en     km
en     km

ផ្ទៀងផ្ទាត់៖ តើវីឌីអូគ្រាប់ស្វាយ ចន្ទីក្នុងបាវលាយដី លក់ឱ្យឈ្មួញជាការពិតឬជាការប្រឌិតរឿង?

Share

ផ្ទៀងផ្ទាត់៖ ពណ៌លឿង

ក្នុងវីដេអូឃ្លីបមួយ ដែលបង្ហាញថា ឈ្មួញបានទិញគ្រាប់ស្វាយចន្ទីដែលច្រកក្នុងបាវ លាយជាមួយដី ដើម្បីឱ្យកើនទម្ងន់ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុកក្នុងអំឡុងដើមខែមីនា ឆ្នាំ២០២៤នេះ។ វីដេអូនេះ បានធ្វើឱ្យកសិករមួយចំនួនព្រួយបារម្ភ ខ្លាចក្រែងថា ជាហេតុធ្វើឱ្យគ្រាប់ស្វាយចន្ទីរបស់ខ្លួនចុះថោក ដែលទាមទារ ឱ្យមានការផ្ទៀងផ្ទាត់ ថាតើករណីនេះ ជាការពិត ឬមួយជាការបង្កើតសាច់រឿងដើម្បីមួលបង្កាច់ផលិតផលគ្រាប់ស្វាយចន្ទីរបស់កសិករ ពីសំណាក់ជនទុច្ចរិត។ កញ្ញា ងិន ស៊ាងលីម រាយការណ៍

មួយរយៈចុងក្រោយ នេះសង្កេតឃើញ មានការរអ៊ូរទាំពីមជ្ឈដ្ឋានកសិករ ជាពិសេសនៅខេត្តរតនគិរី អំពីតម្លៃស្វាយចន្ទីធ្លាក់ចុះខ្លាំង។ ទន្ទឹមនឹងតម្លៃធ្លាក់ចុះនេះ មានការចែកចាយវីឌីអូឃ្លីបមួយពេញបណ្តាញសង្គមfacebookទាក់ទងនឹងគ្រាប់ស្វាយចន្ទីនៅខេត្តរតនគិរី។ ក្នុងវីឌីអូ៥០វិនាទីនោះ ស្ត្រីម្នាក់ដែលអះអាងថាជាឈ្មួញ បានថតនិងនិយាយថា ខេត្តរតនគិរីលក់គ្រាប់ស្វាយដាក់លាយដី និងត្រាំទឹកឱ្យធ្ងន់ដើម្បីបន្ថែមគីឡូ ដូច្នេះហើយទើបធ្វើឱ្យស្វាយចន្ទីនៅខេត្តរតនគិរីធ្លាក់ថ្លៃជាងខេត្តផ្សេងៗ។

 «នែ! បងប្អូនអ្នកចម្ការមិនបាច់ឆ្ងល់ថា អ៉ឹម!។ ហេតុអីចន្ទីខាងរតនគិរីយើងថោកហាបង! អឺ!នេះចន្ទីដាក់ដី ខ្ញុំអត់បានមើល អត់បានប្រយ័ត្ន អត់បានឆែកបេ(បាវ)មើល គឺសុទ្ធតែដីហ្មង។ ចន្ទីនេះមិន អឺ!យើង មិនមែនយើងដាក់លើដីហើយកើបៗដាក់បេទេ គឺចន្ទីនេះដាក់ដីយកហ្មង ដីឡើងកន្លះបេបងប្អូន ហើយចន្ទីនេះមានត្រាំទឹកទៀត។ អ៊ីចឹងហើយមិនបាច់ឆ្ងល់ថា ម៉េចបានចន្ទីខាងរតនគិរីយើងថោក ចន្ទីខាងស្ទឹងត្រែង ខាងក្រចេះអីថ្លៃហាស!បងប្អូន មកពីចន្ទីយើងរកស៊ីយើងធ្វើអ៊ីចឹងហ៎! យើងដាក់ដីយើងត្រាំទឹក ត្រាំអី ដល់ពេលអ៊ីចឹង គឺវាធ្លាក់ថ្លៃតាមហ្នឹងហើយៗអ៊ីចឹងបើបងប្អូនយើងចង់បានថ្លៃ គឺកុំត្រាំទឹក កុំដាក់ដី យកមកឱ្យស្អាតៗមកចន្ទីយើងបានថ្លៃដូចគេហើយ។»

 

ករណីនេះបានធ្វើឱ្យសាធារណៈជនឆ្ងល់យ៉ាងខ្លាំង ពិសេសអ្នកដាំដំណាំចន្ទីនៅខេត្តរតនគិរី ពួកគាត់យល់ថាវីឌីអូនេះ ក៏ជាមូលហេតុមួយដែលបណ្តាលឱ្យតម្លៃចន្ទីនៅរតនគិរីធ្លាក់ចុះជាងខេត្តដទៃ។ លោក វ៉ុន សុង ជាកសិករម្នាក់ក្នុងចំណោមកសិករដទៃទៀតបានលើឡើងពីបញ្ហាវីឌីអូនេះ ដែលធ្វើឲ្យចន្ទីធ្លាក់ថ្លៃប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រី។

 «ខ្ញុំក៏មិនដឹងដែរបង មានឃើញគេផុស្ត(Post) ក្នុងវីឌីអូខ្លះៗ គេ!!ដាក់ចោទប្រកាន់ថាឈ្មោះអឺ!! លើកខេត្តរតនគិរីហ្នឹងហាស! លួចបន្លំចន្ទីដាក់ខ្សាច់ ដាក់ថ្មអ៊ីចឹងហា!ណាស់ ដាក់ដីហា!ណាស់បង។ បាទ! អ៊ីចឹងបានខេត្តរតនគិរី ចន្ទីឆ្នាំហ្នឹងធ្លាក់ថ្លៃខ្លាំង ឆ្នាំទៅបាន៤៥០០៛- ៥០០០៛ហា!បង ដើមឆ្នាំមិនទាន់ធ្លាក់ថ្លៃដល់ថ្នាក់ហ្នឹងទេ។»

 

មកទល់ពេលក៏ពុំទាន់មានការបញ្ជាក់ច្បាស់នៅឡើយថា នេះជារឿងពិត ឬជារឿងប្រឌិតរបស់ឈ្មួញ ក្នុងគោលបំណងបង្ខូចតម្លៃចន្ទី ឬយ៉ាងណា? យ៉ាងណាមិញ ប្រជាកសិករមួយចំនួនទៀតក៏យល់ថា រឿងនេះក៏ជាកត្តាប្រឈមមួយធ្វើឱ្យតម្លៃចន្ទីនៅរតនគិរីធ្លាក់ចុះ ជាងខេត្តផ្សេងៗដែរ។ ដូច្នេះហើយទើបប្រិយមិត្តរបស់វិទ្យុស្ត្រីបានផ្ញើរវីឌីអូនោះ និងស្នើឱ្យក្រុមការងារព័ត៌មានរបស់វិទ្យុស្ត្រីជួយផ្ទៀងផ្ទាត់ថា តើវីឌីអូនោះជារឿងពិតឬមិនពិត? បន្ទាប់ពីមានការស្នើសុំពីប្រិយមិត្ត ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានរបស់វិទ្យុស្ត្រីបានសុំការបញ្ជាក់ពី លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា និងជាអនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ភ្លាមៗផងដែរ។

 

លោកមានប្រសាសន៍ថាកន្លងមកតាមបទពិសោធន៍របស់លោកៗក៏ធ្លាប់ជួបប្រទះនឹងករណីបែបនេះដែរ មិនមែនតែនៅរតនគិរីទេ ខេត្តផ្សេងៗក៏មាន។ ប៉ុន្តែក្នុងន័យនេះ លោកក៏ពុំបានចោទថាជាប្រជាកសិករជាអ្នកប្រព្រឹត្តិនោះទេ​ អាចជាជនខិលខូចជាអ្នកធ្វើដើម្បីបង្ខូចតម្លៃចន្ទី។ សូមស្តាប់ការលើកឡើងរបស់លោក ស៊ុយ កុកធាន៖ «ទាក់ទងទៅនឹងរឿងអស់ហ្នឹង វា!!មាន កើតមានឡើងក្នុងប្រទេដកម្ពុជាយើង ខ្ញុំមិនមែនថាតាមគេទេ ពេលដែលខ្ញុំទិញគឺខ្ញុំជួបផ្ទាល់ មានទាំងការយកទៅប្រឡាក់ដី មានទាំងការ មួលឱ្យជាប់ដាច់ច្រើន មានទាំងបុកខ្សាច់លាយ មានទាងដាក់ថ្មអង់ដឺក៏មានដែរ។ អាហ្នឹងជាអ្វីដែលយើងជួបមិនមែនតែខេត្តរតនគិរីទេ ខេត្តណាក៏យើងអាចជួបបានដែរ។ ប៉ុន្តែពេលខ្លះ ក៏មិនមែនជាកសិករដែរ ប៉ិន(ប៉ុន្តែ)វាជាគំនិតខិលខូចរបស់ឈ្មួញទុច្ចរិត អាហ្នឹងសង្ឃឹមថា អាជ្ញាធរចាប់វិធានការ ដើម្បីកុំឱ្យខូចមុខមាត់ស្វាយចន្ទី កម្ពុជាទាំងមូលអ៊ីចឹងហា! ណាស៎។»

ជាមួយគ្នានេះ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវីទ្យុស្ត្រីបានព្យាយាមទាក់ទងទៅ កញ្ញា អ៊ឹម រចនា មន្ដ្រីនាំពាក្យនៃក្រសួងកសិកម្ម ដើម្បីសុំការបញ្ជាក់ពីរឿងនេះផងដែរ ប៉ុន្តែកញ្ញាពុំទទួលទូរសព្ទ និងទាក់ទងតាមរយៈតេលេក្រាមកញ្ញាក៏មិនឆ្លើយតប គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ។

 ចំណែកអ្នកនាំពាក្យម្នាក់ទៀតគឺ លោក ឃឹម ហ្វីណង់ ក៏លើកឡើងបញ្ហានេះប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានថា លោកជឿថាកសិករមិនធ្វើទង្វើបែបនេះឡើយ។ លោកបានបន្តថា​ បើសិនជាវាកើតឡើងមែន វាអាចគ្រាន់តែជាការក្លែងបន្លំរបស់ជនខិលខូចមួយចំនួនប៉ុណ្ណោះ។ សូមស្តាប់ការលើកឡើងរបស់លោក ឃឹម ហ្វីណង់៖ «ហើយខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនដែលជាប្រជាកសិករជាទូទៅមិនធ្វើ អឺ! ទង្វើបែបនេះទេ ហើយប្រសិនបើមាន វាអាចគ្រាន់តែជាទង្វើដាច់ដោយឡែករបស់អ្នកដែលខូចកេងបន្លំមួយចំនួនតូចប៉ុណ្ណោះ។»

ចំពោះបញ្ហានេះ លោក ស៊ុយ កុកធាន រំពឹងថាអាជ្ញាធរ នឹងយកចិត្តទុកដាក់ ស្រាវជ្រាវ ចាត់រិធានការ ស្វែងរកជនខិលខូចទាំងនោះ ដើម្បីកុំឱ្យខូចឈ្មោះស្វាយចន្ទីនៅកម្ពុជា។  យ៉ាងណាសាធារណៈជន នៅតែចង់ឱ្យមានការតាមដានឱ្យបានដិតដល់ចំពោះបញ្ហានេះ កុំយោងតាមតែវីឌីអូមួយ និងស្នើឱ្យកម្លាំងអាជ្ញាធរមូលដ្ឋានជួយចុះស្រាវជ្រាវឱ្យបានច្បាស់លាស់ ចៀសវាងកុំឱ្យប្រជាពលរដ្ឋដែលជាប្រជាកសិករផ្សេងទៀត រងគ្រោះដោយសារករណីនេះ៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

Image
Image
Image