en     km
en     km

ក្រុមហ៊ុន CIC បដិសេធថា ករណីក្រុមហ៊ុនខ្លួន មិនមែនជាសំណុំរឿងបោកប្រាស់ឡើយ

Share

ភ្នំពេញ៖​ ក្រុមហ៊ុន ​ខេមបូឌាន ​អ៊ិនវេសស្ទ័រ ​ខបភើរេសិន ​ភីអិលស៊ី​(CIC Plc) ចេញសេចក្តីស្រាយបំភ្លឺ​ដោយអះអាងថាករណីភាពចម្រូងចម្រាសកើតឡើងលើក្រុមហ៊ុនខ្លួននេះមិនមែនជាករណីបោកប្រាស់​ បង្កឱ្យពលរដ្ឋ​ និងវិនិយោគគិនទទួលរងគ្រោះដោយសារខ្លួនឡើយ។ ក៏ប៉ុន្តែបញ្ហានេះ ទទួលរងពីឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុន។

សេចក្តីបំភ្លឺនេះធ្វើឡើងបន្ទាប់ពីមានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមហាជន ជាពិសេសវិនិយោគគិនដែលជាភាគីពាក់ព័ន្ធស្នើឱ្យមានការសើបអង្កេត ហើយអះអាងថាមានជនរងគ្រោះជាច្រើនរងភាពអយុត្តិធម៌ ដោយសារតែក្រុមហ៊ុន CIC នេះ។

ជាក់ស្តែងនៅថ្ងៃទី​២៣ មីនា ២០២៤ លោក គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជាអ្នកជំនួញមួយរូបផងនោះ ចេញមុខបញ្ជាក់ថាខ្លួនក៏ជាជនរងគ្រោះមួយរូបដែរក្នុងចំណោមពលរដ្ឋរងគ្រោះដទៃទៀត។ លោក​បន្ថែមថា​ករណីនេះ ត្រូវតែមានកា​រស៊ើប​អង្កេត​ពីព្រោះ​ថា​ប្រាក់​រាប់សិប​លានដុល្លារ​ត្រូវ​បាន​បាត់​បង់ ហើយ​គ្រួ​សារ​និង​ជីវិត​មនុស្ស​ជាច្រើន​នាក់​បានរង​នូវ​ផលប៉ះពាល់ និងការឈឺ​ចាប់​ដោយសារតែក្លែងបន្លំ ទាំងនេះ  ។

 

ជាដំណោះស្រាយក្រុមហ៊ុន​ CIC ចេញមុខប្រកាសជាសារធារណថា ខ្លួននឹងដោះស្រាយជូនភាគីវិនិយោគគិនទាំងអស់។ ក្នុងនោះសំណេរដើមនៃសេចក្តីបកស្រាយបំភ្លឺបង្ហាញថា «ក្រុមហ៊ុននៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប។ ក្រុមហ៊ុននឹងបន្តធ្វើការដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិន ជាអទិភាព។»

ជុំវិញករណីនេះ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ គណៈមេធាវី​កម្ពុជា​បាន​ចេញសេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ការបង្កើត​ក្រុម​មេធាវី​ជួយ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ​ខេមបូឌាន ​អ៊ិនវេសស្ទ័រ ​ខបភើរេសិន ​ភីអិលស៊ី​(CIC Plc)​។ ​ក្នុងនោះ ​ពលរដ្ឋ​អាចស្នើសុំ​ពិគ្រោះយោបល់ ​និង​ការពារ​តាមផ្លូវច្បាប់​បាន ប្រសិនបើ​ពួកគេ​បាត់បង់​ផលប្រយោជន៍​ពាក់ព័ន្ធ​នឹង​គម្រោង​ប្រមូលប្រាក់​របស់​ក្រុមហ៊ុន ​CIC Plc​ មួយនេះ៕

Share

ព័ត៌មានទាក់ទង

Image