en     km
en     km

ប៉ូលិសស្រីម្នាក់ត្រូវគេបៀតបៀនរហូតកើតជំងឺផ្លូវចិត្ត ខណៈសំណុំរឿងស្ថិតក្នុងការស៊ើបអង្កេត

Share

ប៉ូលិសស្រីជនជាតិថៃម្នាក់ បានបង្ហោះសារលើបណ្តាញសង្គមរៀ​បរាប់ពីទុក្ខលំបាកដែលខ្លួនបានជួបប្រទះ និងរងការបៀតបៀនផ្លូវកាយនិងផ្លូវចិត្តជាច្រើនលើកជាច្រើនសា ដែលបណ្តាលឱ្យស្រ្តីរូបនេះឈានដល់ការកើតជំងឺធ្លាក់ទឹកចិត្ត និងត្រូវសម្រាកមើលថែនៅក្នុងមន្ទីរពេទ្យ។  ជាមួយគ្នានេះ ការិយាល័យ​ប៉ូលិស​ក្រុងរបស់ថៃ ​កំពុងបើកការ​ស៊ើបអង្កេត​ជុំវិញបណ្តឹងតាមប្រព័ន្ធអនឡាញមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤។​

ប៉ូលិសស្រីរូបនេះ មានឈ្មោះថា Chontaros Sukdayotin មានអាយុ ២៥ឆ្នាំ បានលើកឡើងពីបញ្ហាខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនាម្សិលមិញថា កញ្ញាត្រូវបានមិត្តរួមការងារធ្វើបាបរាងកាយ និងផ្លូវចិត្តនៅអំឡុងពេលចូលហ្វឹកហាត់ជាប៉ូលិសក្នុងឆ្នាំដំបូង។ នៅក្នុងសារនោះ កញ្ញាបញ្ជាក់ថា មិត្តរួមការងារម្នាក់បានទាត់ក្បាលនាងនៅក្នុងជំរំនៃខេត្ត Phetchaburi ប្រទេសថៃ រួចនៅពេលកញ្ញាជាសះស្បើយនិងវិលទៅជំរំវិញ កញ្ញាត្រូវគ្រូបង្វឹកដាក់ទណ្ឌកម្មជាបន្តបន្ទាប់។

ជុំវិញខ្លឹមសារនៃការបង្ហោះ​ បានរៀបរាប់ទៀតថា កញ្ញាត្រូវគេធ្វើបាបរាងកាយជាច្រើនលើកដូចជា ត្រូវគេយកខ្សែពួរមកវាយជើង វាយក្បាល និងដាក់ទណ្ឌកម្មឥតឈប់ឈរ ពិសេសបង្ខំឱ្យកញ្ញាធ្វើការវេនយប់ដែលធ្វើឱ្យកញ្ញាងមិនអាចគេងគ្រប់គ្រាន់ទៅតាមការណែនាំរបស់គ្រូពេទ្យនោះទេ។ ប៉ូលិសស្រីរូបនេះអះអាងថា នាងទៅទទួលសេវាព្យាបាលម្តងហើយម្តងទៀតបន្ទាប់ពីរងរបួសលើរាងកាយនិងផ្លូវចិត្ត រហូតដល់នាងត្រូវកើតជំងឺធ្លាក់ទឹកចិត្ត និងមិនអាចវិលទៅធ្វើការជាប៉ូលិសបានទៀតឡើយ។

ជុំវិញករណីនេះ លោកនាយឧត្តមសេនីយ៍ Archayon Kraithong អ្នកនាំពាក្យការិយាល័យនគរបាលភូមិន្ទថៃ បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៥ ខែមីនានេះថា ការិយាល័យនគរបាលជាតិបានទទួលបានពាក្យបណ្តឹងនេះរួចរាល់ហើយ ហើយបានបើកការស៊ើបអង្កេតភ្លាមៗ។ អ្នកនាំពាក្យរូបនេះឱ្យដឹងថា ប៉ូលិសស្រីខាងលើកំពុងស្ថិតនៅក្រោមការមើលថែយ៉ាងល្អពីសំណាក់ក្រុមគ្រួសារ និងកំពុងទទួល​បាន​ការ​ព្យាបាល។  អ្នកនាំពាក្យការិយាល័យនគរបាលភូមិន្ទថៃរូបនេះ បញ្ជាក់ដែរថា នឹងចាត់វិធានការតាមនីតិវិធីផ្លូវច្បាប់ និងប្រាប់ពីព័ត៌មានបន្ថែមនៅពេលទទួលលទ្ធផល៕

ប្រភព៖ Bangkok Post ចុះថ្ងៃច័ន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤

Share

Image
Image
Image