សកម្មភាពម្ចាស់ទីតាំងចុះមករុះរើរូបថតដែលកំពុងដាក់តាំងបង្ហាញនៅក្នុងភោជនីយដ្ឋានសួនចំបុីស © អង្គការសមាគមធាងត្នោត
ក្រោយមានការលើកឡើងផ្សេងពីគ្នាជុំវិញការបញ្ឈប់ពិព័រណ័រូបថតរបស់សមាគមនធាតត្នោត អំពីបញ្ហាប្រឈមរបស់ជនក្រីក្រនៅរាជធានីភ្នំពេញ។ ប្រិយមិត្តវិទ្យុស្ត្រីបានចោទជាសំណួរថា តើអាជ្ញាធរពិតជាបានផ្អាកសកម្មភាពពិព័រណ៍រូបថតរបស់សមាគមធាងត្នោត ឬមានមួយក៏មានហេតុផលផ្សេង? លោក គីម ចាន់ចាវ រាយការណ៍
ក្រុមអង្គការសង្គមស៊ីវិលជាង៦០ស្ថាប័ន បានបន្តរិះគន់អាជ្ញាធរសង្កាត់និរោធ និងខណ្ឌច្បារអំពៅ ដែលពួកគេអះអាងថាបានបញ្ឈប់និងរុះរើពិព័រណ៍រូបថតរបស់អង្គការសមាគមធាងត្នោតអំពីបញ្ហាប្រឈមរបស់ជនក្រីក្រនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការនៅតែបន្តរិះគន់នេះ ខណៈដែលអាជ្ញាធរខណ្ឌច្បារអំពៅនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការរុះរើនេះនៅឡើយ។
ក្នុងបទសម្ភាសជាមួយវិទ្យុស្ត្រី លើបញ្ហានេះ លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានណែនាំឱ្យ សមគមធាងត្នោតគួរតែជួបជាមួយអាជ្ញាធរដែនដី ដើម្បីបញ្ជាក់ឱ្យច្បាស់ ថាតើខាងអាជ្ញាធរដែនដីពិតជាបានផ្អាកសកម្មភាពពិព័រណ៍នោះមែនឬទេ? ត្បិតលោកជឿជាក់ថា បើបានជួបពិភាក្សាគ្នាមែន នោះភាគី នឹងអាចស្វែងយល់គ្នាថា មានមូលហេតុអ្វី និងត្រូវធ្វើដូចម្ដេច ដើម្បីធ្វើកិច្ចការងារបែបនេះលើកក្រោយមានការឯកភាពគ្នា។
ក្រោយឃើញការលើកឡើងបែបនេះពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រិយមិត្តវិទ្យុស្ត្រី បានស្នើឱ្យក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រី ធ្វើការផ្ទៀងផ្ទាត់ថាតើខាងអាជ្ញាធរដែនដីពិតជាបានផ្អាកសកម្មភាពពិព័រនោះមែន ឬមួយក៏មានហេតុផលផ្សេង?
ដើម្បីឆ្លើយតបនឹងសំណើរខាងលើ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រី បានទាក់ទង់សុំការផ្ដល់ព័ត៌មានបន្ថែមពី ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុងនៃសមាគមធាងត្នោត លោក ស៊ាង មួយឡៃ។ លោកបានប្រាប់ក្រុមការងារផ្ទៀងផ្ទាត់វិទ្យុស្ត្រីថា ក្រោយករណីពិព័រណ៍នៅថ្ងៃទី២៥ ខែកុម្ភៈ លោក និងមន្ត្រីសមាគមធាងត្នោត បានចូលជួបចរចាជាមួយមន្ត្រីប៉ូលីសៗ អះអាងថា ពួកគេមិនបានហាមឃាត់ម្ចាស់ហាង ឱ្យបញ្ឈប់ការតាំងពិព័រណ៍នេះឡើយ ប៉ុន្តែមន្ត្រីប៉ូលីសអះអាងថា ការបញ្ឈប់ពិព័រណ៍នេះ គឺម្ចាស់ហាងជាអ្នកធ្វើដោយខ្លួនឯង។
ទោះយ៉ាងលោកមួយឡៃបានបង្ហាញភស្ដុតាងមួយដើម្បីបង្ហាញថា អាជ្ញាធរខណ្ឌច្បារអំពៅពិតជាបានហាមឃាត់ពិព័រណ៍រូបថតនោះមែន។ នោះគឹ កិច្ចសន្យាដែលសមត្ថកិច្ចតម្រូវឱ្យអ្នកគ្រប់គ្រងភោជនីយដ្ឋានចំប៉ីដែលជាទីតាំងពិព័រណ៍ ព្រមព្រៀងជាមួយអាជ្ញាធរ។ ខ្លឹមសារនៃកិច្ចសន្យានោះបញ្ជាក់ថា៖
«នៅថ្ងៃទី២៥.០២.២០២៤ វេលាម៉ោង១៥៖០០នាទី កម្លាំងប៉ុស្ដិ៍និរោធបានអញ្ជើញមេការគ្រប់គ្រងភោជនីយដ្ឋានចំប៉ី មកធ្វើកិច្ចសន្យាដករូបភាពពិព័រណ៍ របស់អង្គការសមាគមន៍ធាងត្នោត ដែលរូបខ្លួនបានជួលទីតាំងឱ្យអង្គការនោះ។ ក្រោយមកមេការគ្រប់គ្រងភោជនីយដ្ឋានចំប៉ី បានឯកភាពឱ្យដករូបភាពទាំងអស់ក្នុងទីតាំងភោជនីយដ្ឋាននេះ។ បើសិនជារូបខ្ញុំ មិនបំពេញតាមលក្ខខណ្ឌខាងលើ ឬកិច្ចសន្យារូបខ្ញុំបាទ សូមទទួលខុសត្រូវចំពោះមុខច្បាប់។»
សកម្មភាពប្រជាការពារ (ស្ដាំ) និងម្ចាស់ទីតាំង(ឆ្វេង)ចុះមករុះរើរូបថតដែលកំពុងដាក់តាំងបង្ហាញនៅក្នុងភោជនីយដ្ឋានសួនចំបុីស © អង្គការសមាគមធាងត្នោត
លោក ស៊ាង មួយឡៃ អះអាងថា នៅពេលរុះរើការតាំងពិព័រណ៍នៅថ្ងៃទី២៥ កុម្ភៈនោះ មានកម្លាំងសមត្ថកិច្ចជាច្រើនឈរចាំនៅខាងក្រៅរបងភោជនីយដ្ឋាន។
«ហើយពាក់ព័ន្ធនឹងអ្នកដែលមកយករូបថតហ្នឹង គាត់គឺជាប្រជាការពារដែលពាក់ឯកសណ្ឋានហ្នឹងណា៎។ ហើយអ្នកដែលយួររូបថតហ្នឹងគឺម្ចាស់ហាង ប៉ុន្តែនៅខាងក្រៅនោះគឺសុទ្ធតែជាសមត្ថកិច្ចដែលគាត់ពាក់ស៊ីវិលទាំងអស់។»
ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានបានព្យាយាមសុំការឆ្លើយតបបំភ្លឺពីលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ តាមបណ្ដាញសង្គមតេឡេក្រាម ប៉ុន្តែលោកមិនមានការឆ្លើយតបឡើយ ដោយ(Pin)ឱ្យស្ដាប់ការលើកឡើងរបស់លោកកន្លងមកដែល ណែនាំឱ្យសមគមធាងត្នោតគួរតែជួបជាមួយអាជ្ញាធរដែនដី ដើម្បីចរចាលើកករណីនេះ៕