en     km
en     km

អាជ្ញាធរមីន​៖ ជនរងគ្រោះដោយសារមីនបានថយមកត្រឹម៣២នាក់ក្នុងឆ្នាំ២០២៣

Share

លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា ចំនួនជនរង​គ្រោះដោយសារគ្រាប់មីនបានថយមកនៅត្រឹម៣២នាក់ ក្នុងឆ្នាំ២០២៣ ខណៈកាលពីឆ្នាំ១៩៩៦ មានដល់ ៤៣២០ នាក់។ ការលើកឡើងរបស់លោក លី ធុជ នៅពេលចូលរួមប្រកាសថាខេត្តក្រចេះ គឺជាខេត្តទី១៥ ដែលអស់មីន បន្ទាប់ពីខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី ក្នុងរយៈពេល៧ខែចុងក្រោយនេះ។

តាមលោក លី ធុជ រយៈពេល​​ជាង​ ៣០​​ឆ្នាំ ចាប់ពី​ឆ្នាំ​​​ ១៩៩២ រហូត​ដល់​​​ឆ្នាំ​២០២៣​​ កម្ពុជា បាន​រំដោះ​ផ្ទៃដី​ពី​ការ​គំរាម​ដោយ​សារមីន​ និង​​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​​​ចំនួន​ ៣០២៤ គីឡូ​ម៉ែត្រ​ក្រឡា។ ផ្ទៃដីទាំងនេះ​បានយកទៅប្រើប្រាស់ និងបង្កបង្កើនផលក្នុងវិស័យកសិកម្ម៧៦% ហេដ្ឋា​រចនា​​​​​​សម្ព័ន្ធ ៥% និងផ្សេងៗ ១៩%។

លោក លី ធុជ ថា​​ឆ្នាំ​២០២៣ គឺជាឆ្នាំ​ប្រវត្តិសាស្រ្ត​​នៃ​ការ​ងារ​បោស​សម្អាត​​មីន​ និង​គ្រាប់​ ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ការ​បោសសម្អាត​​ច្រើ​ន​ជាង​គេ​ក្នុង​រយៈ​ពេល​ជាង​ ៣០​ឆ្នាំមកនេះ។​ តាមប្រភពដដែលថា ​ផ្ទៃដីដែលសម្រេចបានពីការសម្អាតមីនក្នុងឆ្នាំ២០២៣ មានរហូតដល់ ៤៤៤ គីឡូ​ម៉ែត្រ​​ក្រឡា​ ដោយបានរកឃើញ និង​បំផ្លាញ​ចោល​មីន​ប្រឆាំង​មនុស្ស​ចំនួនជាង ២ម៉ឺនគ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន ​២០៤ ​គ្រាប់ និងគ្រាប់​មិន​ទាន់​ផ្ទុះ​ជាង៦ម៉ឺនគ្រាប់​។​

គួរជម្រាបថា នៅកម្ពុជាមានរាជធានី​ខេត្តចំនួន១៥ ដែលត្រូវបានប្រកាសថា ​អស់​មីន​រួមមាន​ខេត្ត​ស្ទឹងត្រែង ខេត្ត​កែប ខេត្តព្រៃវែង ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ ខេត្តកណ្តាល ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង តាកែវ  កំពត មណ្ឌលគិរី កំពង់ស្ពឺ និង​ខេត្តក្រចេះ​។​

ចំណែកខេត្តចំនួន១០ ទៀត ​ប្រតិបត្តិ​ករ​កំពុង​បោសសម្អាត ក្នុងនោះ​មាន​ខេត្ត​សៀមរាប រតនគិរី បាត់ដំបង កោះកុង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ កំពង់ធំ និង​ខេត្តព្រះវិហារ​៕

Share

ព័ត៌មានទាក់ទង

Image