en     km
en     km

ច្បាប់រៀបអាពាហ៍ពិពាហ៍របស់ក្រុម LGBTI+ នៅថៃ ត្រូវបានអនុម័តពីសភា

Share

 

ច្បាប់អនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបអាពាហ៍ពិពាហ៍បានស្របច្បាប់ ក្លាយជាប្រធានបទក្តៅគគុកនៅក្នុងប្រទេសថៃ។ កាលពីពេលថ្មីៗនេះ សភារបស់ថៃបានអនុម័តសេចក្តីព្រាងច្បាប់នេះនិងត្រៀមបញ្ជូនទៅព្រឹទ្ធសភា មុននឹងថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខា ដើម្បីដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

សភាថៃ​ បានសម្រេចអនុម័តច្បាប់អាពាហ៍ពិពាហ៍សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាជាផ្លូវការ និងដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញយ៉ាងស្របច្បាប់ ដែលករណីនេះទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។  ការណ៍នេះធ្វើឡើងដើម្បីជំរុញសមភាពយេនឌ័រនៅក្នុងប្រទេស ពិសេសថៃនឹងក្លាយជាប្រទេសដំបូងក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុម LGBTI+។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤។

សេចក្តីអនុម័តច្បាប់ថ្មីនៅក្នុងសភានេះ ធ្វើឡើងកាលពីថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ដែលមានការគាំទ្រពីសមាជិកសភាចំនួន ៤០០រូបក្នុងចំណោមចំនួន ៤១៥រូប។ ជាងនេះ គណបក្សធំៗជាច្រើននៅក្នុងប្រទេសថៃ ក៏គាំទ្រនិងជំរុញឱ្យមានច្បាប់ធ្វើយ៉ាងណាឱ្យក្រុម LGBTI+  មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ដូចនឹងក្រុមមនុស្សដទៃផងដែរ។

ជុំវិញករណីនេះ លោក Danuphorn Punnakanta ប្រធានគណៈកម្មាធិការសភានៃសេចក្តីព្រាងច្បាប់ថ្មីនេះឱ្យដឹងថា សភាធ្វើយ៉ាងណាចង់បោះជំហានឆ្ពោះទៅពង្រឹងជំហររបស់ប្រទេសថៃថាជាសង្គមសេរីបំផុតរបស់អាស៊ី ដែលកាត់បន្ថយការរើសអើងក្រុមមនុស្សនៅក្នុងសង្គម និងងាកមកចាប់ផ្តើមបង្កើតសមភាពយេនឌ័រ។ ក៏ប៉ុន្តែ លោកលើកឡើងដែរថា សេចក្តីព្រាងច្បាប់នេះទាមទារឱ្យមានការអនុម័តពីព្រឹទ្ធសភា និងការឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រថៃ នៅមុនពេលដាក់ឱ្យប្រើប្រាស់ច្បាប់នេះនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ច្បាប់នេះអាចចូលជាធរមានក្នុងរយៈពេល ១២០ថ្ងៃខាងមុខ បន្ទាប់ពីការអនុម័តរបស់ព្រះមហាក្សត្រ។ ជាមួយគ្នានេះ ថៃ​នឹងក្លាយជាប្រទេសមួយដែល​ដើរ​តាម​តៃវ៉ាន់ និងនេប៉ាល់ក្នុងការអនុញ្ញាតឱ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នារៀបអាពាហ៍ពិពាហ៍បានយ៉ាងស្របច្បាប់។ យ៉ាងណា ថៃ​ជាប្រទេសដែល​បើកសិទ្ធិទូលំទូលាយទៅដល់អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជា​យូរ​ណាស់មក​ហើយ ដោយ​មាន​យុទ្ធនាការលើកកម្ពស់ក្រុមមនុស្ស LGBTI+ ជាច្រើនសម្រាប់អ្នកនៅក្នុងស្រុក និងជនបរទេស៕

ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

 

Share

Image
Image
Image