ភ្នំពេញ៖ សមត្ថកិច្ចទទួលបន្ទុកគ្រប់គ្រងសំរាមក្រុងព្រះសីហនុប្រាប់វិទ្យុស្រ្តីថា ក្រុមការងារនឹងចុះទៅពិនិត្យនិងសំអាតសំរាមនៅម្តុំក្បែរស្ពានអូរត្រេះ បើ សិនករណីពិតជាមានសំរាមពាសវាលពាសកាលនៅទីនោះមែននោះ។ នេះជាការបញ្ជាក់ពីនាយករងរដ្ឋបាលក្រុងព្រះសីហនុនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ។
សំរាមពាសវាលពាសកាលនៅម្តុំស្ពានអូរត្រេះកាលពីថ្ងៃទី២១ខែមីនាឆ្នាំ២០២៤។រូបភាពដោយសិក្ខាកាម។
ការឆ្លើយចំពោះបញ្ហាសំរាមនេះ បន្ទាប់ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុមួយរូបនិងជាសិក្ខាកាមរបស់អង្គការមណ្ឌលព័ត៌មានស្រ្តី(WMC)បានប្រទះឃើញ គំនរសំរាមពាសវាលពាលកាលនៅម្តុំស្ពានអូរត្រេះ ដែលទំនងជារបស់ភ្ញៀវដែលទៅកំសាន្តនៅទីនោះ ហើយបន្សល់ទុកចោលយ៉ាងឥតសណ្តាប់ធ្នាប់។លោកថា នៅទីនោះលោកពុំបានឃើញមានធុងដាក់សំរាមនោះទេ ពោលគឺមានត្រឹមតែស្លាកដាក់ថាហាមចោលសំរាមតែប៉ុណ្ណោះ។ ប្រការនេះលោកថា អាចនាំឱ្យភ្ញៀវដែលទៅលេងទីនោះលំបាកក្នុងការគ្រប់គ្រងសំរាមឱ្យបានល្អ។
សំរាមពាសវាលពាសកាលនៅម្តុំស្ពានអូរត្រេះកាលពីថ្ងៃទី២១ខែមីនាឆ្នាំ២០២៤។រូបភាពដោយសិក្ខាកាម។
សម្រាប់ប្រជាពលរដ្ឋខេត្តព្រះសីហនុខាងលើយល់ថា ការបោះចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់នៅមាត់ឆ្នេរដ៏ស្រស់ស្អាតបែបនេះ នឹងបង្កផលប៉ះពាល់ដល់សោភណ្ឌភាពឆ្នេរ ដោយប្រការនេះអាចធ្វើឱ្យអ្នកទេសចរណ៍មិនចង់ទៅកំសាន្ត ហើយអ្នកលក់ដូរក្បែរនោះក៏បាត់បង់ចំណូលផងដែរ។
សំរាមពាសវាលពាសកាលនៅម្តុំស្ពានអូរត្រេះកាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០២៤។រូបភាពដោយសិក្ខាកាម។
មិនត្រឹមតែប៉ុណ្ណោះ ការចោលសំរាមពាសវាលពាសកាលបែបនេះក៏បង្កផលប៉ះពាល់ដល់ជីវចម្រុះនិងប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រផងដែរ ព្រោះសំរាមប្លាស្ទិកអាចធ្វើឱ្យពពួកសត្វសមុទ្រ និងត្រីងាប់បាន។នេះជាការបញ្ជាក់បន្ថែមពីប្រជាពលរដ្ឋខាងលើ។
សំរាមពាសវាលពាសកាលនៅម្តុំស្ពានអូរត្រេះកាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០២៤។រូបភាពដោយសិក្ខាកាម។
ប្រជាពលរដ្ឋដែលសុំមិនបញ្ជាក់ខាងលើរំពឹងថា តាមរយៈការឈឺឆ្អាលនេះ នឹងអាចឱ្យអាជ្ញាធរពាក់ព័ន្ធមានចំណាត់ការឆ្លើយតបទាន់ពេលវេលា ដើម្បីជៀសវាងមានរូបភាពសំរាមពាសវាលពាសកាលនៅតំបន់ឆ្នេរអូរត្រេះ ក្នុងខេត្តជាប់មានសមុទ្រមួយនេះ។ជាងនេះ លោកស្នើឱ្យប្រជាពលរដ្ឋនិងអ្នកមកកំសាន្តតាមតំបន់ឆ្នេរត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើការទុកដាក់សំរាមរបស់ខ្លួន៕
អត្ថបទខ្លីសរសេរដោយ អោ កុសល់ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕
រូបភាពដែលសិក្ខាកាមផ្តិតបាន៖