en     km
en     km

អូស្ដា្រលីវាយតម្លៃថាការដោះស្រាយរបស់ គ.ស.ម.ក ករណីការរើសអើងអ្នកស្រលាញ់ភេទដូចគ្នាមានភាពល្អប្រសើរ

Share

ភាគីអូស្ដ្រាលី បានវាយតម្លៃដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក)ថាមានភាពល្អប្រសើរ ដែលអាចដោះស្រាយបញ្ហាលើការរើសអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នាបានយ៉ាងល្អ។ ការវាយតម្លៃរបស់ភាគីអូស្ដ្រាលីនេះ ធ្វើឡើងពេលលោកឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា  បានជួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។

តាមស្ថានទូតអូស្ដ្រាលី កិច្ចជំនួបនេះគឺជាការផ្លាស់ប្តូរមតិយោបល់មួយប្រកបដោយផ្លែផ្កា ដោយផ្តោតលើវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស លំហនយោបាយ និងពលរដ្ឋ វឌ្ឍនភាពរបស់កម្ពុជាលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា LGBTQIA+។

រាជរដ្ឋាភិបាលអាណត្តិមុនតែងតែអំពាវនាវកុំឱ្យមានការរើសអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នា តែយ៉ាងណាការទាមទាររបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា លើច្បាប់រៀបអាពាហ៏ពិពាហ៏ដែលមានការទទួលស្គាល់នៅតែមិនទាន់ទទួលបាននៅឡើងទេពីរាជរដ្ឋាភិបាល។

លោក​ កែវ រ៉េមី ធ្លាប់បានទទួលស្គាល់កាលពីដើមខែធ្នូ ឆ្នាំ២០២៣ថា ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅតែទទួលបានការរើសអើងនៅក្នុងសង្គមកម្ពុជា ដែលក្នុងនោះក៏មាននៅតាមស្ថាប័នរដ្ឋមួយចំនួន បានបដិសេធលើមិនទទួលយកអនុសាសន៍ក្នុងយន្ដការត្រួតពិនិត្យតាមការកំណត់UPR លើបញ្ហាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

តែបើផ្អែកលើការស្ទង់មតិមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវ PEW ធ្វើការស្ទង់​មតិ​លើ​មនុស្ស​ចំនួន​១ ៥០២​នាក់​មកពី​ភូមិ​ចំនួន​១៥០​នៅ​ក្នុង​ប្រទេស​កម្ពុជា​បង្ហាញថា ​ស្រប​ច្បាប់​នៃ​ការ​រៀបអាពាហ៍​ពិពាហ៍​សម្រាប់អ្នកស្រលាញ់ភេទ​ដូច​គ្នា​​មាន​ភាព​វិជ្ជមាន​គឺ ខ្ទង់​៥៧​ភាគរយ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​កំពូល​តារាង​បន្ទាប់​ពី​ជប៉ុន វៀតណាម ថៃ និង​ហុងកុង។

យ៉ាងណា ចំពោះបញ្ហានេះ ភាគីអូស្ដ្រាលីថាបានត្រៀមខ្លួនរួចរាល់ក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹង លើប្រធានបទអ្នកស្រលាញ់ភេទដូចគ្នាដល់កម្ពុជា។ នេះបើយោងតាមតាមការបញ្ជាក់របស់គណៈកម្មធិការសិទ្ធិមនុស្សកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image