នៅត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានឥណទានជាប្រាក់រៀលកើនឡើង២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលក៏បានកើនឡើងដែរ ដល់ទៅ១៦% នៃប្រាក់បញ្ញើសរុប។ សមាគមបញ្ជាក់ថា តួលេខនេះកើនលើសកម្រិតកំណត់ដោយបទប្បញត្តិ ដែលនេះបង្ហាញថា ជាការកើនឡើងទំនុកចិត្តលើរូបិយប័ណ្ណជាតិ។ នេះបើយោងតាមសមាគមមីក្រូហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។
សមាគមបញ្ជាក់ថា សមតុល្យឥណទានជាប្រាក់រៀលបានកើនឡើងដល់ចំនួន ៥,៥៦ពាន់ពាន់លានរៀល ខណៈប្រាក់បញ្ញើជាលុយសរុបនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៤ បានកើនឡើងដល់១,៥២ ពាន់ពាន់លានរៀល។
ឥណទានមីក្រូហិរញ្ញវត្ថុបានជះឥទ្ធិពលទៅលើសេដ្ឋកិច្ចជាតិ តាមរយៈវិស័យផ្សេងៗដូចជា គ្រួសារ ពាណិជ្ជកម្ម កសិកម្ម និងផ្នែកផ្សេងៗទៀត។ លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថាការអន្តរាគមន៍នៃឥណទានតាមវិស័យគោលដៅទាំងនេះបានជួយគាំទ្រការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
គួរជម្រាបថា ក្នុងការជំរុញកំណើនប្រើប្រាស់ប្រាក់រៀល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងភាគីពាក់ព័ន្ធបានធ្វើការបង្កើនការយល់ដឹងអំពីការប្រើប្រាស់ប្រាក់រៀលដល់សាធារណជន ដូចជាជំរុញផ្នែកចំណេះដឹងហិរញ្ញវត្ថុ ជំរុញការប្រតិបត្តិការទូទាត់ឌីជីថលជាប្រាក់រៀល និងលើកពីគុសម្បត្តិប្រព័ន្ធរូបិយប័ណ្ណក្នុងស្រុកដ៏រឹងមាំ។
យ៉ាងណាកាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាទើបចេញយុទ្ធនាការ ស្រលាញ់ប្រាក់រៀល រយៈពេល១០ថ្ងៃ ដើម្បីប្រមូលលុយចាស់ រហែក និងទក់ និងជំនួសមកវិញដោយក្រដាសប្រាក់ថ្មីដែរ ដែលនេះជាផ្នែកមួយនៃការលើកម្ពស់ប្រាក់រៀល។
ក្នុងរឿងនេះ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានស្នើឱ្យអភិវឌ្ឍន៍ក្រដាសប្រាក់រៀលមានសភាពស្វិតដូចប្រទេសជិតខាង ដើម្បីបង្ការហានិភ័យនៃការទក់ រហែក និងប្រឡាក់៕