រ្តីនៅក្នុងប្រទេស។ អ្នកស្រីអះអាងថា គម្រោងនេះនឹងជួយទៅដល់ស្រ្តី ដើម្បីទប់ស្កាត់អំពើហិង្សា និងធ្វើយ៉ាងណាឱ្យស្រ្តីមានជីវភាពផ្ទាល់ខ្លួនដោយមិនពឹងផ្អែកទាំងស្រុងទៅលើក្រុមគ្រួសារ។

សូមជម្រាបថា ស្រ្តីនិងកុមារីនៅក្នុងប្រទេសហ្ស៊ីមបាវ៉េ កំពុងប្រឈមនឹងបញ្ហាសមភាពយេនឌ័រ ដ្បិតពួកគេមិនមានឱកាសគ្រប់គ្រាន់ក្នុងការទទួលបានចំណេះដឹងនៅតាមគ្រឹះស្ថានអប់រំ រងនឹងអំពើហិង្សាផ្លូវភេទ ស្របពេលដែលស្រ្តីទាំងនេះមិនមានចំណេះដឹងលើសុខភាពបន្តពូជ ដោយសារកង្វះសិទ្ធិទទួលបានព័ត៌មាននិងសេវាអប់រំតាមសហគមន៍។ នេះបើយោងតាមគេហទំព័រ UN Women Africa៕​

ប្រភព៖ Zimbabwe Independent ចុះថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

 

Share

Image
Image
Image