ប្រធានមន្ទីររាជធានី-ខេត្តទាំង២៥ នៃក្រសួងបរិស្ថាន បានប្ដេជ្ញាចិត្តសម្រេចធ្វើឱ្យបាននូវការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ដើម្បីអបអរសង្ក្រាន្តឆ្នាំថ្មី នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ការប្ដេជ្ញាចិត្តរបស់ប្រធានមន្ទីរទាំង២៥ រាជធានី-ខេត្តនេះ ធ្វើឱ្យក្រសួងបរិស្ថានប្រកាសថា ខ្លួនត្រៀមភាពជោគជ័យនូវយុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅសង្ក្រាន្តឆ្នាំថ្មីខាងមុខ។ នេះបើយោងតាមក្រសួងបរិស្ថានចេញផ្សាយកាលពីពាក់កណ្ដាល ខែមីនា ឆ្នាំ២០២៤។
យោងតាមហ្វេសប៊ុកមន្ទីរបរិស្ថានមួយចំនួន ឃើញមានសកម្មភាពផុសផុលក្នុងការចូលរួមយុទ្ធនាការចំនួន៣ ដែលក្រសួងបរិស្ថានបានដាក់ចេញដូចជាយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង«លាហើយ ប្លាស្ទិក»។
តេឡេក្រាមលោក អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន តែងតែបញ្ចេញព័ត៌មាននៃការចូលរួមយុទ្ធនាការទាំងនេះជាប្រចាំពីសំណាក់បណ្ដាសាលារៀន ក្នុងខេត្តនានា។ លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់កាលពីថ្ងៃជំនួបជាមួយប្រធានមន្ទីរបរិស្ថានថា ភាពស្អាតដែលកើតចេញពីពន្លកបៃតង តាមរយៈការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្សនៅតាមសាលារៀននៅក្នុងយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកកន្លងមកនេះ គឺជាទឡ្ហីករណ៍គួរជាទីមោទនៈ ដែលកម្ពុជាសម្រេចបាន។
ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះដែរ ក្រុមហ៊ុនក្រដាសអនាម័យ MG Pacific Company Limited បានកែប្រែខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនមួយឱ្យស្របតាមគោលនយោបាយរបស់ក្រសួងបរិស្ថាន។ ក្រុមហ៊ុនក្រដាសអនាម័យនេះ បានផ្លាស់ប្ដូរការវេចខ្ចប់ប្រភេទក្រដាសកងបន្ទប់ទឹក ដែលមានប្រើប្លាស្ទិករុំព័ព្ធពីក្រៅ ទៅជាប្រអប់ថ្លាជ័រជំនួសវិញ។ ការណ៍នេះ បង្កឱ្យអតិថិជន ដែលប្រើប្រាស់ក្រដាសកងអនាម័យនៅតាមផ្ទះ សាលារៀន រោងចក្រ មន្ទីរពេទ្យជាដើម បានចូលរួមកាត់បន្ថយការបញ្ចេញប្លាស្ទិកក្នុងបរិស្ថានបានដោយប្រយោល ខណៈប្រអប់ដាក់ក្រដាសអនាម័យ ដែលប្រើអស់ ក្រុមហ៊ុននឹងប្ដូរជូនអតិថិជនវិញ។
យ៉ាងណាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មិនថាក្រសួង មន្ទីរ ដៃគូ និងក្រុមហ៊ុនឯងជន ជាផ្នែកមួយដែលជួយឱ្យកម្ពុជាក្លាយជាប្រទេសដែលគ្មានប្លាស្ទិកនៅពេលអនាគត៕