ភ្នំពេញ៖ ជនជាតិដើមភាគតិចព្នងមួយចំនួនដែលស្ថិតនៅតំបន់ដាច់ស្រយាល ភាគច្រើនពុំសូវទទួលបានការអប់រំចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនោះទេ ពោលពួកគេភាគច្រើនរៀនបានត្រឹមកម្រិតបឋមសិក្សាតែប៉ុណ្ណោះ។ មូលហេតុដ្បិតដោយសារសាលារៀននៅឆ្ងាយពីផ្ទះ ខ្វះមធ្យោបាយធ្វើដំណើរបញ្ហាជីវភាពខ្វះខាត ហើយកុមារីជាមុខសញ្ញានាំមុខនៃការបោះបង់ចោលការសិក្សា។ តែយ៉ាងណា ក៏មានយុវតីជនជាតិដើមភាគតិចព្នងមួយចំនួនបានជម្នះការលំបាកមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅភ្នំពេញខ្លះផងដែរ តែពួកគេត្រូវប្រឈមនឹងបញ្ហាថ្មីៗជាច្រើននៅភ្នំពេញ។
ជួបដំបូងជាមួយកញ្ញា ប្លាល ពុធ បច្ចុប្បន្នជានិសិត្សឆ្នាំទី២ សិក្សាជំនាញ រដ្ឋបាល អប់រំ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ។ យុវតីវ័យ ២៣ ឆ្នាំរូបនេះ ជាជនជាតិដើមភាគតិចព្នង មានទីលំនៅកំណើតនៅភូមិជីក្លប់ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី។ យុវតី ពុធ និយាយថា ការមករស់នៅភ្នំពេញដំបូងកញ្ញាមិនស្គាល់អ្នកណានោះទេ សម្បីតែផ្លូវក៏មិនសូវស្គាល់ដែរ ហើយថែមទាំងជួលកន្លែងស្នាក់នៅឆ្ងាយពីសាលាថែមទៀត ហើយជួបកាលត្រូវវង្វេងផ្លូវថែមទៀតជាហេតុនាំឱ្យកញ្ញាទៅសិក្សាយឺត។ អ្វីដែលជាបញ្ហាប្រឈមធំនោះ គឺការសម្របខ្លួនទៅនឹងបរិយាកាសរស់នៅរវាងទីក្រុងនិងទីជនបទ ដែលយុវតីជនជាតិដើមភាគតិចព្នងរូបនេះត្រូវជួបមនុស្សប្លែកថ្មី សំណង់អាគារធំខ្ពស់ៗ យានយន្តបើកបរស្អេកស្កះ ក្លិនផ្សែងរថយន្ត និងក្លឹនស្អុយចេញពីតាមលូបង្ហូរទឹកជាដើម ដែលបញ្ហាបង្កឱ្យកញ្ញាមានបញ្ហាសុខភាពខ្លះៗផងដែរ។
កញ្ញា ប្លាល ពុធ បានបន្ដថា៖« សម្រាប់ប៉ាម៉ាក់ឱ្យមករៀន ស្រីអ៊ីចឹងគេថាទៅរៀនមែនមកវិញកុំនាំប្រុសនាំកូនស្រីទៅរៀនឆ្ងាយមិនបាន ដោយសារគេឃើញស្រីៗទៅរៀនឆ្ងាយៗសុទ្ធតែមានកូនមានប្ដីអ៊ីចឹងហើយជាជនជាតិដើមភាគតិចព្នង។ ការងារធ្វើភាគច្រើនសុទ្ធតែមាន ពីម៉ោង៣ ដល់ម៉ោង១២យប់ យើងរៀនត្រូវការងារធ្វើ ដល់ពេលយើងរៀនហើយយើងជាស្រីអ៊ីចឹង ពេលមកវិញយប់ព្រលប់ គ្មានសុវត្ថិភាពទៀត។ សម្រាប់ដំបូងអត់សាំនៅភ្នំពេញអាកាសធាតុ សម្បូរតែអាគារ តែគ្មានព្រៃឈើ យើងធ្លាប់តែនៅស្រុកស្រែ មានខ្យល់អាកាសបរិសុទ្ធ នៅភ្នំពេញសុទ្ធតែគីមី មានលូស្អុយ និយាយទៅមកដំបូងនៅអត់សាំទេនៅបានមួយយប់ឈឺគ្រុន ដោយសារអាកាសធាតុអត់អំណោយផល ក្ដៅហើយអត់ត្រជាក់ ម៉ូតូឡានច្រើន។ នៅភ្នំពេញមិនអាចទុកចិត្ដអ្នកបានទេមានតែទុកចិត្ដលើខ្លួនឯងទេ នៅភ្នំពេញគឺយើងដឹងហើយគឺនៅទីក្រុង អសន្ដិសុខណាស់ មានឆបោកឬក៏ម៉ិចយើងមិនអាចដើរយប់បានទេដោយសារនៅភ្នំពេញគឺនៅទីក្រុងអ៊ីចឹង »។
ដោយឡែកបរិយាកាសនៅកន្លែងសិក្សាវិញកញ្ញា ប្លាល ពុធ លើកឡើងថា កញ្ញាទទួលបានការលើកទឹកចិត្តច្រើនពីគ្រូនិងមិត្តរួមថ្នាក់ ហើយពួកគេបង្ហាញការភ្ញាក់ផ្អើលដែលមានជនជាតិដើមភាគតិចជាមិត្តរួមថ្នាក់។ ប៉ុន្តែកញ្ញាពុំសូវទទួលបានអារម្មណ៍កក់ក្តៅប៉ុន្មាននោះទេ នៅកន្លែងធ្វើការ ដ្បិតមានការរើសអើងខ្លះ ស្តែងឡើងតាមរយៈការចាប់កំហុសជាជាងការជួយណែនាំគ្នា។
កញ្ញា ប្លាល ពុធ បានបន្ដថា៖«បើនៅក្នុងថ្នាក់គ្មានរើសអើងទេនោះទេ មានតែការសរសើរពីលោកគ្រូនិងមិត្ដភក្ដិថា យើងជាជនជាតិដើមភាគតិចហើយជាស្រីអាចរៀននៅភ្នំពេញបានគឺគេសរសើរយើង។ ពេលខ្លះនៅកន្លែងធ្វើការគេរើសអើងយើងដោយសារយើងជាជនជាតិដើមភាគតិច តែហេតុផលខ្លះឈប់ដោយសារការមិនពេញចិត្ដដោយសារយើងជាជនជាតិដើមភាគតិច គេថាចង់ជួយយើងតែក្រោយខ្នងយើងគេធ្វើដូចអត់សូវពេញចិត្ដពេលទំនេរយើងមិនអាចធ្វើការបាន។ មួយខែៗរៀនចន្ទទដល់សុក្រ។ យើងឆ្លៀតធ្វើការ ថ្ងៃសៅអាទិត្យ។ កន្លែងការមានល្អមានអាក្រក់»។
ងាកមកកញ្ញា តែន ស្វាក់ អាយុ២៤ឆ្នាំ ជានិសិ្សតរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជានិស្សិតឆ្នាំទី២ ជំនាញអក្សរសាស្ដ្រខ្មែរ ក៏មិនខុសគ្នាពីកញ្ញា ពុធ នោះដែរ ដ្បិតបញ្ហាថវិកា ការចាកចេញពីស្រុកកំណើតមករស់នៅទីតាំងថ្មី ធ្វើឱ្យកញ្ញាត្រូវប្រឈមមុខដោះស្រាយបញ្ហាជាច្រើនក្នុងវ័យដែលត្រូវរកអនាគតភ្លឺស្វាងទៅថ្ងៃខាងមុខ។ មានដើមកំណើតជាជនជាតិដើមភាគតិចព្នង រស់នៅភូមិស្រែធំ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដ មណ្ឌលគិរី កញ្ញា តែន ស្វាក់ ត្រូវស្វែងរកការងារធ្វើបណ្តើរ រៀនបណ្តើរ ព្រោះក្រុមគ្រួសារពុំមានលទ្ធភាពបរិបូរណ៍ដើម្បីផ្គត់ផ្គង់ការសិក្សាដល់កញ្ញារហូតដល់ចប់មហាវិទ្យាល័យនោះទេ។
បើទោះបីជាហត់នឿយក្នុងយុវ័យជានិស្សិតបែបនេះក្តី តែយុវតីរូបនេះមានមោទនភាពចំពោះខ្លួនឯង ព្រោះមិនដែលគិតថាខ្លួនអាចបន្ដការសិក្សានៅរាជធានីភ្នំពេញបានដល់ឆ្នាំទី២នោះទេ ខណៈកញ្ញារស់នៅតំបន់ដាច់ស្រយាលហើយថែមទាំងជីវភាពខ្វះខាត។ កញ្ញា តែន ស្វាក់ អាចមកបន្ដការសិក្សានៅភ្នំពេញបានដោយសារជាប់អាហាររូបករណ៍ ហើយក្តីស្រមៃរបស់កញ្ញាគឺចង់រៀនចប់ទទួលបានបរិញ្ញាបត្រ។
កញ្ញា តែន ស្វាក់បន្ដថា៖«គ្មានការរើសអើងចំពោះយើងទេ គេរិតតែស្រឡាញរាប់អានយើង លើកទឹកចិត្តដោយសារយើងជាជនជាតិព្នងហើយនៅម្នាក់ឯង មកពីខេត្ដ។ គាត់អនុញ្ញាតឱ្យយើងទៅ តែគាត់អត់លុយឱ្យមករៀន គាត់មែនឈប់រៀនទេ តែលុយទៅអត់រួច។ យើងជាស្រីហើយទៅកន្លែងឆ្ងាយ ភ្នំពេញមានបទពិសោធន៍សម្រាប់ខ្លួនឯងក៏ច្រើនដែរ ដោយសារតែចិត្ដមួយចង់រៀន បទពិសោធន៍ក្នុងការរៀនកាន់តែរៀនកាន់តែដឹង ចំណេះវិជ្ជាមុខជំនាញមួយ ៗ។ លើកទឹកចិត្ដសិស្សប្អូនក៏ដូចជាមិត្ដភក្ដិជនជាតិដើមយើង រៀនឱ្យបានខ្ពស់កុំឱ្យមានគេមើលងាយ ហើយរៀនដល់បរិញ្ញាបត្រ ឬក៏អនុបណ្ឌិតចង់ឱ្យមានចំណេះដឹងជ្រៅជ្រះ»។
រីឯកញ្ញា សេង ទាវ អាយុ២២ឆ្នាំ ជាជនជាតិដើមភាគតិចព្នងមួយរូបទៀត មកពីភូមិ ពូត្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្ដមណ្ឌលគិរី សព្វថ្ងៃជានិសិ្សតច្បាប់ ឆ្នាំទី២ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច និយាយប្រាប់វិទ្យុស្ដ្រីថា បញ្ហាដែលកញ្ញាជួបប្រទះពេលមករស់នៅភ្នំពេញដំបូងៗគឺ បញ្ហាថវិកានិងសុវត្ថិភាព។ សម្រាប់កញ្ញាដែលមកពីគ្រួសារក្រក្រីគឺត្រូវប្រឈមបញ្ហាបង់ថ្លៃសាលា និងមិនបានរៀនភាសាបរទេសបន្ថែមទេ។ ការខ្វះខាតនេះហើយទើបកញ្ញាបានសម្រេចចិត្តមកធ្វើការងារស្ម័គ្រចិត្តតាមអង្គការ និងបានធ្វើជាអ្នកលក់កាហ្វេតាមផ្លូវផងដែរដើម្បីយកថវិកាផ្គត់ផ្គង់ការសិក្សា។
កញ្ញា សេង ទាវ បន្ដថា៖«ទាក់ទងទៅនិងថវិកា យើងមកពីតំបន់ដាច់ស្រយាលខ្វះខាតធ្វើឱ្យយើងមិនបានរៀនបន្ថែម។ យើងក្មេងស្រីផងមកពីតំបន់ឆ្ងាយនៅពេលដែលយើងមក រៀនដំបូងៗបងមានអារម្ភថាភ័យខ្លាច។ បងមិនដឹងថាមករៀនភ្នំពេញបងហ្នឹង អាចសម្របខ្លួនបែបណា រស់នៅទៅមានសុវត្ថិភាពអត់អ៊ីចឹងណា។ ហើយមួយទៀតដោយសារតែនៅទីក្រុងភ្នំពេញមនុស្សច្រើន ការធ្វើដំណើរក៏យើងពិបាកដែរគឺត្រូវការប្រុងប្រយ័ត្នខ្លាំងមែនទែនចំពោះសុវត្ដិភាពរបស់យើង។ យើងឆ្ងាយពីម៉ែឪដែរ អ៊ីចឹងវាជារឿងពិបាក នៅស្រុកកំណើតយើងជាតំបន់ត្រជាក់សម្បូរទៅព្រៃភ្នំច្រើនទៀត។ វាអត់ដូចនៅហ្នឹង[ភ្នំពេញ]យើងឃើញតែមនុស្សឃើញតែផ្ទះរាងពិបាក។ ទទួលបានការរើសអើងសូម្បីតែបងប្អូនជនជាតិដើមភាគតិចផ្សេងៗក៏ធ្លាប់ត្រួវគេរើសអើងដូចគ្នាដែរ។ គេតែងតែបោះពាក្យសម្ដីថាជនជាតិដើមភាគតិចស្អាត ម្ល៉េសម៉េចមិនដូចស្អីគេអ៊ីចឹងទៅ។ បើតាមបងគិត គឺជាផ្នត់គំនិតរបស់គេ គេតែងគិតថាជនជាតិដើមភាគតិចគឺរស់នៅក្នុងព្រៃដុះកន្ទុយអីអ៊ីចឹងទៅ។ រៀនជំនាញច្បាប់ តែមែនទែនទៅបងរៀនឆ្នាំទី៣ហើយ រៀនប្រវត្ដិវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បងផ្លាស់ប្ដូររមុខវិជ្ជា ធ្វើឱ្យខាតឆ្នាំអ៊ីចឹងណា ជាបទពិសោធន៍ទីមួយសម្រាប់បងដែរ»។
តាមរយៈការបង្ហាញនូវបទពិសោធន៍ជីវិតតស៊ូរបស់យុវតីទាំងអស់ខាងលើ យុវតីខាងលើជំរុញដល់ក្មេងស្រីជនជាតិដើមភាគតិចព្នងទាំងអស់ ត្រូវមានការតស៊ូក្នុងការសិក្សាទោះពួកគេជាស្រ្ដីក៏អាចបន្ដការសិក្សាឆ្ងាយពីផ្ទះបានដែរ៕
អត្ថបទខ្លីសរសេរដោយ កញ្ញា រមាស រស្មី និងកញ្ញា ឃ្វិះ ផលឡា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕