en     km
en     km

សិក្ខាកាមវគ្គសិក្សាស្តីពី«អក្ខរកម្មព័ត៌មាន»សន្យាសរសេរព័ត៌មានពីសហគមន៍ក្រោយទទួលចំណេះដឹងពីWMC

Share

ភ្នំពេញ៖ សិក្ខាកាមរបស់WMCចំនួន២៩នាក់(ស្រី២០នាក់)បានសន្យានឹងផលិតព័ត៌មានពីសហគមន៍របស់ពួកគេ ដើម្បីជំរុញឱ្យមានដំណោះស្រាយសមរម្យជូនពលរដ្ឋ បន្ទាប់សិក្ខាកាមទាំងអស់ទទួលបានចំណេះស្តីពីការសរសេរព័ត៌ខ្លី ឬ  «អក្ខរកម្មព័ត៌មាន»ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

វគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តិកាលពីថ្ងៃទី១៩និងទី២០ខែមីនា ឆ្នាំ២០២៤ មានគោលបំណងចែករំលែកចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយដល់សិក្ខាកាម ពិសេសចង់ឱ្យយុវជនក្លាយជាពលរដ្ឋអ្នកសារព័ត៌មានដែលអាចមានសមត្ថភាពធ្វើសេចក្តីរាយការណ៍ព័ត៌មានពីរឿងរ៉ាវក្នុងសហគមន៍ផ្សព្វផ្សាយលើគេហទំព័រអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។

សកម្មភាពសិក្ខាកាមនៃវគ្គបណ្តុះបណ្តាល។

ក្នុងវគ្គបណ្តុះបណ្តាលដែលរៀបចំនៅទីតាំងក្រុមជំនុំផ្លូវខ្វែងស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញនេះដែរ ក្រុមគ្រូបង្គោលនៃWMC បានចែករំលែកមេរៀនមួយចំនួនទាក់ទង ការសរសេរព័ត៌មាន(5W1H) ការធ្វើសម្ភាសន៍ និងរបៀបថតរូប ដែលមេរៀនទាំងអស់នេះនឹងអាចធ្វើឱ្យសិក្ខាកាមអាចមានសមត្ថភាពផលិតព័ត៌មានខ្លីៗត្រឹមត្រូវតាមក្បួនខ្នាតវិជ្ជាជីវៈសារព័ត៌មានបាន។

សិក្ខាកាមភាគច្រើនជាស្រ្តីបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន។

ដោយឡែកក្នុងពេលរៀនគ្រូបង្គោលបានដាក់លំហាត់ការងារជាក្រុមដល់សិក្ខាកាម ដើម្បីឱ្យពួកគេបានយល់កាន់តែច្បាស់ពីមេរៀន។ ជាការសង្កេត សិក្ខាកាមបានចូលរួមធ្វើការងារក្រុមយ៉ាងសកម្មដោយពួកគេបានចូលរួមផ្តល់មតិយោបល់គ្នាទៅវិញទៅមក និងឡើងធ្វើបទបង្ហាញពីកិច្ចការក្រុមរបស់ពួកគេរៀងៗខ្លួន។ ជាងនេះទៀត នៅពេលក្រុមនីមួយៗឡើងធ្វើបទបង្ហាញ សិក្ខាកាមនៅក្រុមផ្សេងៗទៀតបានលើកជាសំនួរនិងបានផ្តល់មតិយោបល់បន្ថែមដើម្បីឱ្យកិច្ចការក្រុមនីមួយៗកាន់តែល្អប្រសើរជាងមុន។

សកម្មភាពការងារក្រុមរបស់សិក្ខាកាម។

ឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ សិក្ខាកាមមួយរូបគឺកញ្ញា អ៊ុល កញ្ចនា ឱ្យដឹងថា កញ្ញាទទួលបានចំណេះដឹងថ្មីៗជាច្រើនជុំវិញវិស័យសារព័ត៌មាននេះ ​ពិសេសគឺជំនាញនៃការថតរូប ក្បួនចាប់ប្លង់ថត ពិសេសគឺមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មានតាមវិជ្ជាជីវៈសារព័ត៌មាន។ កញ្ញាថា មេរៀនដែលបានសិក្សាគឺបានផ្សារភ្ជាប់នឹងអ្វីដែលកញ្ញាកំពុងសិក្សានៅមហាវិទ្យាល័យ ដែលប្រការនេះបានផ្តល់សារៈប្រយោជន៍ដល់ការសិក្សាបានកាន់តែល្អ។ កញ្ញាសន្យាថានឹងយកចំណេះដឹងនេះទៅអនុវត្តនៅពេលបន្ទាប់ ពោលគឺនឹងស្វែងរកប្រធានបទព័ត៌មាន ឬរឿងរ៉ាវដែលកើតមានក្នុងសហគមន៍មកផលិតជាព័ត៌មាន ដើម្បីមានអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋក្នុងសហគមន៍។

កញ្ញា អ៊ុល កញ្ចនា ឡើងធ្វើបទបង្ហាញកិច្ចការរបស់ក្រុម។

ដោយឡែកសិក្ខាកាមមួយរូបទៀតមកពីខេត្តព្រះសីហនុគឺលោក អោ កុសល់ និយាយថា លោកទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗជាច្រើនពីគ្រូបង្គោលប្រចាំនៅ WMC ដោយក្នុងនោះលោកអាចយល់ដឹងពីរបៀបចាប់ប្លង់ថតរូបប្រកបដោយគុណភាព យល់ដឹងពីរបៀបសម្ភាសន៍ប្រភព និងការសរសេរព័ត៌មានខ្លី។ សម្រាប់លោក កុសល់ លោកប្តេជ្ញាថា នឹងប្រឹងប្រែងសរសេរព័ត៌មាននូវរឿងរ៉ាវក្នុងសហគមន៍ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនចូលរួមចំណែកជួយរកដំណោះស្រាយបញ្ហាក្នុងសង្គមជាតិ។

លោក អោ កុសល់ មកពីខេត្តព្រះសីហនុបានចូលរួមយ៉ាងសកម្មទាំងការលើកជាសំនួរ និងមតិយោបល់ក្នុងវគ្គបណ្តុះបណ្តាល។

ជាមួយគ្នានេះលោក ផាន ភ័ព្វបារមី នាយកគម្រោងនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)ថ្លែងចាប់អាម្មរណ៍នៅចុងកម្មវិធីថា ការចូលរួមរបស់សិក្ខាកាមនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបន្ទាប់ពីចប់វគ្គសិក្សានេះ សិក្ខាកាមអាចមានសមត្ថភាពសរសេរព័ត៌មានពីសហគមន៍ ដែលជាផ្នែកមួយចូលរួមចំណែកស្វែងរកដំណោះស្រាយជូនពលរដ្ឋក្នុងសហគមន៍របស់ខ្លួន។

លោក បារមី លើកទឹកចិត្តដល់សិក្ខាកាមខិតខំស្វែងរកព័ត៌មានពីសហគមន៍តាមលទ្ធភាពដែលអាចធ្វើបាន ដ្បិតតាមរយៈការលើកឡើងនូវក្តីកង្វល់ និងសំណូរពររបស់ប្រជាពលរដ្ឋនេះហើយ នឹងនាំមកនូវការឆ្លើយតបជាវិជ្ជមានពីអ្នកពាក់ព័ន្ធដល់ពលរដ្ឋ ដោយនេះជាផ្នែកមួយនៃការចូលរួមកិច្ចអភិវឌ្ឍន៍ក្នុងសហគមន៍របស់យុវជន។

លោក ផាន ភ័ព្វបារមី សម្តែងក្តីរីករាយដែលយុវជនបានឆ្លៀតពេលមកសិក្សាពីចំណេះដឹងនៃការសរសេរព័ត៌មាន។

ជាការកត់សម្គាល់នៅក្នុងពេលសិក្សា សិក្ខាកាមផ្សេងទៀតដែលបានចូលរួមបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេរីករាយដែលបានចូលរួមវគ្គបណ្តុះបណ្តាល MILនេះ ព្រោះបានយល់ដឹងកាន់តែច្បាស់ពីប្រព័ន្ធផ្សព្វផ្សាយ និងមូលដ្ឋាននៃការសរសេរព័ត៌មានខ្លី ពិសេសយល់ពីប្លង់នៃការថតរូបកាន់តែច្បាស់។ សិក្ខាកាមដែលចូលរួមយល់ថា ចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះនឹងអាចឱ្យពួកគេមានមូលដ្ឋានអាចចុះទៅប្រមូលយកព័ត៌មាននិងសរសេរព័ត៌មានតាមវិជ្ជាជីវៈនៃសារព័ត៌មាន។ សិក្ខាកាមសន្យាថា បន្ទាប់ពីបញ្ចប់វគ្គនេះពួកគេនឹងព្យាយាមឆ្លៀតពេលចុះធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលកំពុងកើតមានក្នុងសហគមន៍របស់ពួកគេឱ្យមានដំណោះស្រាយកាន់តែល្អប្រសើរ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដែលរៀបចំដោយអង្គការមណ្ឌលព័ត៌ មានស្រ្តីកម្ពុជា(WMC)នេះ ទទួលបានការគាំទ្រថវិកាពី InterNews៕

សកម្មភាពសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល៖

Share

ព័ត៌មានទាក់ទង

Image