ក្រោយអាជ្ញាធរ នគរបាល នៃរដ្ឋាភិបាលវៀតណាមបានចាប់ព្រះចៅអធិការមួយព្រះអង្គ និងចាប់ខ្លួនពលរដ្ឋខ្មែរកម្ពុជាក្រោម២នាក់ លេខាធិកាដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម បានចេញថោ្កលទោសចំពោះទង្វើនេះ និងចាត់ទុកថា ជាការបំបាក់ស្មារតីពលរដ្ឋជនជាតិដើម។ ការណ៍នេះ លេខាធិកាដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោមអំពាវនាវឱ្យអង្គការសហប្រជាជាតិ សហគមន៍អន្ដរជាតិ និងអង្គទូតនានានៃប្រទេសគោរពស្រលាញ់សិទ្ធិមនុស្សប្រចាំនៅប្រទេសវៀតណាម អន្ដរាគមន៍ទៅរដ្ឋាភិបាលវៀតណាម។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
តាមលិខិតថ្លែងការណ៍របស់លេខាធិកាដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម បានថោ្កលទោសចំពោះអាជ្ញាធរ នគរបាល នៃរដ្ឋាភិបាលវៀតណាមនៅខេត្តវិញឡុង(អតីតខេត្តលង់ហោ-កម្ពុជាក្រោម) ដែលបានចាប់ផ្សឹកព្រះចៅអធិការវត្តស្រទុំសេកមួយព្រះអង្គ និងចាប់ខ្លួនពលរដ្ឋខ្មែរក្រោម២នាក់ ព្រមទាំងឃុំខ្លួនពួកគេកាលពីថ្ងៃ២៦ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ។
មូលហេតុនៃការចាប់ផ្សឹកព្រះចៅអធិការ ព្រះនាម ថាច់ ច័ន្ទតារា និងចាប់ខ្លួនលោក គឹម ឃីម គឺតាមមាត្រា៣៣១ នៃក្រមព្រហ្មទណ្ឌវៀតតណាម ដោយចោទពីបទ “កេងផលប្រយោជន៍ពីសេរីភាពប្រជាធិបតេយ្យ ដើម្បីរំលោភលើផលប្រយោជន៍រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងបុគ្គល”។ ចំណែកពលរដ្ឋម្នាក់ទៀត លោក ថាច់ វាសនា ត្រូវបានចាប់ខ្លួនតាមមាត្រា១៥៧ នៃក្រមព្រហ្មទណ្ឌវៀតណាមដោយចោទពីបទ “ការចាប់ខ្លួន ខាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់” ប្រព្រឹត្តិទៅកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈដែលលោកចេញទៅអន្ដរាគមន៍មកលើក្មេងទំនើង និងជនខិលខូចចូលលុកលុយវត្តអារាម។ នេះបើយោងតាមការឱ្យដឹងពីសេចក្ដីថ្លែងការណ៍។
តែលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោមថា អាជ្ញាធរវៀតណាមព្យាយាមកេងចំណេញពីខ្លឹមសារនៃមាត្រាច្បាប់ព្រហ្មទណ្ឌនេះ ដើម្បីធ្វើទុក្ខ បុកម្នេញ គម្រាមកំហែង បំបាក់ស្មាតីប្រជាពលរដ្ឋខ្មែរក្រោម កុំឱ្យមានស្មារតីអនុវត្តន៍គោលការណ៍សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពរបស់ខ្លួនក្នុងនាមជាជនជាតិដើម។
សមាគមខ្មែរកម្ពុជាក្រោម យល់ថា ទង្វើរបស់អាជ្ញាធរ នគរបាល នៃរដ្ឋាភិបាលវៀតណាមកំពុងតែរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍សិទ្ធិមនុស្ស និងគោលការណ៍សិទ្ធិជនជាតិដើមអង្គការសហប្រជាជាតិ។
ទន្ទឹមនឹងការថ្កោលទោសនេះ អគ្គលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោមទាមទារឱ្យអាជ្ញាធរវៀតណាមត្រូវដោះលែងព្រះចៅអធិការ និងពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងពីររូបមានសេរីភាពវិញជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ បន្ថែមពីនេះ អគ្គលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោមអំពាវនាវដល់អង្គការសហប្រជាជាតិ សហគមន៍អន្ដរជាតិ និងអង្គទូតនានានៃប្រទេសគោរពស្រលាញ់សិទ្ធិមនុស្សប្រចាំនៅប្រទេសវៀតណាម អន្ដរាគមន៍ទៅរដ្ឋាភិបាលវៀតណាមនូវទង្វើគាបសង្កត់សិទ្ធិខ្មែរក្រោម និងគោរពកាតព្វកិច្ចក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ៕