en     km
en     km

ជនពីររូបបន្ថែមត្រូវបានឃុំខ្លួនបណ្ដោះអាសន្នក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងអ្នកស្រី ឡេង ចាន់ណា

Share

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ថាជនត្រូវចោទ២រូបបន្ថែមទៀត ត្រូវបានចៅក្រមសាលាដំបូងខេត្តសៀមរាប ចេញដីការបង្គាប់ឱ្យនាំខ្លួន ដើម្បីសួរចម្លើយពីបទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមដោយមានការចាត់តាំង  និងបទ សម្អាតប្រាក់ ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌរបស់អ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី។

ជនត្រូវចោទបន្ថែម២រូបនេះ មានម្នាក់ឈ្មោះ អ៊ឹម ស្រីវុធ ភេទស្រី អាយុ ៣៥ ឆ្នាំ និងម្នាក់ទៀតឈ្មោះ កុយ កុសល ភេទប្រុស អាយុ៣៤ ឆ្នាំ។ អ្នកទាំងពីរត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្ដោះអាស្នន និងបានបញ្ជូនទៅកាន់ពន្ធធនាគារខេត្តសៀមរាប ដើម្បីបន្ដស៊ើបសួរតាមនីតិវិធីច្បាប់។ នេះបើយោងតាមការថ្លែងការណ៍សាលាដំបូងខេត្តសៀមរាប ចេញថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។

ការនាំខ្លួន និងឃុំខ្លួនបុគ្គលត្រូវចោទបន្ថែមពីរនាក់នេះ ធ្វើឡើងក្រោយអយ្យការអមសាលាដំបូងខេត្តសៀមរាបបានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យ៣រូប មានអ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន លោក ចាន់ ឃីន និងលោក ផុន សាមាន អគ្គនាយករង កាលពីថ្ងៃទី១២ ខែ មីនា ឆ្នាំ២០២៤ ពីបទឆបោក បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន និងបទលាងសម្អាតប្រាក់។

គួរជម្រាបថា ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា ត្រូវបានពលរដ្ឋជាច្រើនបានប្ដឹងទៅកាន់សមត្ថកិច្ច មន្ដ្រីរាជរដ្ឋាភិបាល និងតាមបណ្ដាញសង្គមនានាកាលពីពេលកន្លងទៅ រឿងឆបោកលុយបោះទន់រកស៊ីលក់បុរី និងពុះដីឡូតិ៍លក់នៅខេត្តកំពង់ធំ និងខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០២២មក។ ស្ដ្រីអគ្គនាយិការូបនេះ ត្រូវបានប្រមុខរដ្ឋស្ដីទី សម្ដេច សាយ ឈុំ ដកគោរមងារជាឧកញ៉ា បន្ទាប់ពីរងបទចោទ៣ករណីខាងលើ៕

Share

ព័ត៌មានទាក់ទង

Image