en     km
en     km

ការលុបបំបាត់មីន៖ចិនផ្ដល់ជំនួយឥតសំណងជាង៤លានដុល្លាសម្រាប់កម្ពុជាក្នុងឆ្នាំ២០២៤

Share

តាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ថាចិនបានផ្ដល់ជំនួយឥតសំណងជាង៤លានដុល្លា សម្រាប់លុបបំបាត់គ្រាប់មីននៅកម្ពុជាក្នុងឆ្នាំ២០២៤។ គម្រោងក្នុងឆ្នាំ២០២៤នេះ CMAC បញ្ជាក់ថា មានផែនការបន្ដកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តចំនួន៣ មានខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ។

បើតាមការឱ្យដឹងពី CMAC  សកម្មភាពសំខាន់ៗដែលត្រូវធ្វើមានដូចជា ការបោសសម្អាតផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ សង្គ្រាមចំនួនជាង៣៤០០ហិកតា ការស្រាវជាវ និងប្រមូលព័ត៌មានអំពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងគ្រាប់បែកចង្កោមចំនួនប្រមាណ៩០០០ពហុកោណ​(ទីតាំង)​ និងការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន​ចំនួនជាង៣០០គោលដៅ​។ គម្រោងនេះផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណ៧០ម៉ឺននាក់។

កម្ពុជាទើបប្រកាសថា ខេត្តក្រចេះ ជាខេត្តទី១៥ ដែលប្រកាសថាជាខេត្តអស់មីន។ ជាមួយគ្នា អាជ្ញាធរមីនបញ្ជាក់ថា ថាចំនួនជនរង​គ្រោះដោយសារគ្រាប់មីនបានថយមកនៅត្រឹម៣២នាក់ ក្នុងឆ្នាំ២០២៣ ខណៈកាលពីឆ្នាំ១៩៩៦ មានដល់ ៤៣២០ នាក់។

យ៉ាងណា កម្ពុជាអះអាងថា ត្រឹមឆ្នាំ២០២៥កម្ពុជានឹងអស់មីន ខណៈខេត្តចំនួន១០ ​ប្រតិបត្តិ​ករ​កំពុង​បោសសម្អាត រួម​មាន​ខេត្ត​សៀមរាប រតនគិរី បាត់ដំបង កោះកុង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ កំពង់ធំ និង​ខេត្តព្រះវិហារ​។

ចំណែករាជធានី​-ខេត្តចំនួន១៥ ដែលត្រូវបានប្រកាសថា ​អស់​មីនរួចហើយ ​រួមមាន​ខេត្ត​ស្ទឹងត្រែង ខេត្ត​កែប ខេត្តព្រៃវែង ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ ខេត្តកណ្តាល ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង តាកែវ  កំពត មណ្ឌលគិរី កំពង់ស្ពឺ និង​ខេត្តក្រចេះ​៕

 

Share

ព័ត៌មានទាក់ទង

Image