ក្រសួងពាណិជ្ជកម្ម បានប្រកាសបដិសេធទាំងស្រុង នូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» បន្ទាប់ពីមានពលរដ្ឋច្រើនបានចាញ់បោកការផ្សព្វផ្សាយតាមហ្វេសប៊ុករបស់ «កម្ពុជាកម្ចីរហ័ស» ថាមានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់តាមសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្មទេ ។
ជាមួយគ្នានេះ ក្រសួងអំពាវនាវក្នុងន័យណែនាំដល់សាធារណជន ជៀសវាងការចាញ់បោក និងមានការខាតបង់ទ្រព្យសម្បត្តិជាយថាហេតុ និងតម្រូវឱ្យម្ចាស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់រូបសញ្ញា និងអំណះអំណាងពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្ម ក៏បានព្រមានដែរថា នឹងអនុវត្តវិធានការតាមនីតិវិធីជាធរមាន ចំពោះការផ្សាយបោកប្រាស់ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ ក្រសួងពាណិជ្ជកម្ម ៕