អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថាផ្លូវគោកគឺជាមធ្យោបាយដ៏ល្អប្រសើរ និងមានប្រសិទ្ធភាពបំផុតតែមួយគត់ សម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា ដែលកំពុងប្រឈមនឹងគ្រោះទុរភិក្សធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
លោក Antonio Guterres ដាក់ការកំណត់បែបនេះ បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៉ីប ក្នុងទីក្រុងគែរ កាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា ។ លោកប្រមុខUNបានព្រមានដែរថាសង្រ្គាមក្នុងតំបន់ហ្កាហ្សាកំពុងបង្កផលប៉ះពាល់នៅជុំវិញពិភពលោក។ លោកថា«ការវាយប្រហារជារៀងរាល់ថ្ងៃលើសេចក្ដីថ្លៃថ្នូរ ជាមនុស្សរបស់ប្រជាជនប៉ាឡេស្ទីន កំពុងធ្វើឱ្យពិភពលោកបាត់បង់ជំនឿចិត្តលើសហគមន៍អន្តរជាតិ»។
លោក Guterres កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៉ីប និងហ្ស៊កដានី ជាផ្នែកមួយនៃការបង្ហាញសាមគ្គីភាពក្នុងខែរ៉ាម៉ាឌន ទៅកាន់បណ្ដាប្រទេស មានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើន។ កាលពីថ្ងៃសៅរ៍ លោកក៏បានធ្វើទស្សនកិច្ចទៅកាន់ព្រំដែនអេហ្ស៉ីប ជាប់តំបន់ហ្កាហ្សាផងដែ។ លោកបានហៅទីនោះថាជាតំបន់រាំងខ្ទប់ការ ផ្ដល់ជំនួយតាមផ្លូវគោកចូលក្នុងតំបន់ហ្កាហ្សា គឺជាទង្វើដ៏អាម៉ាស់។ អ៊ីស្រាអែលត្រូវបានចោទប្រកាន់ថាកំពុងរារាំងការលំហូរចូលជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ដ្បិតខ្លាច ជំនួយទាំងនោះធ្លាក់ចូលក្នុងដៃក្រុមហាម៉ាស៕