en     km
en     km

ទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌UNច្រានចោលការលើកឡើងរបស់អុីស្រាអែលដែលថានឹងបើកច្រក ដើម្បីនាំជំនួយដល់តំបន់ហ្គាហ្សា

Share


នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានប្រាប់សារព័ត៌មាន CNN នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤កន្លងទៅថា គោលនយោបាយរបស់ប្រទេសលោកគឺអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ជាច្រើនចូលទៅក្នុងតំបន់ហ្គាហ្សាតាមការចាំបាច់ និងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ ក៏ប៉ុន្តែទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌បានច្រានចោល និងបដិសេធថា នេះផ្ទុយស្រឡះពីការពិត។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។
ជុំវិញបញ្ហានេះ លោក Netanyahu ព្យាយាមនិយាយដាក់បន្ទុកទៅកាន់ក្រុមហាម៉ាស់ ថាបានលួចសម្ភារៈផ្គត់ផ្គង់សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ហ្គាហ្សា ដែលរដ្ឋាភិបាលរបស់អុីស្រាអែលបានអនុញ្ញាតឱ្យបញ្ជូនចូលទៅជួយសង្រ្គោះ។ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីរូបនេះ ធ្វើឡើងចំពេលមានការរិះគន់កាន់តែខ្លាំងឡើងនៃយុទ្ធសាស្រ្តយោធារបស់អុីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលធ្វើឱ្យពលរដ្ឋប៉ាឡេស្ទីនជាង ៣១,០០០នាក់បានស្លាប់ ក្នុងនោះស្រ្តីនិងកុមារមានចំនួនច្រើនជាង ៧០%។


បើទោះបីជារដ្ឋាភិបាលអ៊ីស្រាអែល អះអាងថា ប្រតិបត្តិការវាយប្រហារនៅក្នុងតំបន់ហ្គាហ្សានេះមិនសំដៅលើជនស៊ីវិលប៉ាឡេស្ទីន តែចង់សំដៅលើក្រុមហាម៉ាស់ប៉ុណ្ណោះ ក៏ប៉ុន្តែជាលទ្ធផលមនុស្សជាច្រើនត្រូវបានសម្លាប់រួមទាំងប្រជាពលរដ្ឋស្លូតត្រង់ ប្រជាពលរដ្ឋមួយចំនួនត្រូវបង្ខំឱ្យជម្លៀសខ្លួនចាកចេញពីស្រុកកំណើត ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ ពិសេសតំបន់ហ្គាហ្សាកំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស។ នេះបើយោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា។
លោក Janti Soeripto ប្រធាន និងជានាយកប្រតិបត្តិរបស់ Save the Children របស់សហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន CNN ផងដែរថា ដំណើរនៃការដឹកជញ្ជូនសង្វាក់ផ្គត់ផ្គង់ជំនួយមនុស្សធម៌ទៅក្នុងតំបន់ហ្គាហ្សា ត្រូវបានរារាំងជានិច្ចជាកាល។ ក្នុងនោះ លោក Martin Griffiths អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ឱ្យដឹងដែរថា រថយន្តដឹកសម្ភារៈជំនួយមនុស្សធម៌ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យបីកន្លែង នៅមុនពេលដែលអាចចូលទៅក្នុងបរិវេណខាងក្នុងតំបន់។


ទោះបីជាមានការអំពាវនាវដល់អុីស្រាអែលឱ្យបើកច្រកឆ្លងកាត់បន្ថែមទៀតដើម្បីចូលទៅក្នុងតំបន់ហ្គាហ្សាក៏ដោយ ដំណើរការនៅតែស្មុគស្មាញ ខណៈច្រកចូលមួយចំនួនរឹតបន្តឹងជាខ្លាំង ចំណែកច្រកខ្លះទៀតមិនបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យោងតាមសារព័ត៌មាន CNN បញ្ជាក់ថា សូម្បីតែនៅពេលដែលជំនួយចូលមកដល់ទីតាំងក៏ដោយ ការទម្លាក់គ្រាប់បែករបស់អុីស្រាអែល ភាពខូចខាតនៃផ្លូវថ្នល់ពីការវាយប្រហារតាមអាកាស ការដាច់ទំនាក់ទំនង និងការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ ក្លាយជាបញ្ហាប្រឈមក្នុងការផ្តល់ជំនួយផងដែរ៕

ប្រភព៖ CNN ចុះថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤

Share

Image
Image
Image