en     km
en     km

ក្រសួងកសិកម្មថ្កោលទោសទង្វើទីភ្នាក់ងារអាមេរិកដែលចោទប្រកាន់មន្ដ្រីកម្ពុជាថារត់ពន្ធស្វាក្ដាមខុសច្បាប់

Share

ក្រោយគ្មានភស្ដុតាងដាក់បន្ទុកលើមន្ដ្រីកម្ពុជា តុលាការសហរដ្ឋអាមេរិកបានសម្រេចដោះលែងលោក គ្រី ម៉ះផល ដែលរងការចោទប្រកាន់ថា រត់ពន្ធស្វាក្ដាមខុសច្បាប់ចូលសហរដ្ឋអាមេរិក។ ការណ៍នេះនាំឱ្យក្រសួងកសិមកម្មថ្កោលទោសចំពោះទង្វើរបស់ទីភ្នាក់ងារអាមេរិក ដែលប្រើអំណាចចាប់ខ្លួនមន្ដ្រីរបស់ក្រសួង ទោះមានការអះអាងថា ឯកសាររត់ពន្ធស្វាក្ដាមស្របច្បាប់ក៏ដោយ។ តែក្នុងរឿងនេះអង្គការអន្ដរជាតិ PETA ថាតុលាការសហរដ្ឋអាមេរិកនៅមានភស្ដុតាងជាច្រើនទៀតសម្រាប់ចោទប្រកាន់មន្ដ្រីកម្ពុជាថា ឃុបឃិតជាមួយមន្ទីរពិសោធន៍ក្នុងការរត់ពន្ធស្វាក្ដាមដោយខុសច្បាប់។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

មាតុភូមិនិវត្តន៍របស់មន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើបានមកដល់កម្ពុជាវិញនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤  បន្ទាប់ពីតុលាការដ្ឋហ្លរីដា សហរដ្ឋអាមេរិក សម្រេចថាលោកគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិតរត់ពន្ធសត្វស្វាក្ដាមទៅកាន់សហរដ្ឋអាមេរិក។

បន្ទាប់ពីមន្ដ្រីរូបនេះឈានជើងដល់ទឹកដីកំណើតវិញ ក្រសួងកសិកម្មបានប្រកាសថ្កោលទោសចំពោះទង្វើរបស់ទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិកដែលរំលោភអំណាច និងពុំគោរពតាមឧត្តមានុវត្តអន្ដរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។

ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ ក្រសួងកសិកម្មអះអាងថា ទោះបីជាមានការបញ្ជាក់ម្ដងហើយម្ដងទៀតពីអាជ្ញាធរមានសមត្ដកិច្ចកម្ពុជា ថាឯកសារទាំងឡាយដែលបានធ្វើចេញទៅសុទ្ធតែជាឯកសារត្រឹមត្រូវក៏ដោយ ក៏ការចោទប្រកាន់នានាក្នុងសំណុំរឿងជំនួញសត្វស្វាក្ដាមនៅតែបន្ដកើតមាន។

ចំពោះរឿងលោក គ្រី ម៉ះផល, រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានបញ្ជាក់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលអាជ្ញាធរអាមេរិកប្រើអំណាចចាប់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើរូបនេះ ថា កម្ពុជាគោរពតាមគោលការណ៍នៃអនុសញ្ញាពាណិជ្ជកម្មអន្ដរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់( CITES) ដើម្បីនាំសត្វស្វាចេញសម្រាប់គោលដៅស្រាវជ្រាវផ្នែកវេជ្ជសាស្ដ្រ និងបញ្ជាក់ថាស្វាក្ដាមដែលនាំចេញ គឺចេញពីកសិដ្ឋានស្របច្បាប់របស់កម្ពុជា។

គួររម្លឹកថា ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ លោកគ្រី ម៉ះផល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្ដរជាតិ ចន អេហ្វ កេណ្ណេឌី ពេលលោកកំពុងរង់ចាំបន្ដដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិស្ដីពីអនុញ្ញា CITES នៅប្រទេសប៉ាណាម៉ា។ គិតដល់ថ្ងៃសម្រេចថាលោកគ្មានទោស មានរយៈពេល១ឆ្នាំ ៤ខែ ១០ថ្ងៃ ដែលលោកត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមាតុប្រទេស។

យ៉ាងណា អង្គការ PETA( People for the Ethical Treatment of Animals) ដែលតាមដានរឿងរត់ពន្ធស្វាក្ដាមបានលើកឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ថា ទោះបីគ្មានភស្ដុតាងគ្រប់គ្រាន់ចោទលើលោកគ្រី ម៉ះផល តែតុលាការសហរដ្ឋអាមេរិកមានភស្ដុតាងផ្សេងទៀតសម្រាប់ចោទប្រកាន់មន្ដ្រីកម្ពុជាថាឃុបឃិតជាមួយមន្ទីរពិសោធន៍ក្នុងការរត់ពន្ធស្វាក្ដាមខុសច្បាប់ចូលទឹកដីអាមេរិក។

តាមPETAដដែល យ៉ាងហោចណាស់មានស្វាក្ដាមតែ២០០០ក្បាលប៉ុណ្ណោះដែលតម្រូវឱ្យនាំចូលសហរដ្ឋអាមេរិកជាផ្លូវការ តែមានស្វាក្ដាមប្រមាណ៣០០០ក្បាលបន្ថែមទៀត ត្រូវបាននាំចូលមិនផ្លូវការតាមរយៈការក្លែងបន្លំឯកសារដោយដាក់ថាជាស្វាបង្កាត់ពូជ និងចិញ្ចឹមក្នុងកសិដ្ឋាន Vanny Bio Research៕

Share

Image
Image
Image