en     km
en     km

កម្មកររោងចក្រY&W នៅព្រឹកថ្ងៃនេះបិទផ្លូវតវ៉ាជាថ្មី ជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿននីតិវធីដោះស្រាយប្រាក់ឈ្នួល

Share

ទោះបីក្រសួងការងារជូនដំណឹងភ្លាមៗដល់កម្មករនយោជិតនៅរោងចក្រ Y&W ករណីមានការបំផុសព័ត៌មានរឿងប្រាក់ឈ្នួល ថាក្រសួងនឹងបើកប្រាក់ឈ្នួលដល់កម្មករនៅថ្ងៃទី២០ ខែមីនានេះជារឿងមិនពិត ក៏កម្មករនៅតែចេញតវ៉ាសារជាថ្មី ដើម្បីជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿននីតិវិធីដោះស្រាយ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កម្មកររោងចក្រចក្រ វ៉ាយ&ដាប់បែលយូ ហ្គាមេន (Y&W Garment CO, LTD) នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានបន្ដចេញទៅតវ៉ានៅមុខរោចក្រ ដើម្បីជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយបញ្ហាប្រាក់ឈ្នួលដែលរោងចក្រជំពាក់កម្មករ។

ការចេញតវ៉ាសារជាថ្មីរបស់កម្មករនិយោជិត ដោយសារកាលពីម្សិលមិញមានជនឆ្លៀតឱកាសមួយចំនួនបានបំភ្លៃព័ត៌មានថានៅព្រឹកថ្ងៃនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករ។

តែសម្រាប់ព័ត៌មាននេះ ត្រូវបានក្រសួងការងារបដិសេធភ្លាមៗ និងបញ្ជាក់ថា ជាព័ត៌មានមិនពិត កុំឱ្យកម្មករនិយោជិតជឿលើការផ្សព្វផ្សាយនេះឱ្យសោះ។ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារបានប្រាប់វិទ្យុស្ដ្រីដោយអំពាវនាវដល់អ្នកតាំងខ្លួន ចង់ដោះស្រាយបញ្ហាកម្មករនយោជិត ត្រូវរក្សាសណ្ដាប់ធ្នាប់សង្គម និងគោរពនីតិវិធីច្បាប់ឱ្យបានខ្ជប់ខ្ជួន ជាជាងបំផុសព័ត៌មានមិនពិត។

នីតិវិធីដោះស្រាយបញ្ហាប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍នានារបស់កម្មកររោងចក្រ ​Y&W បានកំពុងដំណើរការ តាមការរឹបអូសព្រទ្យសម្បត្តិរបស់រោចក្រដោយសាលាដំបូងក្រុងភ្នំពេញ ខណៈក្រសួងការងារកំពុងឡៃឡុងទ្រព្យសម្បត្តិទាំងនោះ។

កាលពីពេលកន្លងទៅ ក៏មានបុគ្គលមួយចំនួនបានបំភិតបំភ័យដល់កម្មករនិយោជិតរឿងបាត់បង់អត្ថប្រយោជន៍របបសន្ដិសុខសង្គម (ប.ស.ស) ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍ពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះរបស់កម្មការិនីផងដែរ។ តែក្រសួងការងារបានបញ្ជាក់ថា អត្ថប្រយោជន៍សង្គមទាំងនេះកម្មករនិយោជិតនៅអាចទទួលបានដល់រយៈពេល៣ខែ។

កម្មកររោងចក្រ វ៉ាយ&ដាប់បែលយូ ហ្គាមេន (Y&W Garment CO, LTD) បានកំពុងបន្ដរកការងារថ្មី តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលជ្រើសរើសបុគ្គលិកនៅពីមុខរោងចក្រផ្ទាល់។ លោក ផាន បូរី សហជីពប្រចាំរោងចក្រ​ Y&Wថា កម្មករនិយោជិតជាច្រើនបានទៅទទួលការងារថ្មី និងភាគច្រើនបានការងារធ្វើជាបន្ដបន្ទាប់ដែរ។ តាមសហជីពនេះដដែល លោកនៅតែស្នើសុំឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយសម្រួលរឿងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ដល់កម្មករឱ្យបានឆាប់រហ័ស ព្រោះកម្មករមានមានបន្ទុកត្រូវទទួលខុសត្រូវ៕

Share

Image
Image
Image