ក្រសួងបរិស្ថានបានប្រកាសចាប់ផ្តើមបេសកកម្មសម្អាតសំរាមលើផ្ទៃទឹកបឹងទន្លេសាបជាផ្លូវការ បន្ទាប់ពីទទួលជោគជ័យលើយុទ្ធនាការសម្អាតសំរាមលើគោក ដោយមានអ្នកចូលរួមជាង៧លាននាក់។ ជាមួយបេសកកម្មថ្មី រយៈពេល៥ឆ្នាំនេះ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែតបញ្ជាក់ថា ការចូលរួមរបស់វិស័យឯកជន និងដៃគូ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកលើផ្ទៃទឹក។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
លោក អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថានថា ការចូលរួមពីអ្នកពាក់ព័ន្ធ ពិសេសវិស័យឯកជន និងដៃគូសហការ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីកសាងសង្គមស្អាត និងឱ្យកម្ពុជាស្អាតស្រស់បំព្រង គ្មានការបំពុល ជាពិសេសការបំពុលដោយប្លាស្ទិកទៅក្នុងទន្លេ។ ការលើកឡើងរបស់លោក រដ្ឋមន្ដ្រី ខណៈចូលរួមសម្ពោធកម្មវិធីសម្អាតទន្លេកម្ពុជារយៈពេល៥ឆ្នាំជាផ្លូវការ នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធទី២០ ខែមីនា ឆ្នាំ២០២៤។
បេសកកម្មសំអាតទន្លេរយៈពេល៥ឆ្នាំ របស់ក្រសួងបរិស្ថាននេះ មានការចូលរួមពីក្រុមហ៊ុន Leader Energy Holding Berhad (Leader Energy) និងអង្គការសម្អាតទន្លេ-សមុទ្រ (River Ocean Cleanup)។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន។
លោកអ៊ាង សុផល្លែត បញ្ជាក់ថា ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ បានធ្វើការសហការជាមួយវិស័យឯកជន និងដៃគូសហការនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមបរិស្ថាន ជាពិសេសសំរាមនៅក្នុងទឹកដែលកំពុងបំពុលទឹកទន្លេ។
ក្រៅពីការសម្អាតសំរាមលើផ្ទៃទឹកបឹងទន្លេសាប បេសកកម្ម៥ឆ្នាំរបស់ក្រសួងក៏មានវិធានការទប់ស្កាត់ និងលុបបំបាត់សំណល់សំរាមប្លាស្ទិក ហូរចូលក្នុងប្រភពទឹកតាមរយៈការពង្រឹងការត្រួតពិនិត្យលើទឹកកខ្វក់ហូរចេញពីរោងចក្រ ឧស្សាហកម្មនានាចូលទៅអូរ ប្រឡាយ បឹង និងទន្លេ។
ទាក់ទងដល់ការចូលរួមរបស់វិស័យឯកជននេះដែរ ក្រុមហ៊ុនក្រដាសអនាម័យMG Pacific Company Limited ក៏បានប្រកាសគម្រោងថ្មីមួយរបស់ខ្លួនក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ។ គម្រោងនោះមានឈ្មោះថា “ផ្ដើមចេញពីអ្នក” ដែលមានគោលបំណងបញ្រ្ជៀតការយល់ដឹងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអំពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់ជីវិតប្រចាំថ្ងៃ និងការការពារបរិស្ថានជុំវិញខ្លួននៅថ្ងៃអនាគត។ នេះបើផ្អែកតាមការឱ្យដឹងពី លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុនអិមជី ផេស៊ីហ្វិក។
អ្នកគ្រប់គ្រងអាជីវកម្មរូបនេះបញ្ជាក់ថា គម្រោង ផ្ដើមចេញពីអ្នក នឹងលើកកម្ពស់ការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ដោយក្រុមហ៊ុនអិមជី ផេស៊ីហ្វិកបានកែប្រែនូវសង្វាក់ផលិតកម្មរបស់ខ្លួនមួយចំនួនតាមរយៈការប្តូររបៀបវេចខ្ចប់ថ្មី ខណៈដកថង់រុំស្រោបក្រដាសបង្គន់ប្រភេទកងបន្ទប់ទឹកចេញ រួចជំនួសមកវិញជាការដាក់ក្នុងប្រអប់ជ័រថ្លាថ្មី។ ការណ៍នេះបានបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្រដាសបន្ទប់ទឹកអិមជីបានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយគ្រាន់តែប្តូរប្រអប់ក្រដាសចាស់ដែលប្រើក្រដាសអស់ យកប្រអប់ថ្មីប៉ុណ្ណោះ។ ចំពោះអតិថិជននៅតាម ផ្ទះ ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ និងកន្លែងធ្វើអាជីវកម្មផ្សេងៗ ក៏មិនពិបាកក្នុងការប្ដូរប្រអប់ផងដែរ ដោយក្រុមហ៊ុននឹងមានសេវាកម្មប្ដូរជូនដល់ទីតាំង។
គួរជម្រាបថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃទឹក កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីប្រកាសភាពជោគជ័យលើយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ប្លាស្ទិក” ដោយមានអ្នកចូលរួមប្រមាណជាង៧លាននាក់។ តាមក្រសួងបរិស្ថានយុទ្ធនាការនេះ មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ព្រះសង្ឃ ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការមិនមែនរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ៕