ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមមន្រ្តីនៃមន្ទីរការងារខេត្តកំពង់ស្ពឺបានចុះអន្តរាគមន៍ដោះស្រាយចំណុចទាមទារមួយចំនួនរបស់កម្មករ ប៉ុន្តែតួលេខសំណងទូទាត់នៅមិនទាន់ស្របមតិគ្នានៅឡើយ ដែលធ្វើឱ្យលទ្ធផលនៃការដោះស្រាយពុំទាន់អាចរកច្រកបានក្រោយចាប់កិច្ចប្រជុំភ្លាមៗនោះ។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
សកម្មភាពប្រមូលផ្តុំរបស់រោងចក្រMAក្នុងថ្ងៃមន្ទីរការងារសម្របសម្រួល។រូបភាពពីលោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។
នៅមិនទាន់មានលទ្ធផលផ្លែផ្កាភ្លាមៗនៅឡើយនោះទេ ក្រោយមន្រ្តីនៃមន្ទីរការងារខេត្តកំពង់ស្ពឺចុះអន្តរាគមន៍សម្របសម្រួលរវាងភាគីក្រុមហ៊ុនរោងចក្រ អឹមអេ និងភាគីកម្មករ ដ្បិតខ្ទង់នៃតម្លៃទាមទារខ្ពស់ពេក។ លោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាប្រាប់វិទ្យុស្រ្តីនៅត្រឹមរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ យ៉ាងដូច្នេះថា៖«កម្មករគាត់រក្សាជំហរគាត់ដដែរ គឺមានប្រាក់ខែចុងក្រោយ ប្រាក់ព្យួរការងារ៣០ដុល្លារ និងប្រាក់ជូនដំណឹង ដូច្នេះហើយធ្វើឱ្យអ្នកទទួលផ្ទាល់គាត់អត់មានលទ្ធភាពក្នុងការជជែក ។ចឹងគាត់ឱ្យភាគីកម្មករធ្វើការសម្បទានណាមួយ ដើម្បីឱ្យភាគីរោងចក្រមានលទ្ធភាពទូទាត់»។
ដោយឡែកលោក លឹម កុយ កម្មករនៃរោងចក្រMAមួយរូបប្រាប់ថា លោកចង់ឱ្យកិច្ចសម្របសម្រួលប្រព្រឹត្តិទៅឱ្យបានឆាប់រហ័ស និងដំណើរការតាមនីតិវិធីច្បាប់ដែលមានចែងជាធរមាន។ លោកថា ក្នុងកិច្ចប្រជុំនោះភាគីដែលមានវត្តមានក្នុងកិច្ចប្រជុំបានបំផុសខ្ទង់តម្លៃ៤៥០ដុល្លារ ដែលជាតម្លៃមួយតម្រូវឱ្យភាគីក្រុមហ៊ុនទូទាត់មកកម្មករ។ តែយ៉ាងណាខ្ទង់តម្លៃនេះ ហាក់ពុំទាន់មានការពេញចិត្តពីភាគីកម្មករទេ ខណៈកម្មករចង់បានប្រាក់ទូទាត់ទាំងបីចំណុច ដែលអាចទទួលបានប្រមាណជិត១០០០ដុល្លារ។
លោក លឹម កុយ៖«តាមខ្ញុំ ខ្ញុំអត់ចង់វែងឆ្ងាយទេ ព្រោះបងប្អូនកម្មករបានធ្វើតេស្តជាប់ការងាររោងចក្រផ្សេងហើយ ហើយមិនចង់ឱ្យឡើងចុះវែងឆ្ងាយអីទេ»។
សកម្មភាពនៃជំនួបចរចារវាងមន្ត្រីមន្ទីរការងារខេត្តកំពង់ស្ពឺនិងកម្មករជាមួយភាគរោងចក្រMA។រូបភាពពីលោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។
សូមជម្រាបថា កម្មកររោងចក្រMA បានចេញតវ៉ានិងដាក់ញាត្តិជូនក្រសួងការងារសុំកិច្ចអន្តរាគមន៍កាលពីថ្ងៃទី២៦ ខែមីនា ដោយកម្មករស្នើសុំចំនួន ៣ ចំណុច ទី១.សូមឱ្យក្រុមហ៊ុនបើកលុយព្យួរការងារចំនួន ៣០ដុល្លារ។ទី២.សូមឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលចុងក្រោយ។និងទី៣.សូមឱ្យក្រុមហ៊ុនទូទាត់ប្រាក់បំណាច់ជួសការជូនដំណឹងមុនដល់កម្មករនិយោជិត។
ការចេញតវ៉ានិងដាក់ញាត្តិនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនកាបូប អិមអេ ហ៊នប៊ែក (ខេមបូឌា) ខូអែលធីឌី បានបិទទ្វារមិនទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ និងបានព្យួរការងារកម្មករនិយោជិតកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ទៀតផង។ បន្ទាប់មកគឺនៅយប់ថ្ងៃទី១៦និងទី១៧ ខែមីនា ក្រុមហ៊ុនបានដឹកសម្ភារៈមួយចំនួនចេញពីរោងចក្រ។ ក្រោយមានសកម្មភាពបែបនេះកើតឡើង កម្មករដែលស្នាក់នៅក្បែរនោះបានមកជួបជុំគ្នាមុខក្រុមហ៊ុនជាការរារាំងកាលពីថ្ងៃទី២៥ខែមីនា ប៉ុន្តែត្រូវម្ចាស់ដីមិនអនុញ្ញាតបើកទ្វារឱ្យកម្មករចូលមើលសកម្មភាពក្នុងក្រុមហ៊ុននោះឡើយ។ សូមបញ្ជាក់ថា រោងចក្រដេរកាបូប អិមអេ ហ៊នប៊ែក (ខេមបូឌា) ខូអែលធីឌី មានកម្មករ កម្មាការិនីប្រមាណ១៧០នាក់ ស្ថិតភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕