en     km
en     km

ជនជាតិដើមភាគតិចព្នងក្នុងភូមិស្រែថាស់បង្កើតក្រុមសន្សំប្រាក់នៅក្នុងខេត្ដមណ្ឌលគិរី

Share

ជនជាតិដើមភាគតិចព្នងនៅភូមិស្រែថាស់ជាតំបន់ដាច់ស្រយាលនៃខេត្ដមណ្ឌលគិរី ដោយសារភូមិឆ្ងាយពីទីក្រុងក៏មានអង្គការចុះមកក្នុងភូមិបានបង្រៀនពលរដ្ធពីរបៀបសន្សំប្រាក់ជាក្រុម។ ការសន្សំប្រាក់ជាក្រុមអាចកាត់បន្ថយពលរដ្ធទៅរកកម្ចីប្រាក់ពីស្ថាប័ន​ដែលមានការប្រាក់កម្ចីខ្ពស់បានមួយចំណែក។ ប៉ុន្ដែពួកគាត់មួយចំនួនមិនទាន់យល់ដឹងពីគុណប្រយោជន៍ពីការសន្សំប្រាក់ច្បាស់លាស់ទេ ដោយសារតែពួកគាត់កន្លងមកក៏មិនទាន់ទទួលបានវគ្គបណ្ដុះបណ្ដាលគ្រប់គ្រាន់នោះដែរ។

(លោក គីមចាន់ចាវ រាយការណ៍)

 

លោក តឿន នឿន អាយុ៣២ឆ្នាំ សមាជិកសន្សំប្រាក់ ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិស្រែថាស់ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី។ លោកបានប្រាប់វិទ្យុស្ត្រីថា ប្រាក់សន្សំក្នុងក្រុម នៅតំបន់ក្រុមស្រែថាស់គឺល្អ ដល់ពេលលោកមានខ្វះខាត ម៉ោងណាថ្ងៃណាលោកខ្ចីបានដូចចិត្ដ ដែលលោកយល់ថាជាការល្អព្រោះមានការលើកទឹកចិត្តក្នុងការសន្សំដើម្បីបម្រុងទុកបែបនេះ។ ការសន្សំប្រាក់ក្នុងក្រុមនៅស្រែថាស់មានផលប្រយោជន៍សម្រាប់លោក ដែល រាល់ថ្ងៃពលរដ្ធដែលនៅក្នុងក្រុម ពេលខ្វះខាតតែងតែទៅខ្ចី។ លោក នឿនបានបន្ដថា ពេលទៅខ្ចីប្រាក់មិនពិបាកប៉ុន្មានទេ គ្រាន់តែហាក់យឺតបន្ដិចដោយសារមេក្រុមសន្សំប្រាក់ពួកគាត់រវល់ធុរៈកិច្ច បន្ដិចបន្ដួច ហើយមិនដល់ ពីរ/បីថ្ងៃទេពេលលោកទៅខ្ចីការប្រាក់ក៏សមរម្យសម្រាប់អ្នកសន្សំក្នុងក្រុម។ លោក នឿនប្រាប់ថាការសន្សំលុយគ្មានអ្វីលំបាកទេ។

លោកបាននិយាយថា បើមិនសន្សំប្រាក់ទេលោកគ្មានប្រាក់សម្រាប់ខ្ចីពេលខ្វះខាតសម្រាប់ជួយដោះស្រាយបញ្ហាទេ។ សម្រាប់លោកនឿន ការសន្សំប្រាក់គ្មានរឿងអីត្រូវលំបាកទេ ប៉ុន្តែលោកគិតថាល្អ បើយើងមិនសន្សំ ដល់ពេលយើងមានទុក្ខធុរៈរកខ្ចីខ្វះខាត គឺមានលុយសន្សំ ដែលការសន្សំប្រាក់ជាក្រុមមានប្រយោជន៍​​សម្រាប់លោក។ ចំណែកអ្នកក្រៅក្រុមដែលមិនបានសន្សំក៏អាចខ្ចីប្រាក់បានដែរតែការប្រាក់ខុសពីសមាជិកសន្សំបន្ដិចបន្ដួច ដោយសារពួកគេមិនបានសន្សំប្រាក់ជាមួយទើបការប្រាក់ខ្ពស់ជាងអ្នកសន្សំក្នុងក្រុមសន្សំប្រាក់។ ​ព្រោះពួកគាត់មិនមែនសមាជិកក្នុងក្រុមសន្សំប្រាក់ទើបការប្រាក់ខ្ពស់បន្ដិច។ លោកបាននិយាយបន្ដថា ក្រុមពួកគាត់គិតភាគរយផ្សេងគ្នាពីក្រុមសន្សំ ពួកគាត់ចង់ផាកពិន័យអ្នកដែលមិនបានចូលសន្សំប្រាក់ជាមួយ ។

លោកបន្ដថា៖« សព្វថ្ងៃបងប្អូននៅក្នុងក្រុមអ្នកដែលសន្សំពេលខ្វះខាត ឃើញពួកគាត់មានតែលុយហ្នឹងហើយដែលទ្រទ្រង់់ក្នុងតំបន់ ពេលបងប្អូនមានទុក្ខធុរៈ យប់ព្រលប់ឬក៏មានបញ្ហាសុខភាព យើងមានលុយក្រុមសន្សំយើងអាចខ្ចីបាន។សម្រាប់ខ្ញុំ ខ្ញុំគិតថាខ្ចីអត់ដែលពិបាកអីទេ យឺតយ៉ាវមួយម៉ោងពីរម៉ោង  ។ការប្រាក់ដែលលុយសន្សំក្រុមបើខ្ញុំធ្លាប់ខ្ចីរាល់ដងសមរម្យខ្ចី១លានអីចឹងទៅការ១.៣ អីចឹងដឹង។អ្នកក្រៅខ្ចីបាន អត្រាការប្រាក់រាងលើសអ្នកនៅក្នុងក្រុមសន្សំអ្នកសន្សំដូចជា១លានការ១ម៉ឺនឬក៏១ម៉ឺនជាងមិនដឹង»។

អ្នកស្រី ម្រើវ បុឡា  អាយុ៣៦ឆ្នាំ សមាជិកសន្សំប្រាក់ ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិស្រែថាស់ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី។ អ្នកស្រីបានលើកឡើងថាការសន្សំលុយក៏មានផលវិបាកខ្លះដែរ ពេលសន្សំប្រាក់ត្រូវចាំគ្រប់គ្នា ឱ្យគ្រប់ចំនួនកំណត់ទើបអាចសន្សំបាន ដោយសារការសន្សំប្រាក់មួយខែបើកហិបសន្សំតែម្ដងទេ  ការសន្សំប្រាក់មិនអាចដកបានភ្លាមៗទេ ទាល់តែបានមួយលាន ឬពីរលានទើបអាចដកបាន បើយកទៅប្រើលើការគ្មានប្រយោជន៍គេមិនបើកឲ្យទេ ​។  អ្នកខ្លះមិនមកសន្សំប្រាក់ ក៏មកខ្ចីដែរ ធ្វើឲ្យមានការរង់ចាំគ្នាយូរ ។ ស្ត្រីសមាជិកអ្នកសន្សំប្រាក់រូបនេះ បាននិយាយថាផលលំបាករបស់ក្រុមអ្នកស្រី គឺអ្នកក្រៅក្រុមសន្សំពួកគេមិនមែនក្រុមសន្សំប្រាក់មកខ្ចី ពេលសួរការប្រាក់ដែលខ្ចីបានមានការលំបាក ដល់មេក្រុមសន្សំទាំងអស់គ្នា ដែលធ្វើឲ្យមានការបន្ទោសគ្នាបន្ដិចបន្ដួច។ ជួនកាលពេលទៅសន្សំប្រាក់រាល់ខែរង់ចាំយូរពេក ធ្វើឱ្យមានអ្នកទៅ ផ្ទះមុនទាំងដែលមិនទាន់សន្សំប្រាក់ក៏មានដែរ តែអ្នកស្រីបុឡា នៅតែបន្ដការសន្សំរហូតមកដល់សព្វថ្ងៃ។

អ្នកស្រីថាការសន្សំប្រាក់មានប្រយោជន៍សម្រាប់អ្នកស្រីពេលខ្វះខាត ក្នុងការប្រកបមុខរបរ ពេលគ្រឿងយន្ដខូចអាចខ្ចីប្រាក់ដើម្បីជួសជុលឬទិញគ្រឿងយន្ដ និងសម្រាប់ពេលខ្វះខាត ដូចជាទៅពេទ្យយប់ព្រលប់ អ្នកស្រី មានការឈឺគ្រុនទៅពេទ្យ អាចប្រើលុយសន្សំនោះបាន។  មានលុយសន្សំស្រាប់ក្នុងភូមិងាយស្រួលក្នុងការរកកម្ចី ពោល គឺពេលទៅខ្ចីមិនពិបាកព្រោះជាក្រុមរបស់ខ្លួនស្រាប់។

អ្នកស្រីបន្ដថា៖«អត់អីទេបើយើងត្រូវការខ្ចី បើភូមិគេវាពិបាកនៅក្នុងភូមិមុខងារថាចង់ខ្ចី យើងដឹងម៉ោងយើងខ្ចី ទៅព្រឹកបើមានគេឲ្យហើយតែបើអស់គេខ្ចីគឺអត់ព្រោះយើងមិចចេះបង្ខំបើគ្មានលុយពីនោះមក។ការសន្សំប្រាក់មិនជាពិបាកនោះទេ។ខ្វះយើង ទៅពេទ្យ អ៊ីចឹងណា។ខ្ញុំចង់សន្សំលុយដូចជាយើងធ្វើស្រែ ពេលយើងខ្វះយើងទិញប្រេង ដូចជាយើងទិញអ្វីៗទិញម៉ូតូ»។

មានអាយុ៤៤ឆ្នាំជាជនជាតិដើមភាគតិចព្នង តួនាទីជាមេក្រុមសន្សំប្រាក់ នៅភូមិស្រែថាស់ ឃុំសុខសាន្ដ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី។ លោកបានងាកមកនាំគ្នាសន្សំប្រាក់ជាក្រុមដែលមានការណែនាំ ក្រុមសន្សំប្រាក់ដំបូងមានឈ្មោះថាអង្គការ សេដាក បានជួយជាសៀវភៅសន្សំ និងថវិកាសម្រាប់សម្របសម្រួលការសន្សំប្រាក់នេះ គឺសម្រាប់ថ្ងៃអនាគតមានប្រាក់សន្សំ ។ ការសន្សំប្រាក់ជាក្រុមអាចមានផលលំបាកសម្រាប់សមាជិកក្រុមនិងមេក្រុមខ្លះៗ ដោយសារពេលសន្សំប្រាក់រាល់ខែមេក្រុមត្រូវជិះម៉ូតូដើរប្រាប់គ្រប់សមាជិកសន្សំទាំងអស់ឲ្យមកសន្សំ។ ការសន្សំប្រាក់ដំបូងបានចាប់ផ្ដើមនៅឆ្នាំ ២០០៩  ហើយបច្ចុប្បន្ននៅក៏តែសន្សំរហូតមិនដែលមានការបែកបាក់នោះទេ។ សមាជិកសន្សំដំបូងមានតែ ១៥នាក់ទេ នៅពេលបច្ចុប្បន្នកើនឡើង៣២នាក់។ ការសន្សំប្រាក់មួយខែៗក៏អាចកើតករណីខ្វះថវិកាសម្រាប់ផ្គត់ផ្គង់សមាជិកដែរ ដោយសារសមាជិកខ្ចីច្រើន ។ តែយ៉ាងណាក្រុមសន្សំក៏មានវិធានការផងដែរ នោះគឺ ក្នុងករណីសមាជិកខ្ចីមិនសងមេក្រុមសន្សំមានវិធានការមួយសម្រាប់ ពិន័យដល់សមាជិកដូចជារឹបអូសទ្រព្យសម្បត្ដិ ព្រោះអីមេក្រុម គ្រប់គ្រងខ្លាចបាត់ប្រាក់របស់សមាជិក ទើបគណៈកម្មការ រឹបអូស ទ្រព្យសម្បត្តិ ដូចជាគោក្របីឬជាដីស្រែ។ តែដំណាក់កាលឥលូវនេះមេក្រុមមិនមានការរឹបអូសអ្វីនោះទេ។  លោកនិយាយថាការខ្ចីប្រាក់គ្រាន់តែធ្វើកិច្ចសន្យាអះអាង តិចតួចអាចខ្ចីបានហើយ។

លោកបន្ដថា៖«ការសន្សំប្រាក់​នេះ មានផលវិបាកខ្លះៗ ការសន្សំប្រចាំខែគេភ្លេចថ្ងៃសន្សំ ទាល់តែប្រាប់តាម ផ្ទះទើបគេដឹង​ថ្ងៃណាៗ​  ។សមាជិកដែលខ្ចីពេលខ្វះខាតគឺខ្ចីស្រួលពីក្រុមដល់ពេលសងការនិងសងដើមគឺមានការរយឺតយ៉ាវបន្ដិច សន្សំបានតិច​​​​​ៗព្រោះអីយើងជាអ្នកគ្រប់គ្រងខ្លាចបាត់ថវិកា សមាជិក មួយខែៗ​​​ សមាជិកគេត្រូវការច្រើនបាការលំបាកមានប៉ុហ្នឹង ។​បើសិនជាមានអង្គការណាឬក៏អាចជួយផ្ដល់ថវិការដើមទុនឲ្យខ្ចី១ឬ២ឆ្នាំ៣ឆ្នាំឲ្យក្រុមពួកខ្ញុំសន្សំខ្ចី ។ សមាជិកយើងខំសន្សំនេះគឺដើម្បីមានប្រាក់សន្សំក្នុងភូមិរកខ្ចី​​គឺស្រួល កាត់បន្ថយការខ្ចីបុលពីក្រៅ ខ្ចីក្នុងក្រុម​ ​ ការប្រាក់​ ចូលក្នុងក្រុមអាចចែកក្នុងក្រុមតាមភាគរយដែលសន្សំបាន ​ ការប្រាក់ចូលក្នុងក្រុមសមាជិកសន្សំយើងទាំងអស់ដល់ពេលដំណាច់ឆ្នាំបិទបញ្ជីបាទ»។

ពលរដ្ឋខាងលើ បានរៀបរាប់ថាគោលបំណងដែលពួកគាត់ចង់សន្សំប្រាក់គឺចង់ឲ្យមានភាពងាយស្រួលរកខ្ចីពេលខ្វះខាត និងកាត់បន្ថយការខ្ចីប្រាក់ពីខាងក្រៅ និងដើម្បីថ្ងៃអនាគតមានលុយសន្សំសម្រាប់ពេលមានជំងឺ ពេលចាស់ទៅមានប្រាក់សន្សំ និងដើម្បីខ្ចីទិញរបស់ប្រើប្រាស់ដែលចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់៕

  អត្ថបទ៖កញ្ញា ឃ្វិះ ផលឡា 

Share

ព័ត៌មានទាក់ទង

Image