en     km
en     km

ក្រសួងការងារពន្លឿនដោះស្រាយករណីថៅកែរោងចក្រMAរត់ចោលកម្មករ ខណៈកម្មកររង់ចាំកិច្ចអន្តរាគមន៍មុនចេញតវ៉ាជាថ្មី

Share

ភ្នំពេញ៖ បើសិនជាអំឡុងពេលពីរទៅបីថ្ងៃខាងមុខទៀតនេះ ភាគីពាក់ព័ន្ធមិនអាចរកដំណោះស្រាយជូនកម្មករនៃរោចក្រដេរកាបូប អិមអេ បានទេ នោះកម្មករនឹងប្រមូលផ្តុំការតវ៉ាជាថ្មីនៅមុខរោងចក្រ។ ការបញ្ជាក់ជំហររបស់កម្មករនេះ ធ្វើឡើងបន្ទាប់ពីកម្មករនៃរោងចក្រ MA បានឡើងមកដាក់ញាតិ្តនៅក្រសួងការងារនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីសុំកិច្ចអន្តរាគមន៍ករណីថៅកែរត់ចោលក្រុមហ៊ុនដោយពុំទូទាត់អត្ថប្រយោជន៍នានាជូនកម្មករនៅឡើយ។ អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា ក្រសួងកំពុងចាត់ចែងនីតិវិធីដោះស្រាយឱ្យបានឆាប់រហ័សដោយពិនិត្យឱ្យបានល្អិតល្អន់នូវសំណូរពររបស់កម្មករ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ កម្មករ កម្មាការិនីនៃរោងចក្រដេរកាបូប អិមអេ ហ៊នប៊ែក (ខេមបូឌា) ខូអែលធីឌី ប្រមាណ១៧០នាក់ ស្ថិតភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខរោងចក្រ បន្ទាប់ក៏នាំយកញាតិ្តធ្វើដំណើរមកក្រសួងការងារជួយដោះស្រាយ ក្រោយថៅកែបានប្រមូលដឹកសម្ភារៈរត់ចោលរោងចក្រ ទាំងមិនទាន់ដោះស្រាយសំណងនិងអត្ថប្រយោជន៍នានាដែលនៅសេសសល់ជូនកម្មករ។

សកម្មភាពកម្មករឡើងមកដាក់ញាត្តិនៅក្រសួងការងារ។រូបភាពផ្តល់ជូនដោយលោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។

ក្នុងញាត្តិដែលដាក់ជូនក្រសួងការងារសុំកិច្ចអន្តរាគមន៍ជួយរកដំណោះស្រាយនោះ ក្រុមកម្មករស្នើសុំចំនួន៣ ចំណុច ទី១.សូមឱ្យក្រុមហ៊ុនបើកលុយព្យួរការងារចំនួន ៣០ដុល្លារ។ទី២.សូមឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលចុងក្រោយ។និងទី៣.សូមឱ្យក្រុមហ៊ុនទូទាត់ប្រាក់បំណាច់ជួសការជូនដំណឹងមុនដល់កម្មករនិយោជិត ។

ញាត្តិរបស់កម្មករដាក់ជូនក្រសួងការងារ។រូបភាពផ្តល់ជូនដោយលោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។

កម្មការិនីមួយរូបនៃរោងចក្រដេរកាបូប អិមអេ ហ៊នប៊ែក (ខេមបូឌា) ខូអែលធីឌី អ្នកស្រី ឆិល ស៊ីម បញ្ជាក់ថា បន្ទាប់ពីដាក់ញាត្តិទៅកាន់ក្រសួងការងារ ក្រុមកម្មករនឹងរង់ចាំដំណោះស្រាយរយៈពេលពីរទៅបីថ្ងៃខាងមុខទៀត មុននឹងសម្រេចចេញតវ៉ាជាថ្មីនៅមុខរោងចក្រ។ អ្នកស្រីថា កម្មកររងនូវភាពអយុត្តិធម៌ដោយភាគីក្រុមហ៊ុនបានប្រាប់ថា​ក្រុមហ៊ុនក្ស័យធនហើយថៅកែរត់ចោលរោងចក្រដោយគ្រាន់តែទូទាត់ជូនកម្មករត្រឹមតែជា៨០ដុល្លារប៉ុណ្ណោះ ខណៈអ្នកស្រីថា កម្មករអាចទទួលបានប្រាក់សំណងខ្ទង់១០០០ដុល្លារអាមេរិកបើផ្អែកតាមចំណុចទាមទារទាំងបីខាងលើ។ អ្នកស្នើឱ្យភាគីពាក់ព័ន្ធចូលខ្លួនមកទទួលខុសត្រូវតាមនីតិវិធីច្បាប់ ដើម្បីអាចបញ្ជៀសរូបភាពបាតុកម្មនានាពីសំណាក់កម្មករ។

អ្នកស្រី ឆិល ស៊ីម៖«កម្មករគាត់ចង់តែទាមទារតាមផ្លូវច្បាប់ដែលក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះកម្មករទេ កម្មករចង់ទាមទារតែតាមគោលការណ៍ច្បាប់ទេ គាត់មិនចង់បានអ្វីលើសពីនេះទេ»។

សកម្មភាពកម្មករឡើងមកដាក់ញាត្តិនៅក្រសួងការងារ។រូបភាពផ្តល់ជូនដោយលោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។

ជុំវិញរឿងនេះដែរ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ(CUMW)ពន្យល់ថា ករណីរោងចក្រ MA នេះ គឺជាប្រភេទកិច្ចសន្យាការងារមានកាលកំណត់ ដូច្នេះ ភាគីថៅកែរោងចក្រត្រូវទូទាត់ប្រាក់ជាប់កិច្ចសន្យាការងារ និងប្រាក់ជូនដំណឹង ជាមួយប្រាក់ខែចុងក្រោយ។ ជាការសង្កេតរបស់លោក ប៉ាវ ស៊ីណា លោកឃើញថា ទាំងក្នុងពេលបច្ចុប្បន្ននិងកាលពីអតីតកាលក្តី ការប្រើប្រាស់រូបភាពយកលេសថាថៅកែក្ស័យធន គឺតែងតែកើតមានឡើងស្ទើរគ្រប់វិវាទការងារ ដោយបញ្ហានេះហាក់ធ្វើឱ្យភាគីរោងចក្រគេចផុតពីកាតព្វកិច្ចការទទួលខុសត្រូវចំពោះមុខកម្មករ។

លោក ប៉ាវ ស៊ីណា៖«ការទូទាត់នេះខុសដោយថា ថៅកែរត់ ថៅកែក្ស័យធន។ខ្ញុំសង្កេតឃើញថា នៅកម្ពុជាបញ្ហានេះហាក់ដូចជាទម្លាប់ ព្រោះគេតែងលើកឡើងថាក្រុមហ៊ុនក្ស័យធនដោយខ្វះការស៊ើបអង្កេត និងពិនិត្យឱ្យបានច្បាស់លាស់នោះទេ ដោយប្រើតែពាក្យហ្នឹងមួយចប់។ហើយបញ្ហានេះហាក់លើកទឹកចិត្តឱ្យថៅកែរត់គេចយករួចខ្លួន ឬបើមិនរត់ទេ ថៅកែឱ្យតំណាង ឬរៀបចំមនុស្សមួយក្រុមមកដោះស្រាយបញ្ហាពេលកម្មករចេញតវ៉ាជាដើម»។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ(CUMW)។រូបភាពពីគេហទំព័រCUMW។

ពាក់ព័ន្ធរឿងនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថាក្រសួងបានទទួលញាត្តិពីកម្មកររោងចក្រMAរួចហើយ ដោយនឹងបន្តពិនិត្យសំណើនិងសំណូរពររបស់កម្មករយកទៅដោះស្រាយឱ្យបានឆាប់រហ័ស។

លោក កត្តា អ៊ន៖«ក្រសួងការងារបានទទួលញាត្តិរួចហើយ ក្នុងនោះយើងក៏បានពិនិត្យនូវអ្វីជាដំណោះស្រាយ ដោយក្រសួងយល់ថា កម្មករបានសំណូរពរមកក្រសួងហើយក្រសួងនិងពិនិត្យដោះស្រាយ»។

សកម្មភាពមន្រ្តីក្រសួងការងារចេញមកទទួលញាត្តិរបស់កម្មកររោងចក្រMA។រូបភាពផ្តល់ជូនដោយលោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។

ផ្អែកតាមញាត្តិសុំជួយអន្តរាគមន៍ ករណីក្រុមហ៊ុនកាបូប អិមអេ ហ៊នប៊ែក (ខេមបូឌា) ខូអែលធីឌី ករណីបិទទ្វារដោយមិនបានទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ស្តីពីការងារនេះ ក្នុងញាត្តិបញ្ជាក់ថា រោងចក្របានព្យួរការងាររបស់កម្មករនិយោជិតកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។ បន្ទាប់មកនៅយប់ថ្ងៃទី១៦និងទី១៧ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុនបានដឹកសម្ភារៈមួយចំនួនចេញពីក្រុមហ៊ុន។ ក្រោយមានសកម្មភាពបែបនេះកើតឡើង កម្មករដែលស្នាក់នៅក្បែរនោះបានមកជួបជុំគ្នាមុខក្រុមហ៊ុនជាការរារាំងកាលពីថ្ងៃទី២៥ខែមីនាម្សិលមិញ ប៉ុន្តែត្រូវម្ចាស់ដីមិនបើកទ្វារឱ្យកម្មករចូលក្នុងក្រុមហ៊ុនឡើយ៕

 

Share

Image
Image
Image