en     km
en     km

សង្គមស៊ីវិល៖ វិធានការរដ្ឋាភិបាលពុំទាន់អាចដោះស្រាយបញ្ហាកាប់បំផ្លាញនិងឈូសឆាយព្រៃឈើបានទេ

Share

តាមសេចក្ដីថ្លែងការណ៍រួមមួយដែលចេញផ្សាយក្រោយទិវាព្រៃឈើអន្ដរជាតិ ក្រុមសង្គមស៊ីវិលបានលើកឡើងថា វិធានការរាជរដ្ឋាភិបាលពុំទាន់អាចដោះស្រាយបញ្ហាការកាប់បំផ្លាញ និងឈូសឆាយព្រៃឈើនៅតាមដែនជម្រកសត្វព្រៃបានទេ។ លោក ហេង គឹមហុង នាយកប្រតិបត្តិនៃសមាគមបណ្ដាយយុវជនកម្ពុជា ថាច្បាប់ស្ដីពីការការពាធម្មជាតិបានកំណត់យ៉ាងច្បាស់ក្នុងការបើចំហឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម ការពាធនធានធម្មជាតិ តែការអនុវត្តជាក់ស្ដែងមិនទាន់ទូលំទូលាយ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

សង្គមស៊ីវិលជាច្រើនក្រុម រួមមានក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានមើលឃើញថា រាជរដ្ឋាភិបាលបានខិតខំបង្កើតតំបន់ការពារធនធានធម្មជាតិ ច្បាប់ និងបទដ្ឋានគតិយុត្តិផ្សេងៗ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ តែវិធានការទាំងនេះពុំទាន់អាចដោះស្រាយបញ្ហាដែលកើតមានឡើងបានទេលើការបំផ្លាញ និងឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃ ដូចជាព្រៃឡង់ បឹងពែរ និងព្រៃព្រះរការជាដើម។ ក្រុមសង្គមស៊ីវិលថា ការកែប្រែដីតំបន់ការពារទៅជាទម្រង់ដីសម្បទានកិច្ច និងការអនុប្រយោគក្នុងរូបភាពជួល អំណោយ និងផ្ទេរកម្មសិទ្ធិនៅតែបន្ដកើតមានឡើង។

តាមរយៈសកម្មភាពទាំងនេះ បានធ្វើឱ្យគម្របព្រៃឈើក្នុងប្រទេសកម្ពុជា រយៈពេល២ទសវត្សរ៍ចុងក្រោយនេះ បានបន្ដធ្លាក់រហូតដល់ ១៤.២៩% ត្រឹមឆ្នាំ២០១៨។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមមួយដែលចេញផ្សាយលើហ្វេសប៊ុកសមាគមបណ្ដាញយុវជនកម្ពុជា CYN នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

តាមសេចក្ដីរាយការណ៍ សកម្មភាពនៃការទន្ទ្រានដីយកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តំបន់ព្រៃឈើ តំបន់ការពារធម្មជាតិ និងតំបន់ព្រៃលិចទឹកទន្លេសាប និងព្រៃសហគមន៍។

លោក ហេង គឹមហុង នាយកប្រតិបត្តិនៃសមាគមបណ្ដាយយុវជនកម្ពុជា CYNបានលើកឡើងកាលពីទិវាព្រៃឈើអន្ដរជាតិ ខួបលើកទី១៣ ឆ្នាំ២០២៤ថា ច្បាប់ស្ដីពីការការពារធម្មជាតិបានបង្កើតឡើងដោយគិតគូរពីការចូលរួមគ្រប់ភាគីពាក់ព័ន្ធ តែការអនុវត្តជាក់ស្ដែងលើកិច្ចសហការក្នុងការការពារធនធានធម្មជាតិបែរជាមិនទាន់ទូលំទូលាយទៅវិញ ហើយភាគីរដ្ឋាភិបាលតែងតែចេញមុខបដិសេធលើរបាយការណ៍បញ្ហាប្រឈមនានាដែលចេញដោយសង្គមស៊ីវិល។

វិទ្យុស្ដ្រីមិនទាន់បានសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថានទេក្នុងរឿងនេះ។

យ៉ាងណាកាលពីឆ្នាំ២០២២ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក៏បានចេញរបាយការណ៍មួយបង្ហាញ​ថា ព្រៃឈើចំនួនជាង ៦ពាន់ហិកតា ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួន២ មាន​​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ដែនជម្រកសត្វព្រៃព្រះរការ។ អង្គការលើកលែងទោសអន្តរជាតិបញ្ជាក់ថា ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានបង្កប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។ លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិ​ស្ថាន មិន​បាន​អើពើ និង​មិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធនិងបទល្មើស។

ទន្ទឹមនឹងបញ្ហាដែលពុំទាន់អាចដោះស្រាយនេះ ក្រុមសង្គមស៊ីវិលបានអំពាវនាវដល់រាជរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បើកចំហសេរីភាពឱ្យសហគមន៍មូលដ្ឋាន និងក្រុមសង្គមស៊ីវិលអាចចូលរួមការពារព្រៃឈើ និងអាចដើរល្បាតព្រៃដោយសេរីឡើងវិញ ដោយគ្មានការគំរាមកំហែង និងបំភិតបំភ័យគ្រប់រូបភាព៕

 

Share

ព័ត៌មានទាក់ទង

Image