កម្មកររោចក្រY&W បានទៅទទួលប្រាក់ឈ្មួល និងប្រាក់ចំណាច់ផ្សេងៗនៅសាលាខណ្ឌដង្កោនារសផលថ្ងៃនេះ បន្ទាប់ពីទទួលបានដំណឹងពីមេសហជីពរបស់ខ្លួន។ តែពួកគាត់បញ្ជាក់ថា មិនបានទទួលតាមការទាមទារទាំង៥ចំណុចនោះទេ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៤នេះ កម្មកររោចក្រ Y&W Garment បាននាំគ្នាទៅទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅសាលាខណ្ឌដង្កោ បន្ទាប់ពីទទួលបានដំណឹងពីមេសហជីពរបស់ខ្លួន។ កម្មករជាច្រើនរយនាក់បានទៅពិនិត្យរកឈ្មោះរបស់ខ្លួន ដែលបិទនៅជញ្ជាំងសាលាខណ្ឌ ទោះស្ថិតនៅក្រោមកម្ដៅថ្ងៃដែលកំពុងបញ្ចេញឥទ្ធិពលដ៏ក្ដៅក៏ដោយ។
កម្មករនិយោជិតខ្លះ បន្ទាប់ពីបានទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ បានលើកឡើងថា ខ្លួនមិនបានទទួលតាមការទាមទារទាំង៥ចំណុចនោះទេ។ អ្នកខ្លះបានត្រឹម៤ ចំណុច ឬ៣ចំណុចប៉ុណ្ណោះ។ អ្នកស្រី សួរ សុភ័ណ្ឌ កម្មកររោងចក្រ Y&W ដែលកំពុងរកឈ្មោះរបស់ខ្លួនតាំងពីថ្ងៃត្រង់នៅរកមិនទាន់ឃើញបានលើកឡើងថា ការទាមទាររបស់កម្មករគឺ៥ ចំណុច តែការមកបើកប្រាក់នេះ មិនដឹងថាបានអាចបើកបានគ្រប់ឬអត់នោះទេ។
ចំណែកអ្នកស្រី លន់ ស្រីពៅ ដែលបានទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរួចហើយ បានលើកឡើងថា បើកបានតែ៤ចំណុចប៉ុណ្ណោះ។ អ្នកស្រីហាក់មិនពេញចិត្តទទួលយកដែរ តែប្រសើរជាងមិនទទួលបាន ជាមួយគ្នាអ្នកស្រីថា អាចនឹងមានការតវ៉ាទៅមុខទៀត។
លោក នួន ធារ៉ា កម្មករមិនពេញសិទ្ធិនៃរោចក្រY&W បានលើកឡើងថា លោក មិនបានទទួលគ្រប់ចំណុចដែលទាមទារទាំង៥ចំណុចនោះដែរ ដោយសារលោកទើបចូលធ្វើការបាន៣ខែតែប៉ុណ្ណោះ ដូច្នេះមិនមានប្រាក់អត្ថប្រយោជន៍ដូចកម្មករដែលធ្វើការរាប់ឆ្នាំនោះទេ។
កម្មការិនីមានផ្ទៃពោះមួយរូបទៀត អ្នកស្រី សុផាន់ណា បានមកទទួលប្រាក់ឈ្នួលរបស់ខ្លួនដែរបានប្រាប់អ្នកសារព័ត៌មានវិទ្យុស្ដ្រីថា អ្នកស្រីពេញចិត្តនឹងទទួលយកប្រាក់ឈ្នួលនេះ ទោះមិនបានតាមការទាមទារទាំង៥ចំណុចក៏ដោយ។
សូមជម្រាបថា ការទាមទារទាំង៥ចំណុចរបស់កម្មកររោចក្រY&W រួមមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ជួសការសម្រាកប្រចាំឆ្នាំ ប្រាក់បំណាច់អតីតភាពការងារ ប្រាក់ជូនដំណឹងមុនកុងត្រា និងប្រាក់សោហ៊ុយជំងឺចិត្ត។ ចំណុចដែលកម្មកររោចក្រមិនទទួលបាន គឺប្រាក់សោហ៊ុយជំងឺចិត្តចុងក្រោយនេះ។
យ៉ាងណា ក្រសួងការងារបានជូនដំណឹងកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ថា ក្រសួងនឹងបើកប្រាក់ឈ្នួលដល់បុគ្គលិកនៅថ្ងៃសៅរ៍ ទី២៣ ខែមីនា។ សម្រាប់ការបើកមុនការជូនដំណឹងបែបនេះ ត្រូវបានកម្មករបញ្ជាក់ថា អាចមកពីក្រសួងសម្រួលការកកស្ទះរបស់កម្មករនៅថ្ងៃស្អែក ដែលមានគ្នាប្រមាណជាង៤០០០នាក់។ តាមកម្មករដដែលថា ការបើកប្រាក់ឈ្នួលពីសំណាក់ក្រសួងការងារនឹងធ្វើឡើងរយៈពេល២ថ្ងៃ គឺរសៀលថ្ងៃនេះ និងថ្ងៃស្អែក៕