អង្គការសម្ព័ន្ធភាពកុមារ និង សុខភាពបន្តពូជ រ៉ាឆា (RACHA)បានរៀបចំសិក្ខាសាលាមួយ ស្តីអំពី “កិច្ចប្រជុំផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ” ដើម្បីពង្រឹងការងារគណនេយ្យភាពសង្គមនៅប្រទេសកម្ពុជា។ សិក្ខាសាលានេះបានរៀបចំឡើងនៅបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យជ្រាវ ស្ថិតនៅ ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ដោយមានសិស្សានុសិស្សចូលរួមសុរប ៥១នាក់។
សិក្ខាសាលាស្តីអំពី “កិច្ចប្រជុំផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ” មានគោលបំណងចង់ឲ្យអ្នកចូលរួមយល់ដឹងអំពីសិទ្ធិ សេវាស្តង់ដារ ការបំពេញតួនាទីភារ:កិច្ច ថវិកា និងការបំពេញការងាររបស់សេវារដ្ឋបាលថ្នាក់មូលដ្ឋាននៅតាម សេវារដ្ឋបាលសង្កាត់ សាលាបឋមសិក្សា និងសេវាមណ្ឌលសុខភាព។
លោក ផៃ សុភ័ណ្ឌ មន្រ្តីបង្គោលរបស់អង្គការ រ៉ាឆា(RACHA) រំពឹងថា ក្រោយបញ្ចប់សិក្ខាសាលានេះ កុមារនឹងទទួលបានចំណេះដឹងពីសេវាស្ដង់ដា សិទ្ធិរបស់កុមារ និងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។
នេះជាសម្ដីដើមរបស់លោក ផៃ សុភ័ណ្ឌ “ខ្ញុំសង្ឃឹមថា ប្អូនៗនឹងទទួលបានចំនេះដឹងអំពី សេវាស្តង់ដា សិទ្ធរបស់ប្អូនៗ នៅសេវាទាំងបី មានសេវារដ្ឋបាលសង្កាត់ សាលាបឋមសិក្សា និងសេវាមណ្ឌលសុខភាព ដើម្បីជម្រុញឲ្យការផ្តល់សេវារបស់រាជរដ្ឋាភិបាលជាពិសេស សេវារដ្ឋាបាលថ្នាក់មូលដ្ឋាន កាន់តែមានតម្លាភាព ប្រសិទ្ធភាព និងចូលរួមធ្វើការផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋនៅក្នុង សហគមន៍របស់ប្អូនៗ” ។
គួរបញ្ជាក់ផងដែរថា នេះពុំមែនជាសកម្មភាពលើកទី១ទេ ដែលអង្គការ រ៉ាឆា(RACHA) បានចុះផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលទៅកាន់មូលដ្ឋាន អង្គការរ៉ាឆាបានអនុវត្តន៍សកម្មភាពរយ:ពេល ៣ឆ្នាំមកហើយ៕
អត្ថបទខ្លី សរសេរដោយយុវតី សូរ សែន សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។