១) អ្វីទៅជាការធ្លាក់ឈាមក្រោយសម្រាល?
បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉េត រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅនោះគេហៅថាការធ្លាក់ឈាមក្រោយសម្រាល។
ហើយបើការបាត់បង់ឈាមចាប់ពី ១០០០ml នោះគេហៅថាការធ្លាក់ឈាមកម្រិតធ្ងន់ធ្ងរ។
ការធ្លាក់ឈាមក្រោយសម្រាលគេបែងចែកជា ២ប្រភេទ៖
– ការធ្លាក់ឈាមក្រោយសម្រាលភ្លាមៗ៖ រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ឡើងទៅក្នុងកំឡុងពេល ២៤ម៉ោងក្រោយសម្រាល។
– ការធ្លាក់ឈាមក្រោយសម្រាលអូសបន្លាយ៖ រាល់ការបាត់បង់ឈាមដែលមានបរិមាណចាប់ពី ៥០០ml ក្នុងរយៈពេលលើសពី ២៤ម៉ោងរហូត ដល់ ៦សប្តាហ៍។
ចំណាំ៖ ចំពោះស្ត្រីដែលមានភាពស្លេកស្លាំងនៅពេលមានផ្ទៃពោះគ្រប់ខែ ទោះជាការបាត់បង់ឈាមតិចជាង ៥០០ml ក៏អាចប៉ះពាល់ដល់អាយុជីវិតផងដែរ មិនចាំបាច់ដល់តែលើសពី ៥០០ml ទេ។
២) មូលហេតុ៖
មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល រួមមាន៖
– ស្បូនទន់ ឬខ្សោយនៅការកន្រ្តាក់រួមមកវិញក្រោយសម្រាល (Atonie utérine 70%)
– ការដាច់រហែកនៅតំបន់ទ្វារមាស តំបន់មាត់ស្បូន ឬតំបន់ប៉េរីណេ (Déchirure des filières génitales 20%)
– ការនៅសល់សុក ឬកំទេចសុកនៅក្នុងស្បូន (Rétention placentaire ou débris placentaires 10%)
– វិបិត្តកំណកឈាម (Trouble de coagulation ១%)
៣) កត្តាប្រឈម
– កត្តាបណ្តាលមកពីស្បូនរីកធំក្នុងកំឡុងពេលមានផ្ទៃពោះ ដូចជាករណី៖
- កូនថ្លោះ
- កូនភ្លោះ
- ទឹកភ្លោះច្រើន
– ស្ត្រីធ្លាប់សម្រាលកូនច្រើនដង
– ស្រ្តីដែលធាត់ពេកពេលមានផ្ទៃពោះ
– ស្ត្រីដែលធ្លាប់មានប្រវត្តិធ្លាក់ឈាមក្រោយសម្រាល
– ឈឺពោះយូរ
– សម្រាលបុត្រលឿនពេក
– ស្រ្តីដែលមានសុកពាំងមាត់ស្បូន មានដុំឈាមកកនៅពីក្រោយសុក មានដុំសាច់នៅនឹងស្បូន ។
– ស្រ្តីដែលមានភាពស្លេកស្លាំងក្នុងពេលមានផ្ទៃពោះ ។
– កត្តាប្រឈមមកពីការប្រើប្រាស់ថ្នាំមួយចំនួន Inhibiteur calcique, Bêta-mimétique , Anticoagulants…
– កត្តាប្រឈមមកពីវិបត្តិកំណកឈាមពីកំណើត
៤) ផលវិបាកដែលស្ត្រីអាចជួប (Complications)
– វិបត្តិកំណកឈាមដែលធ្វើឲ្យមានការបាត់បង់ជីវិត
– វិបត្តិផ្លូវតម្រងនោម (ខូចតម្រងនោម)
– វិបត្តិគ្មានកូន
៥) ដើម្បីបញ្ចៀសការធ្លាក់ឈាមក្រោយសម្រាល ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ផ្ដល់អនុសាសន៍ថា៖
– ស្រ្តីគួរមកពិនិត្យផ្ទៃពោះអោយបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យដើម្បីអោយគ្រូពេទ្យស្វែងរកនៅកត្តា
ប្រឈមមួយចំនួនដែលស្រ្តីមាននៅកំឡុងពេលមានផ្ទៃពោះ។
– ស្រ្តីគួរញ៉ាំជាតិដែកអោយបានតិចបំផុត ៩០គ្រាប់ ចំពោះស្រ្តីដែលគ្មានភាពស្លេកស្លាំងពីមុន។
– ស្រ្តីមិនត្រូវអោយឡើងទម្ងន់ខ្លួនខ្លាំងពេកទេនៅពេលមានផ្ទៃពោះរហូតដល់ពេលគ្រប់ខែ។
– ស្រ្តីគួរមកពិនិត្យផ្ទៃពោះ និងសម្រាលបុត្រនៅកន្លែងណាដែលមានគ្រប់ជំនាញ និងសម្ភារៈចំពោះស្រ្តីដែលគ្រូពេទ្យរកឃើញថាគាត់មានកត្តាប្រឈមនៅពេលមានផ្ទៃពោះ៕
អត្ថបទដកស្រង់ចេញពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត