ដើម្បីគាំទ្រ ស្វែងយល់ ទទួលយកបទពិសោធថ្មីៗ ចំណេះដឹងថ្មី និងរីករាយទស្សនាការពិព័រណ៍បច្ចេកវិទ្យា និងស្វែងយល់ពីឱកាសផ្សេងៗ ក្នុងការពង្រីកអាជីវកម្មរបស់សហគ្រាសធុនតូចនិងមធ្យម យុវជន បាននាំគ្នាចូលរួមទិវាជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២៤ លើកទី២ក្នុងឆ្នាំនេះ ក្រោមប្រធានបទ “សហគ្រាសធុនតូចនិងមធ្យមឆ្ពោះទៅវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍”។ ក្នុងកម្មវិធីរយៈពេល៣ថ្ងៃនេះគឺថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២៤នេះ មានការដាក់តាំងបង្ហាញ ផលិតផល និងសេវាកម្មផ្សេងៗជាច្រើនទៀតផងដែរ។
នៅក្នុងកម្មវិធីក្នុងថ្ងៃនេះ ឃើញ មានយុវជន សិស្សានុសិស្ស និងមហាជនជាច្រើន បានចូលរួម និងមានចំណាប់អារម្មណ៍ទៅលើកម្មវីធីនេះជាខ្លាំង។
យុវជន ហេង សុធារ៉ា អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៅវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ ដែលបានចូលរួមក្នុងកម្មវិធីនេះ បានបង្ហាញចំណាប់អារម្មណ៍ថា ចង់ឃើញពីស្ថានភាព បច្ចេកវិទ្យា ដែលប្រទេសកម្ពុជាមាន ហើយដើរជឿនលឿនដល់ណា។ ធារ៉ាបានបន្តទៀតថា ពេលបានចូលរួមនេះ មើលឃើញថា បច្ចេកវិទ្យា ពិតជាជឿនលឿននិងអភិវឌ្ឍបានច្រើនណាស់។
មូលហេតុដែលធារ៉ាចូលរួមក្នុងថ្ងៃនេះដោយសារធារ៉ាចូលចិត្តវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែល ជាពិសេសចូលចិត្តចូលរួមសិក្ខាសាលាផ្សេងៗជាច្រើនទៀតផងដែរ ដើម្បីបំផុសគំនិតរបស់ខ្លួនឯងនិងបានឱ្យខ្លួនឯងបានឃើញពិភពលោកកាន់តែធំ ជាជាងនៅគេងផ្ទះ។
អត្ថប្រយោជន៍សម្រាប់ធារ៉ាដែលចូលរួមក្នុងថ្ងៃនេះគឺបានចាកចេញ ពីពិភពលោកដ៏តូចរបស់ខ្លួន អាចស្វែងរកនៅគោលដៅថ្មីៗបន្ថែមទៀត ដើម្បីបង្កើតឆន្ទះក្នុងការកំណត់គោលដៅអ្វីមួយ ដែលយើងមើលក្នុងកម្មវិធីនេះ។ ធារ៉ានិយាយថា យុវជននៅវិទ្យាល័យបើអាចរួមក្នុងកម្មវិធីនេះពិតជាល្អ ហើយក៏ជាការសំណូមពរផងដែរដោយសារវាពិតជាមានគុណប្រយោជន៍សម្រាប់អ្នកចូលរួមខ្លាំង។
« ដោយសារយើងនៅក្មេងយើងគួរតែស្វែងរក ឱកាសឱ្យបានច្រើននៅពេលដែលដឹងកាន់តែច្រើន យើងយល់កាន់ច្រើន។ ជាចុងក្រោយខ្ញុំសំណូមពរ ចង់ឱ្យមានកម្មវិធីតទៅទៀត ហើយឱ្យច្រើនៗបន្ថែមទៀតដើម្បីឱ្យអ្នកជំនាន់ក្រោយយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់អំពី បច្ចេកវិទ្យា ជាពិសេសយុវជនដែលមិនទាន់បានមកចូលកុំឱ្យមានអារម្មណ៍ថាស្ទាក់ស្ទើរសាកមកចូលរួមទើបដឹងណា។»
ទិវាជាតិឆ្នាំនេះមានគោលបំណង បំផុសចលនាឱ្យសហគ្រាសធុនតូចនិងមធ្យម ចាប់យកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនទាំងផលិតកម្មនិងផលិតភាពរបស់ខ្លួន។ ទិវាជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ក្នុងឆ្នាំនេះ ធ្វើឡើងនៅ មជ្ឍមណ្ឌលសន្និតបាត និងពិព័រណ៍កោះពេជ្រ មានកម្មវិធីសំខាន់ៗ ចំនួន៥រួមមាន៖ ១.ពិព័រណ៍បច្ចេកវិទ្យានិងគ្រឿងឧបករណ៍កម្មន្តសាល ២.ពិព័រណ៍វិទ្យាសាស្រ្ត ៣.វេទិកាពិភាក្សាស្ដីពីបច្ចេកវិទ្យា ៤.ពានរង្វាន់អ្នកវិទ្យាសាស្រ្តកម្ពុជាឆ្នើម ៥.កម្មវីធីពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យសាធារណៈ៕
អត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕