រូបភាពវីដេអូសម្ដែងរបស់យុវតីក្នុងឈុតជជែកពីការឆាត (Chat) លើបណ្ដាញសង្គម ដែលរៀបចំដោយអង្គការយូនីសេហ្វកម្ពុជា (Unicef Cambodia)។
អង្គការយូនីសេហ្វ (Unicef) និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាការឌីជីថល ដើម្បីទប់ស្កាត់និងការពារកុមារ និងក្មេងវ័យជំទង់ ពីការរំលោភបំពានផ្លូវភេទតាមអនឡាញ។ លោក គីម ចាន់ចាវ រាយការណ៍ 25-03-24-Chanchav-1-Unisef
យុទ្ធនាការការពារកុមារនិងក្មេងវ័យជំទង់ពីការកេងប្រវ័ញ្ចផ្លូវភេទនេះ រួមមានវីដេអូខ្លីពណ៌នាសាច់រឿងចំនួនបួនជាបន្តបន្ទាប់ ដើម្បីបង្ហាញអំពីវិធីបង្ការ និងដោះស្រាយស្ថានភាពគំរាមកំហែងផ្លូវភេទលើក្មេងជំទង់ពីរនាក់។ យូនីសេហ្វរំពឹងថា យុទ្ធនាការនេះ នឹងផ្សព្វផ្សាយទៅដល់កុមារនិងក្មេងវ័យជំទង់ ព្រមទាំងឪពុកម្ដាយរបស់ពួកគេ ចំនួនជាង ពីរលាននាក់ ក្នុងរយៈពេលបីខែខាងមុខ។
នាយកយូនីសេហ្វប្រចាំកម្ពុជា លោកបណ្ឌិត វីល ផាកស៍ (Dr Will Parks) បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២១ ខែមីនា ថា ដើម្បីជំរុញការផ្លាស់ប្ដូរប្រកបដោយប្រសិទ្ធភាព អង្គការយូនីសេហ្វ និងក្រសួងសង្គមកិច្ច ត្រូវផ្សព្វផ្សាយព័ត៌មាន និងប្រើប្រាស់បច្ចេកវិទ្យានៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលយុវជនកំពុងប្រើប្រាស់យ៉ាងសកម្មរួចទៅហើយនោះ។
@UNICEF Cambodia/2022/Bunsak But
ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនិងដៃគូ រួមទាំងយូនីសេហ្វផង កាលពីឆ្នាំ២០២២ បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយ មានចំណងជើងថា «ការបញ្ឈប់គ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា» បង្ហាញថា កុមារកម្ពុជាអាយុពី ១២ ទៅ ១៧ ឆ្នាំ ចំនួន១១% ដែលប្រើប្រាស់អ៊ីនធឺណិត បានទទួលរងការកេងប្រវ័ញ្ច និងការបំពានផ្លូវភេទលើប្រព័ន្ធអ៊ីនធឺណិត កាលពីអំឡុងឆ្នាំ២០២១។ នេះមានន័យថា កុមារប្រមាណ ១៦ម៉ឺននាក់ (១៦០.០០០) ត្រូវទទួលរងការគំរាមកំហែងក្នុងសកម្មភាពផ្លូវភេទ ការចែករំលែករូបភាពអាសអាភាសដោយគ្មានការយល់ព្រមពីពួកគេ និងការប្រឈមតាមគ្រប់រូបភាពតាមប្រព័ន្ធអ៊ីនធឺណិត។
ការគំរាមផ្លូវភេទតាមប្រព័ន្ធអនឡាញ ជាទង្វើដែលជនល្មើស ប្រើប្រាស់រូបភាព-សម្ភាររំលោភបំពានផ្លូវភេទ ដែលបានពីកុមារ ដើម្បីគំរាមកុមារឱ្យផ្ញើរូបថត ឬ វីដេអូមកឱ្យពួកគេបន្ថែមទៀត ក្នុងគោលបំណងផលប្រយោជន៍ផ្សេងៗ ដូចជា ថវិកា ឬ ការគ្រប់គ្រងលើកុមារ ជាដើម។ សកម្មភាពនេះ គឺជាបទល្មើសធ្ងន់ធ្ងរដែលអាចជះឥទ្ធិពលខ្លាំងដល់កុមារ។
នៅក្នុងឆ្នាំ២០២៣ យូនីសេហ្វ និងក្រសួងសង្គមកិច្ច ក៏បានអនុវត្តយុទ្ធនាការ ដែលមានឈ្មោះថា “តស់ ឆាតលេង” អំពីការលួងលោមតាមអនឡាញ ដែលបានផ្សាយទៅដល់ពលរដ្ឋចំនួន ២លាននាក់ តាមប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។
របាយការណ៍ឆ្នាំ២០២២ខាងលើបានបង្ហាញពីការពិតដ៏គួរឱ្យរន្ធត់ផ្សេងទៀតផងដែរ ។ កុមារចំនួន ១៦ ភាគរយ បានទទួលសារយោបល់ទាក់ទងផ្លូវភេទ ដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនស្រួល ហើយជិតមួយភាគបីនៃកុមារទាំងនេះ បាននិយាយថា បញ្ហានេះកើតឡើងនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ។ កុមារក្នុងចំនួនភាគរយដូចគ្នានេះដែរ ត្រូវបានគេផ្ញើរូបភាពផ្លូវភេទមកពួកគេ ដែលពួកគេមិនចង់ឃើញ ដោយក្នុងនោះ ពួកគេទទួលបានរូបភាពទាំងនេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនជាងប្រភពផ្សេងទៀតដល់ទៅជាងមួយភាគបី ។ ៩ ភាគរយនៃកុមារទាំងនេះ ទទួលរងសម្ពាធឱ្យចែករំលែករូបភាពផ្លូវភេទផ្ទាល់ខ្លួនរបស់ពួកគេ ។ ក្មេងប្រុសគឺជាគោលដៅច្រើនជាងក្មេងស្រី ចំពោះសំណើសុំដែលមានលក្ខណៈបំពាន ការគំរាមកំហែង និងការគំរាមទារប្រាក់តាមប្រព័ន្ធអនឡាញ ។ ស្ថិតិទាំងនេះ បង្ហាញពី ស្ថានភាពដែលគួរឱ្យភ្ញាក់ផ្អើលអំពីគ្រោះថ្នាក់ដែលកុមារនៅក្នុងប្រទេសកម្ពុជា ប្រឈមមុខនៅក្នុងពិភពឌីជីថល៕