en     km
en     km

ការស្រាវជ្រាវ៖ ស្រ្តីមិនហ៊ាននិយាយរឿងនយោបាយលើប្រព័ន្ធផ្សព្វផ្សាយដោយសារខ្លាចការវាយប្រហារ

Share

យោងតាមការសិក្សាស្រាវជ្រាវថ្មីពីវិទ្យាស្ថាន Alan Turing ដែលមានទីស្នាក់ការកណ្តាលនៅចក្រភពអង់គ្លេស បានរកឃើញថា ស្ត្រីភាគច្រើនមានអាកប្បកិរិយាភ័យខ្លាចក្នុងការវិភាគរឿងនយោបាយលើប្រព័ន្ធអនឡាញ ដោយសារតែស្រ្តីទាំងនេះព្រួយបារម្ភថាខ្លួនអាចក្លាយជាគោលដៅរបស់បណ្តាមហាជនដែលគាំទ្រនិន្នាការនយោបាយផ្ទុយពីខ្លួន។ នេះបើយោងតាមគេហទំព័រ Independent ចុះផ្សាយនៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤។

បន្ទាប់ពីស្ទង់មតិលើយុវជននៅចក្រភពអង់គ្លេសចំនួនជាង ២,០០០នាក់ លទ្ធផលបង្ហាញថា ស្រ្តីភាគច្រើនមានភាពភ័យខ្លាចចំពោះការបញ្ចេញមតិជាសាធារណៈអំពីរឿងនយោបាយ ដោយហេតុថាការនិយាយអាចមានកំហុសខុសឆ្គងដោយអចេតនា ការរងនូវការបោកបញ្ឆោតឬញុះញង់ពីជនអគតិឱ្យនិយាយប្រាសចាកពីការពិត និងការវាយប្រហារតាមរូបភាពផ្សេងៗទៀត។   តាមការស្រាវជ្រាវដដែល ក្នុងចំណោមស្ត្រីចំនួន ៤នាក់ យ៉ាងហោចណាស់ស្រ្តីចំនួន ៣នាក់ មិនហ៊ាននិយាយរឿងនយោបាយតាមប្រព័ន្ធអនឡាញ ដោយសារការគំរាមកំហែង និងការយាយីនៅតែបន្តមានសម្រាប់ស្រ្តីភេទ។

បើទោះបីជាបុរសនិងស្រ្តីរងផលប៉ះពាល់នៅតាមប្រព័ន្ធផ្សព្វផ្សាយដូចគ្នាក្តី ក៏ប៉ុន្តែតាមរបាយការណ៍បញ្ជាក់ថា ស្រ្តីងាយនឹងក្លាយជាមុខសញ្ញានៃការបៀតបៀនតាមអ៊ីនធឺណិតជាងបុរស។ ជុំវិញករណីនេះ វេជ្ជបណ្ឌិត Florence Enock សហការីស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Alan Turing និងជាសហប្រធានលើឯកសារស្រាវជ្រាវ និយាយថា ដើម្បីឱ្យស្ត្រីអាចចូលរួមក្នុងនយោបាយពេញលេញបាន ស្រ្តីទាំងអស់ត្រូវមានអារម្មណ៍សុវត្ថិភាពក្នុងការបញ្ចេញមតិទាំងក្នុង និងក្រៅប្រព័ន្ធអ៊ីនធឺណិត៕

ប្រភព៖ Independent ចុះថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤

Share

Image
Image
Image