ធនាគារជាតិនៃកម្ពុជា បានចេញយុទ្ធនាការ ស្រលាញ់ប្រាក់រៀល ដោយប្ដូរយកក្រដាសប្រាក់រៀលចាស់ ទក់ និងរហែក ពីសាធារណជនរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ តាមការជូនដំណឹងពីធនាគារជាតិចេញផ្សាយនៅថ្ងៃទី ១៩ ខែមីនានេះ បញ្ជាក់ថា ការប្ដូរក្រដាសប្រាក់រៀល ចាស់ ទក់ និងរហែក គឺមិនគិតកម្រៃសេវានោះទេ និងអាចប្ដូរនៅគ្រប់សាខាធនាគារជាតិ និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរាជធានី ខេត្តទូទាំងប្រទេស ចាប់ពីម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ៣: 00នាទីរសៀល។
យុទ្ធនាការនេះ ជាការរួមចំណែកអបអរសាទរខួបលើកទី៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០- ២០ មីនា ឆ្នាំ២០២៤) និងជាការគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ។
សូមជម្រាបថា ទោះបីជាមិននៅអំឡុងពេលយុទ្ធនាការប្ដូរប្រាក់រៀលក៏ដោយ តែអាជ្ញាធររូបិយវត្ថុជាតិ ធនាគារជាតិនៃកម្ពុជា នៅតែទទួលប្រាក់រៀលចាស់ ទក់ រហែកដោយមិនគិតកម្រៃសេវាដដែល នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ពីំម៉ោង៧:៣០នាទី ដល់ម៉ោង ១១:០០នាទី រៀងរាល់ថ្ងៃធ្វើការ។
នៅកម្ពុជាមានការប្រើប្រាស់ប្រកាសប្រាក់ចម្រុះ មិនមែនតែក្រដាសប្រាក់រៀលដែលជារូបិយបណ្ណជាតិនោះទេ។ ក្នុងនោះតំបន់ភាគលិច ជិតព្រំប្រទេសវៀតណាម មានការចាយវាយលុយដុងដែលជារូបិយបណ្ណវៀតណាម និងតំបន់ភាគខាងកើត ជាប់ព្រំដែនថៃ មានការប្រើប្រាស់លុយបាត ដែលជារូបិយបណ្ណប្រទេសថៃ និងនៅតាមទីក្រុងនានា រួមទាំងរាជធានីភ្នំពេញ មានការប្រើប្រាស់លុយដុល្លា លុយអឺរ៉ូ លុយយ៉ន់ ចម្រុះជាមួយលុយរៀលផងដែរ។
តែយ៉ាងណា តាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិបញ្ជាក់ថា អត្រាប្ដូរប្រាក់រៀលនិងប្រាក់ដុល្លាបន្ដមានស្ថិរភាពក្នុងកម្រិតជាមធ្យម ៤១១០ រៀល ខណៈលុយប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាបានថយថុះគួរឱ្យកត់សម្គាល់ធៀបនិងប្រាក់ដុល្លា។
បែបនេះក្ដីធនាគារជាតិរម្លឹកថា ការចូលរួមចំណែកប្រើប្រាស់ប្រាក់រៀលឱ្យទូលំទូលាយ នឹងផ្ដល់ជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា៕