៣០ មីនា ១៩៩៧ ដល់ ៣០ មីនា ២០២៤ មានរយៈពេល២៧ឆ្នាំហើយ នៃព្រឹត្តិការណ៍គប់គ្រាប់បែកមុខអតីតរដ្ឋសភា ដែលបណ្ដាលឱ្យមនុស្សជិត២០នាក់ស្លាប់ និងជាង១០០នាក់ទៀតរងរបួសធ្ងន់។ ទោះជាអស់រយៈពេល២៧ឆ្នាំ ប៉ុន្តែជនរងគ្រោះនៅតែចងចាំព្រឹត្តិការណ៍ដ៏ឃោរឃៅនេះ ព្រមទាំងទទូចរកយុត្តិធម៌។ ជាមួយគ្នានោះដែរ អ្នកនយោបាយនៃគណបក្សប្រឆាំង បើទោះបីជាពេលនេះ ពួកគេជ្រកក្រោមគណបក្សនយោបាយផ្សេងគ្នា ប៉ុន្តែ ពួកគេនៅតែរំឭកនូវទិដ្ឋភាពដ៏ជូចត់នេះ។ លោក គីម ចាន់ចាវ រាយការណ៍
២៧ ឆ្នាំបានកន្លងផុតទៅ ក៏ប៉ុន្តែពន្លឺយុត្តិធម៌សម្រាប់ជនរងគ្រោះនៅតែគ្មានស្រមោល បើទោះបីជាមានការស្រែកទាមទារក្តែងៗរៀងរាល់ឆ្នាំ សុំឱ្យរដ្ឋាភិបាលវែកមុខឧក្រិដ្ឋជន និងអ្នកសមគំនិតមកផ្ដន្ទាទោសយ៉ាងណាក្ដី។ ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ថ្ងៃទី ៣០ មីនា ស្ទើរតែក្លាយជាទិវាសោកសៅមួយទៅហើយសម្រាប់ជនរងគ្រោះ និងគណបក្សប្រឆាំង បើទោះបីជាក្រុមនេះ បានចែកផ្លូវគ្នា ទៅជ្រកនៅទីតាំងផ្សេងគ្នា ដោយសារតែបរិបទនយោបាយក្ដី។ គណបក្សកម្លាំងជាតិ ដែលមានក្បាលម៉ាស៊ីនដឹកនាំពីអតីតបក្សសង្គ្រោះជាតិ ដូចជា លោក ស៊ុន ចន្ធី និងលោក រ៉ុង ឈុន បានចេញសេចក្ដីថ្លែងការណ៍មួយ ក្រោមប្រធានបទ «២៧ឆ្នាំកន្លងផុតទៅ ដោយគ្មានពន្ធឺយុត្តិធម៌ ចំពោះជនរងគ្រោះនៃអំពើសោកនាដកម្មវាយប្រហារដោយគ្រាប់បែកដៃទៅលើហ្វូងបាតុករអហិង្សា ដែលមានលោក សម រង្ស៊ី ប្រធានគណបក្សជាតិខ្មែរកាលនោះ ជាអ្នកដឹកនាំ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧» ។
ដោយឡែកគណបក្សភ្លើងទៀនវិញ បានប្រកាសថា គណបក្សរបស់ខ្លួន នឹងប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនបាតុករដែលបានពលីជីវិត ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក ៣០ មីនា ១៩៩៧ នៅចេតិយវីរៈបាតុករខាងមុខវត្តបទុមវត្តី។ ពិធីបង្សុកូលនេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ។
គណបក្សកម្លាំងជាតិ អះអាងថា គណបក្សកម្លាំងជាតិ រួមជាមួយជនរងគ្រោះនៃអំពើសោកនាដកម្មដ៏ព្រៃផ្សៃនេះ ចងចាំជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន តស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់របស់ហ្វូងបាតុករ និងអ្នកស្នេហាជាតិដទៃទៀត ដែលបានចេញមុខចូលរួមដឹកនាំធ្វើបាតុកម្មអហិង្សា ដើម្បីទាមទារឱ្យមានយុត្តិធម៌សង្គម លក្ខខណ្ឌការងារល្អប្រសើរសម្រាប់កម្មករ និងកែទម្រង់ប្រព័ន្ធតុលាការឱ្យមានភាពស្អាតស្អំ យុត្តិធម៌នៅកម្ពុជា។
គណបក្សកម្លាំងជាតិ អំពាវនាវឱ្យរដ្ឋាភិបាលត្រូវតែ នាំពួកឧក្រិដ្ឋជនដែលបានវាយប្រហារដោយគ្រាប់បែកដៃទៅលើហ្វូងបាតុករអហិង្សា ថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧ យកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យមានអំពើនិទណ្ឌភាពបន្តទៀត និងផ្ដល់ពន្លឺយុត្តិធម៌ដល់ជនរងគ្រោះនៃអំពើសោកនាដកម្មដ៏ព្រៃផ្សៃនេះ៕