en     km
en     km

បទយការណ៍៖ ស្ត្រីចុងភៅម្នាក់ តស៊ូចិញ្ចឹមម្ដាយចាស់ និងប្តេជ្ញាផ្គត់ផ្គង់កូន២នាក់រៀនចប់ចុងចប់ដើម

Share

   

កំព្រាឳពុកតាំងពីក្មេង លុះដល់ពេលពេញកម្លាំងធ្វើការ ស្ត្រីចុងភៅម្នាក់ ត្រូវខិតខំបំពេញអាជីពរបស់ខ្លួន ដើម្បីចិញ្ចឹមម្ដាយចាស់ និងកូនប្រុស២នាក់។ ដំណើរជីវិតរបស់ខ្លួនមានភាពរដាក់រដុប ប៉ុន្តែស្ត្រីចុងភៅរូបនេះ ប្តេជ្ញាខិតខំផ្គត់ផ្គង់ ដើម្បីឱ្យកូនទាំងពីរបានរៀនសូត្រចប់ចុងចប់ដើម។ ចង់ដឹងថា ដំណើរជីវិតរបស់គាត់ យ៉ាងណា ហើយមានការតស៊ូជម្នះ ទុក្ខក្នុងជីវិតបែបណាខ្លះ។ សូមនាង កញ្ញា​ លោក លោកស្រី តាមដាន បទយកការណ៍ របស់ កញ្ញា ងិន ស៊ាងលីម ដូចតទៅ៖

«ពេលណាខ្ញុំ ទៅផ្ទះយឺតកូនគាត់ខលមក គាត់សួរម្តាយ! គាត់សួរមកថាម៉េចក៏ថ្ងៃហ្នឹងយឺតអ៊ីចឹង? ប៉ុន្តែអត់អីទេ! ព្រោះគាត់ដឹងថា ខ្ញុំដូចថាការពារខ្លួនឯងបាន ថេកឃ៊ែរ(TakeCare)ខ្លួនឯង សូម្បីជិះម៉ូតូក៏អត់ហ៊ានលឿនដែរ សុខចិត្តយឺត ព្រោះខ្ញុំមានបន្ទុកត្រូវទទួលខុសត្រូវជាដាច់ខាត ព្រោះថាខ្លួន១ ជីវិត៤​ អ៊ីចឹង ខ្ញុំមិនត្រូវឱ្យខ្លួនឯងមានបញ្ហាអីទេ!»

ខ្លួន១ ជីវិត៤ គឺជារឿងរ៉ាវនៃជីវិតរបស់ស្ត្រីមេម៉ាយកូន២ម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់អាវពណ៌ក្រហមឆ្អិនឆ្អៅដៃខ្លី និងស្លៀកខោវែងជើងកំប៉ុងពណ៌ខ្មៅ  ដើរយួរថងអីវ៉ាន់នៅក្នុងដៃទាំងសងខាងយ៉ាងធំៗ មានបន្លែសាច់ ប្រកបដោយកម្លាំងមាំមួន និងដំណើរយ៉ាងរហ័សរហួន ឆ្ពោះទៅបន្ទប់មួយដែលមានបំពងជ័រដាក់ទឹកធំៗ តម្រង់ជាជួរយ៉ាងមានរបៀបរាបរយ។ ចំណែកផ្នែកខាងឆ្វេងដៃ មានកូនតុមូលមួយមានគ្រឿងធ្វើម្ហូបយ៉ាងច្រើន រួមទាំងសម្ភារៈផ្ទះបាយផងដែរ។ នេះគឺជាទីតាំងកន្លែងធ្វើការ និងជាសកម្មភាពការងារប្រចាំថ្ងៃរបស់គាត់ក្នុងនាមជាចុងភៅ។ ស្ត្រីជាកូនកំព្រា និងជាមេម៉ាយកូន២រូបនេះ​ មានឈ្មោះថា សេង ឡៃស្រៀង អាយុ៤២ឆ្នាំ បច្ចុប្បន្នជាចុងភៅនៅតាមក្រុមហ៊ុន ហើយសព្វថ្ងៃអ្នកស្រីរស់នៅបន្ទប់ជួលនៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយពីលែងលះគ្នាជាមួយស្វាមីមកអ្នកស្រី ត្រូវរ៉ាប់រងបន្ទុកចិញ្ចឹមកូនប្រុសពីរនាក់។ កូនបងរៀនថ្នាក់ទី៧ កូនពៅរៀនថ្នាក់ទី៣ និងម្តាយជាង៦០ឆ្នាំផងដែរ។ នេះជាមូលហេតុដែលអ្នកស្រីនិយាយថា ខ្លួន១ជីវិត៤។ ទោះជាយ៉ាងនេះក្តី អ្នកស្រីមិនដែលរុញរានៅក្នុងជីវិតនោះទេ អ្នកស្រីខិតខំធ្វើការ ដើម្បីបញ្ចូនកូនទៅរៀនបានគ្រប់ៗគ្នា រួមទាំងមើលជំងឺម្តាយដែលឈឺនៅឯផ្ទះផងដែរ។ អាជីពជាចុងភៅនេះ ការចំណាយពុំគ្រប់គ្រាន់នោះទេ មួយខែស្ទើរមិនគ្រប់មួយខែ ព្រោះស្ត្រីរូបនេះ មានបន្ទុកច្រើន ដូចជាការចំណាយប្រចាំថ្ងៃទាំងក្នុងផ្ទះ ការធ្វើដំណើរ អាហារ កូនរៀន និងបង់ថ្លៃផ្ទះជាដើម ។

«អ្វីជាផលវិបាកដោយសារការងារយើងវាមិនច្រើនប៉ុន្មានទេ អ៊ីចឹងការចំណាយច្រើនកូនរៀនផង ហើយនិយាយទៅគ្រប់សព្វទាំងអស់ លើខ្ញុំទាំងអស់ ហើយមិនមែនជាផ្ទះខ្លួនឯង បន្ទប់ជួល អ៊ីចឹងត្រូវចំណាយគ្រប់សព្វទាំងអស់ និងថ្លៃសាលាកូន មួយស្ទើរមិនគ្រប់មួយខែផង។

ការចំណាយមិនគ្រប់គ្រាន់ វាពិបាកដែរ តែមិនដឹងធ្វើម៉េច មានតែការតស៊ូ និយាយក៏មិនដឹងនិយាយប្រាប់អ្នកណា ដោយសារតែខ្ញុំអត់មានបងប្អូន ខ្ញុំជាកូនកំព្រាអ៊ីចឹង ខ្ញុំអត់មានប៉ា មានតែម៉ាក់ ហើយអ៊ីចឹងជីវិតនេះមានការតស៊ូតាំងពីតូច។ អ៊ីចឹងដូចថាការលំបាកហ្នឹងវាសុំាសម្រាប់ខ្ញុំ។»

ស្ត្រីចុងភៅសម្បុរសណ្តែកបាយ​ ធ្មេញច្រពើសរូបនេះ បានរៀបរាប់ទាំងអួរដើមកថា ពីមុនខ្លួនពុំមែនជាចុងភៅនោះទេ មុនខ្លួនរៀបការគឺមានមុខរបររកស៊ីខ្លួនឯង គឺជាអាជីវករលក់ដូរជាង១០ឆ្នាំ។ ប៉ុន្តែដោយសារតែម្តាយឈឺពុំមានអ្នកមើលថែ អ្នកស្រីក៏បានឈប់លក់ជារឿយៗ​​រហូតដល់ដាច់ម៉ូយ។ ទោះជាយ៉ាងនេះក្តី អ្នកស្រីនៅតែជ្រើសរើសយកម្តាយ ហើយក៏មិនដែលសោកស្តាយ ឬតូចចិត្តនោះដែរ ទោះបីជាត្រូវបោះបង់របរ ដែលបានធ្វើឱ្យជីវិតអ្នកស្រីកាក់កបខ្លាំងក៏ដោយ។

«ពីមុនខ្ញុំមិនមែនជាចុងភៅចឹងទេ ខ្ញុំជាអ្នកលក់ដូរជាង១០ឆ្នាំហើយ ប៉ុន្តែគ្រាន់តែថាវា ដូចថាយើងអ្នករកស៊ីឡើង ចុះ វាមានខាតតាមហ្នឹង។ ដោយសារតែពេលហ្នឹង មុនខ្ញុំ(រៀប)ការម្តាយខ្ញុំគាត់ឈឺ ធ្វើឱ្យខ្ញុំឈប់ទៅដាច់ម៉ូយ ដាច់អីអស់អ៊ីចឹងទៅ វាអត់មានម៉ូយឈប់យូរពេក ១ខែធម្មតាគ្មាននរណាចាំយើង។ ទីផ្សារអត់ខ្វះទេ! អ្នកលក់ដូចតែយើងគេចង់បានម៉ូយ ហើយក៏គ្មាននរណារង់ចាំយើង ព្រោះយើងឈប់យូរពេក ប៉ុន្តែខ្ញុំអត់តូចចិត្តរឿងហ្នឹងដោយសារតែខ្ញុំដូរ ដើម្បីម្តាយខ្ញុំ ប្រសិនបើខ្ញុំចង់បានលុយហ្នឹង លក់! ពេលហ្នឹងខ្ញុំយល់ លក់ចំណេញច្រើន ប៉ុន្តែស្មើនឹងម្តាយខ្ញុំ អត់ទេ ខ្ញុំថាសុខចិត្តអត់មានអ្វីគ្រប់យ៉ាង ឱ្យតែម្តាយខ្ញុំជាវិញ ប៉ុន្តែគាត់ជាវិញមែន។»

ដោយឡែកការងារជាចុងភៅនេះ ក្រៅពីភាពហត់នឿយនៅក្នុងផ្ទះបាយ អ្នកផ្ទះរបស់អ្នកស្រីក៏ព្រួយបារម្ភពីកត្តាសុវត្ថិភាពផងដែរ ត្បិតធ្វើការចូលព្រលឹមចេញយប់។ ពេលខ្លះ អ្នកផ្ទះខលមកញឹកញាប់ ព្រោះខ្លាចមានបញ្ហាតាមផ្លូវជាយកថាហេតុ។ ចំពោះបញ្ហានេះ អ្នកស្រីថាខ្លួនប្រុងប្រយ័ត្នខ្ពស់ណាស់ ព្រោះខ្លួន១ជីវិត៤ គ្រួសារមានតែខ្លួនម្នាក់ទេជាបង្គោល មិនអាចឱ្យខ្លួនឯងជួបបញ្ហាអ្វីនោះទេ ។

«ពេលណាខ្ញុំ ទៅផ្ទះយឺតកូនគាត់ខលមក គាត់សួរម្តាយ! គាត់សួរមកថាម៉េចក៏ថ្ងៃហ្នឹងយឺតអ៊ីចឹង? ប៉ុន្តែអត់អីទេ! ព្រោះគាត់ដឹងថា ខ្ញុំដូចថាការពារខ្លួនឯងបាន ថេកឃ៊ែរ(takecare)ខ្លួនឯង សូម្បីជិះម៉ូតូក៏អត់ហ៊ានលឿនដែរ សុខចិត្តយឺត ព្រោះខ្ញុំមានបន្ទុកត្រូវទទួលខុសត្រូវជាដាច់ខាត ព្រោះថាខ្លួន១ ជីវិត៤​ អ៊ីចឹង ខ្ញុំមិនត្រូវឱ្យខ្លួនឯងមានបញ្ហាអីទេ!»

ជីវិតអ្នកស្រីអភ័ព្វ ខ្លួនជាកូនកំព្រាឪពុក ដល់ពេលមានគ្រួសារក៏ត្រូវបែកគ្នាទៀត អ្នកស្រីបានរៀបរាប់ប្រាប់វិទ្យុស្ត្រីថា ខ្លួនតូចចិត្តដែរ អាណិតខ្លួនឯងព្រោះ កាលកុមារភាពអ្នកស្រីមិនដឹងទេ ថាខ្លួនអត់ឪពុក ដោយសារតែម្តាយអ្នកស្រីមានសាច់ញាតិបានផ្តល់ភាពកក់ក្តៅ។ រហូតពេលចូលរៀន នៅពេលអ្នកស្រីត្រូវបានមិត្តភក្តិចំអនថា ជាកូនគ្មានឪពុក។ពេលនោះ អ្នកស្រីមិនទាន់ច្បាស់ទេថា នេះជាអ្វី?  ដោយមិនបង្អង់ពេលយូរ នៅពេលអ្នកស្រីត្រឡប់មកពីសាលាវិញ អ្នកស្រីក៏បានសួរម្តាយ រួមទាំងសាច់ញាតិទើបអ្នកស្រីច្បាស់ថា ខ្លួនគឺមិនមានឪពុកពិតមែន។

«និយាយទៅខ្ញុំតូចចិត្តដែរ ព្រោះពេលនៅពីតូចគេបង្អាប់ថា កូនអត់មានប៉ា និយាយទៅខ្ញុំៗអត់ដឹងទេ ដោយសារតែម្តាយខ្ញុំមានបងប្អូនច្រើន ហើយៗខ្ញុំមានពូ ខ្ញុំមានក្តីស្រឡាញ់ពីក្រុមគ្រួសារបងប្អូនរបស់ម្តាយខ្ញុំ កុង(តា)យាយខ្ញុំ គាត់ស្រឡាញ់ខ្ញុំ។ ខ្ញុំអត់ដឹងថាខ្លួនឯងអត់ប៉ាទេ! ពេលខ្ញុំទៅរៀន គេបង្អាប់ មកដល់ផ្ទះខ្ញុំសួរបានដឹងថា ខ្ញុំហ្នឹងអត់មានប៉ា។ ប៉ុន្តែខ្ញុំមានភាពកក់ក្តៅពីពូរបស់ខ្ញុំ មីងរបស់ខ្ញុំ ហើយយាយកុងរបស់ខ្ញុំ។ និយាយទៅគាត់ផ្តល់ភាពកក់ក្តៅឱ្យខ្ញុំ គាត់ស្រឡាញ់ខ្ញុំដូចកូន ខ្ញុំក៏ស្រឡាញ់ពួកគាត់ដូចគ្នា។»

ថ្វីត្បិតតែខ្លួនគ្មានឪពុក និងបានលែងលះគ្នាជាមួយស្វាមីក៏ពិតមែន ប៉ុន្តែអ្នកស្រីបានផ្តល់ក្តីស្រឡាញ់គ្រប់បែបយ៉ាងដល់កូនៗ និងទទួលរ៉ាប់រ៉ង់ការចំណាយទាំងអស់ឱ្យតែកូនបានសិក្សារៀនសូត្រ មិនចង់ឱ្យកូនខ្លីវិជ្ជាហើយលំបាកដូចខ្លួននោះទេ។ ម្យ៉ាងវិញទៀត អ្នកស្រីតែងបង្រៀនកូនឱ្យទទួលស្គាល់ការពិត រស់នៅក្នុងការពិត និងមិនដែលបង្រៀនកូនឱ្យផ្តេកផ្តួលទៅលើអ្វីមួយឡើយ។

«ខ្ញុំអត់ដែលបង្រៀនកូនខ្ញុំអ៊ីចឹង ខ្ញុំតែងប្រាប់កូនខ្ញុំថា កូន!! ធ្វើជាមនុស្សត្រូវទទួលស្គាល់ការពិតដូចម៉ាក់អ៊ីចឹង ខ្ញុំប្រាប់គាត់ថាម៉ាក់ពេលដែលម៉ាក់ទៅរៀន ម៉ាក់អត់មានលុយទៅរៀនទេ អត់ដែលមានលុយទេ! សូម្បីតែក្រដាសសាលា ពីជំនាន់ខ្ញុំក៏មិត្តភក្តិចេញឱ្យដែរ ដោយសារខ្ញុំអត់មានលុយ។ ខ្ញុំក៏ចង់រៀនបានច្រើនដែរ ប៉ុន្តែដោយសារ គ្រាន់តែទៅរៀន យើងមិនអាចរៀនទាន់គេបានទេ! ត្រូវតែមានរៀនគួរ»។

ពីដើមមកដល់ពេលនេះ បើទោះបីជាខ្លួនលំបាក និងជួបបញ្ហាច្រើនផ្ទួនៗគ្នាយ៉ាងណាក៏ដោយ ក៏អ្នកស្រី សេង ឡៃស្រៀង ពុំដែលមានគំនិតចង់បញ្ចប់ជីវិតខ្លួនម្តងណាឡើង គឺតែងតែញញឹមដើរទៅមុខ និងដោះស្រាយបញ្ហាបន្តបន្ទាប់ជានិច្ច។ អ្នកស្រីតាំងចិត្តខ្លាំងណាស់ ទោះខ្លួនត្រូវរើសអេតចាយក៏ដោយ ឱ្យតែកូនបានរៀន និងមានអនាគតល្អ។

«អត់ដែលគិតខ្លី ធ្វើអ្វីក៏បានដែរ ព្រោះពេលដែលខ្ញុំបែកគ្នាពីប្តីខ្ញុំថា ត្រូវចិញ្ចឹមកូនឱ្យបាន គាត់ជួយខ្លះដែរ ប៉ុន្តែតាមសមត្ថភាពគាត់ ខ្ញុំថាទោះខ្ញុំរើសអេតចាយ ឬក៏ធ្វើអីក៏ខ្ញុំថាត្រូវតែតស៊ូដើម្បីកូនខ្ញុំៗថាខ្ញុំមានដៃពីរជើងពីរ និងខួរក្បាលដូចគេ ខ្ញុំថាត្រូវតែស៊ូ ខ្ញុំនិយាយមែន ព្រោះខ្ញុំតាំងចិត្តហើយៗគឺធ្វើ ទោះថាលំបាកសម្រាប់ខ្ញុំប៉ុណ្ណាក៏ដោយ គឺខ្ញុំមិនដែលថាអស់សង្ឃឹម ចង់ឱ្យកូនឈប់រៀន អត់ដែលគិតអ៊ីចឹងទេ!»

យ៉ាងណាស្ត្រីចុងភៅរូបនេះ បានប្រាប់វិទ្យុស្ត្រីថា គាត់រីករាយនូវអ្វីដែលខ្លួនឯងមាន មិនដែលអស់សង្ឃឹម ទោះខ្លួនមិនសំណាងដូចអ្នកដទៃ។ ប៉ុន្តែអ្នកស្រីថា ជិវិតនេះមានន័យណាស់ ព្រោះមានការតស៊ូច្រើននៅក្នុងជីវិត មានក្តីស្រឡាញ់យ៉ាងពេញទីចំពោះគ្រួសារ ទំនួលខុសត្រូវក្នុងគ្រួសារៗ គឺជាបេះដូងរបស់អ្នកស្រី។​ លើសពីនេះ អ្នកស្រីក៏មិនដែលចង់ឈប់ធ្វើការ ដោយសារតែការហតនឿយនោះដែរ។

«រាល់ថ្ងៃរីករាយនូវអ្វីដែលខ្លួនឯងមាន ថាពិបាកគឺពិបាកហើយ ប៉ុន្តែមិនដែលថាអស់សង្ឃឹមតូចចិត្ត។ អត់មានអីគ្រប់យ៉ាងដូចគេទេ! ប៉ុន្តែខ្ញុំថា ខ្ញុំមានអ្វីដែលគេអត់មាន មានការតស៊ូ មានក្តីស្រឡាញ់ចំពោះគ្រួសារ មានទំនួលខុសត្រូវ និយាយទៅទទួលខុសត្រូវៗហ្នឹងដូចខ្ញុំនិយាយអ៊ីចឹង ជាដាច់ខាតត្រូវតែទទួលខុសត្រូវ អត់មានថាត្រូវតែចុះចាញ់ ធ្លាប់មាន គិតថាហត់ពេក អត់ចង់ធ្វើការ ប៉ុន្តែខ្ញុំថា មិនអាចហត់បានទេ! ហត់ក៏ត្រូវតែធ្វើឱ្យបាន ព្រោះកម្លាំងចិត្តរបស់ខ្ញុំកូនម្តាយនិយាយទៅជាបេះដូងរបស់ខ្ញុំ។»

ដ្បិតថាខ្លួនពុំមែនជាអ្នកជោគជ័យ ឬអ្នកមានធូរធារក៏ពិតមែន ប៉ុន្តែស្រ្តីចុងភៅ ជាកូនកំព្រា និងជាអ្នកម្តាយមេម៉ាយរូបនេះ ចង់ផ្ញើសារផ្តាំទៅមនុស្សស្រីគ្រប់រូបថា ត្រូវតែតស៊ូ និងរឹងមាំ ទោះខ្លួនកំពុងស្ថិតនៅចំណុចណាក៏ដោយ។

«ខ្ញុំចងនិយាយថាអ៊ីចេះ ព្រោះខ្ញុំឃើញមនុស្សសម័យឥឡូវគាត់គិតខ្លី។ តែសម្រាប់ខ្ញុំៗអត់គិតទេ! ខ្ញុំថាខ្ញុំក៏មានជីវិតដូចគេដែរ ប៉ុន្តែខ្ញុំកើតមកក្នុងជីវភាពមិនធូរធារ ប៉ុន្តែខ្ញុំមានជីវិតរស់បាន ខ្ញុំទទួលស្គាល់ការពិត ខ្ញុំលំបាកគឺខ្ញុំទទួលស្គាល់ ប៉ុន្តែខ្ញុំតស៊ូ ហើយខ្ញុំក៏ចង់ប្រាប់មនុស្សស្រីទាំងអស់ថា ត្រូវតែមានការតស៊ូ ត្រូវតែរឹងមាំ។ អ្នកដែលជោគជ័យក៏គេមានការតស៊ូដែរ ប៉ុន្តែខ្ញុំមិនដឹងថាថ្ងៃមុខទៅជាយ៉ាងណាអត់ដឹងទេ! ប៉ុន្តែខ្ញុំត្រូវតែតស៊ូ ខ្ញុំអត់ដែលចុះចាញ់នឹងជីវិតខ្លួនឯងទេ! ហើយជាពិសេសកូនៗ មិនដើម្បីតែខ្លួនឯងបោះបង់កូន អត់ទេ សុខចិត្តលំបាកយ៉ាងណាក៏ត្រូវតែមើលថែកូន ត្រូវតែកូនមានអនាគតល្អ។»

យ៉ាងណាអ្នកស្រី បានបំពេញនាទីជាកូនដ៏កត្តញ្ញូប្រតិបត្តិចំពោះម្តាយ និងជាម្តាយដល់ល្អសម្រាប់កូនៗ ទាំងនេះគឺជាសេចក្តីសុខ និងសេចក្តីពេញចិត្តរបស់អ្នកស្រី។ រីឯកូនៗ អ្នកស្រីចង់ឃើញពួកគេមានសិក្សាបានខ្ពង់ខ្ពស់ និងអនាគតល្អ ទោះជាអ្នកស្រីត្រូវធ្វើការច្រើន ឬធ្ងន់ ប៉ុណ្ណាក៏ដោយ។ ជាមួយគ្នា អ្នកស្រីក៏ឥតបង្ខិតបង្ខំកូន ទោះកូនធំឡើងចង់ធ្វើអ្វី ឬស្រឡាញ់អ្វីក៏ដោយ អ្នកស្រីនឹងខំរកប្រាក់ ធ្វើជាខ្នងបង្អែក និងនៅពីក្រោយកូនជានិច្ច៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

Image
Image
Image